ព័ត៍មានទាន់​ហេតុការណ៏
Search

Uber ជ្រើស​យក​ទីក្រុង Melbourne សម្រាប់​សម្ពោធ​សេវា​តាក់ស៊ី​លើ​អាកាស​ទី​៣​របស់ខ្លួន

កាលពី​ថ្ងៃ​អង្គារ​ក្រុមហ៊ុន Uber បាន​ជ្រើស​យក​ទីក្រុង Melbourne របស់​ប្រទេស​អូស្ត្រាលី​ជាទី​ក្រុង​ដែល​គ្មាន​ជនជាតិ​អាមេរិក​ដំបូង​គេ​សម្រាប់​ការដាក់​ឱ្យមាន​សេវា​ដឹក​អ្នកដំណើរ​ប្រើ​កម្មវិធី​ទូរ​សព្ទ​តាមផ្លូវ​អាកាស​របស់ខ្លួន​ដែល​រំពឹងថា​នឹងដាក់​សម្ពោធ​ក្នុង​ឆ្នាំ​២០២៣​ស្របពេល​នៃ​ការបង្ហាញ​ដៃគូ​ថ្មី​សម្រាប់​គំនិត​ផ្ដួចផ្ដើម​ថ្មី​ដ៏​មាន​មហិច្ឆតា​នេះ​។​

​ព័ត៌មាន​នេះ​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅក្នុង​កិច្ចប្រជុំ Uber Elevate ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ដែល​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ប្រើ​កម្មវិធី​ទូរ​សព្ទ​យក្ស​មាន​មូលដ្ឋាន​នៅ​រដ្ឋ California មួយ​នេះ​បាន​ផ្ដល់នូវ​ព័ត៌មាន​លម្អិត​ទាំងអស់​ជុំវិញ​ចក្ខុវិស័យ​របស់​ខ្លួន​លើ​ការបង្កើតឱ្យមាន​តាក់ស៊ី​លើ​អាកាស​ដែល​អាច​ដោះស្រាយ​បញ្ហា​ស្ទះចរាចរណ៍​និង​បង្កើន​ការធ្វើដំណើរ​ក្នុង​ក្រុង​ឱ្យបាន​លឿន​។​

​លោកស្រី Susan Anderson អ្នកគ្រប់គ្រង​ក្រុមហ៊ុន Uber ប្រចាំ​តំបន់​ដែល​រួមទាំង​ក្នុងប្រទេស​អូស្ត្រាលី​ផង​បាន​មានប្រសាសន៍ថា “​រដ្ឋាភិបាល​អូស្ត្រាលី​បានអនុម័ត​វិធីសាស្ត្រ​ឆ្ពោះទៅមុខ​សម្រាប់​ការធ្វើដំណើរ​ដែល​ហៅ​តាក់ស៊ី​ដោយ​កម្មវិធី​ទូរ​សព្ទ​និង​បច្ចេកវិទ្យា​ធ្វើដំណើរ​នៅពេល​អនាគត​ផងដែរ​។​”

“​រឿងនេះ​រួមផ្សំ​ជាមួយ​កត្តា​ប្រជាសាស្ត្រ​និង​ភូមិសាស្ត្រ​ដែលមាន​តែមួយគត់​រប​ស់​ទីក្រុង Melbourne ហើយ​និង​វប្បធម៌​ច្នៃប្រឌិត​និង​បច្ចេកវិទ្យា​ផង​នោះបាន​ធ្វើឱ្យ​ទីក្រុង​មួយ​នេះ​មាន​លក្ខណៈ​ស័ក្ដិសម​បំផុត​សម្រាប់​ការសម្ពោធ​សេវា Uber Air លើក​ទី​៣​របស់​យើង​។​យើង​នឹង​មើល​ទីក្រុង​ផ្សេងទៀត​របស់​អូស្ត្រាលី​សម្រាប់​ការសម្ពោធ​លើក​ក្រោយៗ​បន្តទៀត​។​”

​នៅ​សប្ដាហ៍​នេះ​ក្រុមហ៊ុន Uber បានប្រកាសថា​ខ្លួន​នឹង​បញ្ចូល​ដៃគូ​យន្តហោះ​ថ្មីៗ​មួយចំនួន​សម្រាប់​កម្ម​វិធី​មួយ​នេះ​រួមទាំង​ក្រុមហ៊ុន Jaunt Air Mobility ដែល​នឹង​ផលិត​យន្តហោះ​ខ្នាតតូច​សម្រាប់​ដឹក​អ្នកដំណើរ​៕ AFP

ដោយ ៖ តរុណី


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114