ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងជើង​ចាត់វិធានការ​បន្ទាន់​ដើម្បី​ទប់ស្កាត់​ជំងឺ​ផ្ដាសាយ​ជ្រូក

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​កូរ៉េខាងជើង​កំពុង​ចាត់វិធានការ​ជាបន្ទាន់​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​គ្រុនផ្ដាសាយ​ជ្រូក​អាហ្វ្រិក ប៉ុន្មាន​សប្ដាហ៍​បន្ទាប់ពី​មានការ​ប្រកាស​ពី​ការផ្ទុះ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​នៅ​ប្រទេស​ដ៏​ឯកោ​មួយ​នេះ​។​

​វីរុស​ដែល​បណ្តាលឱ្យ​សត្វ​ជ្រូកព្រៃ​និង​ជ្រូកស្រុក​ងាប់ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នេះ​បាន ឆ្លង​រាតត្បាត​ពាសពេញ​ប្រទេស​ចិន វៀតណាម និង​ម៉ុង​ហ្គោ​លី មុនពេល​ឆ្លង​មក​ប្រទេស​កូរ៉េខាងជើង​បែបនេះ​។​

​ក្រសួងកសិកម្ម​របស់​កូរ៉េខាងត្បូង​បានឱ្យដឹងថា​កាលពី​ខែ​មុន​ក្រុង​ព្យុងយ៉ាង​បាន​ប្រាប់​អង្គការ​សុខភាព​សត្វ​ពិភពលោក​ថា​ជ្រូក​៧៧​ក្បាល​ក្នុងចំណោម​៩៩​ក្បាល​បាន​ងាប់​ដោយ​ជំងឺ​នេះ​ក្នុង​កសិដ្ឋាន​មួយ​ក្បែរ​ព្រំប្រទល់​ជាមួយ​ប្រទេស​ចិន​។​

​ក្រុង​សេ​អ៊ូ​ល​បានបង្ហាញ​ការព្រួយបារម្ភ​លើ​ករណី​អាច​ឆ្លង​រាលដាល​នៃ​ជំងឺ​ដ៏​គួរឱ្យខ្លាច​នេះ​នៅតាម​តំបន់​ព្រំប្រទល់​ដែរ​និង​បានស្នើ​ម្តង​ហើយ​ម្តងទៀត​ក្នុងការ​ផ្ដល់ជំនួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដាក់​ជ្រូក​ឱ្យដាច់​ដោយឡែក​ប៉ុន្តែ​ថា​ក្រុង​ព្យុងយ៉ាង​នៅ​មិនទាន់​ឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ​។​

​កាសែត​ផ្លូវការ​RodongSinmun​របស់​កូរ៉េខាងជើង​បានឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ថា​កិច្ច​ខំប្រឹងប្រែង​នៃ​ការដាក់​ជ្រូក​ដោយឡែក​ដើម្បី​កុំឱ្យ​ឆ្លង​ជំងឺ​ទូទាំងប្រទេស​កំពុង​ចាប់​ផ្ដើមធ្វើ​ហើយ​រួមទាំង​ការសម្លាប់​មេរោគ​នៅតាម​កសិដ្ឋាន​នានា​និង​បម្រាម​នៃ​ការ​ចែកចាយ​ផលិតផល​សាច់ជ្រូក​ផង​។​

​ជំងឺ​គ្រុនផ្ដាសាយ​ជ្រូក​អាហ្វ្រិក​បាន​បំផ្លាញ​សង្វាក់​នៃ​ការផ្គត់ផ្គង់​ក្នុងប្រទេស​ចិន​ដែលជា​ប្រទេស​បរិភោគ​សាច់ជ្រូក​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​ដោយ​អាជ្ញាធរ​បានដាក់​បញ្ជា​សម្លាប់​ជ្រូក​រាប់ម៉ឺន​ក្បាល​ចោល​។​ក្រុង​សេ​អ៊ូ​ល​ជឿថា​ក្រុង​ព្យុងយ៉ាង​ចិញ្ចឹម​ជ្រូក​ប្រហែល​២,៦​លាន​ក្បាល​នៅ​ទូទាំង​កសិដ្ឋាន​ទាំង​១៤​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​៕AFP

ដោយ ៖ តរុណី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114