ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ សុក ចាន់​រស្មី ត្រឡប់​មកកាន់​ទីលាន​វិញ​ក្រោយ​ព្យួរ​ស្បែកជើង​១​ឆ្នាំ​

កីឡាករ សុក ចាន់​រស្មី វ័យ​២៦​ឆ្នាំ សមាជិក​ក្នុង​អគ្គីសនី​កម្ពុជា ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) និង​ធ្លាប់ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​អស់​រយៈពេល​ជាង ១០ ឆ្នាំ​មកនេះ ក្នុងនាម​ជា​ខ្សែប្រយុទ្ធ បានប្រកាស​ព្យួរ​ស្បែកជើង​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ​ក្រោយ​រូបគេ​មាន​របួស​គ្រាំគ្រា​ជាច្រើន​ឆ្នាំ​មក​។​

កាលនោះ​មូលហេតុ​ដែល​កីឡាករ​រូបនេះ​សម្រេចចិត្ត​លាឈប់​ទាំង​វ័យក្មេង​បែបនេះ ត្រូវបាន​ម្ចាស់ខ្លួន​អះអាងថា រូបគេ​មាន​របួស​ជង្គង់​ជាង ២ ឆ្នាំ​មកហើយ ខំ​ព្យាបាល​ដែរ​ តែ​មិនបាន​ដូចដើម​សោះ​។ ចំណែក​នៅ​ថ្ងៃ​អង្គារ សប្តាហ៍​នេះ ​ក្លិប​អាស៊ី​អឺរ៉ុប បាន​បញ្ជាក់ថា សុក ចាន់​រស្មី នឹងចូលរួម​ជាមួយ​ក្រុម​ខ្លួន​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្រុម​អគ្គីសនី​កម្ពុជា សម្រាប់​ជើង​ទី​២ នៃ​លី​គ​កំពូល​កម្ពុជា ក៏ដូចជា​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup)​។

​កីឡាករ សុក ច័ន្ទ​រស្មី បាន​ពន្យល់​ក្រោយ​ត្រឡប់​មកកាន់​ទីលាន​វិញ​ថា​៖«​ខ្ញុំ​ចូលរួម​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ដើម្បី​ពង្រឹង​សមត្ថភាព​ឡើងវិញ ហើ​យ​ចង់​ជួយ​ដល់​ក្រុម​បងប្រុស (​លោក សុក វាសនា ជា​បងប្រុស​បង្កើត សុក ចាន់​រស្មី​) ដែលជា​គ្រូ​បង្គោល​នៅ​ទីនោះ​ផង​។ ម្យ៉ាងទៀត ខ្ញុំ​ចង់​លេង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ទើប​ខ្ញុំ​សម្រេចចិត្ត​មកលេង​នៅទីនេះ​»​។​

​បើ​និយាយ​ពី​ស្នាដៃ​វិញ ក្រៅ​ធ្លាប់​ឈ្នះ​ស្បែកជើង​មាស​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០០៨ ជាមួយ​ក្រុម Spark FC សុក ចាន់​រស្មី ធ្លាប់​លើក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ឆ្នាំ ២០១៣ ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ខណៈ​នៅ​ឆ្នាំ ២០១១ និង ២០១២ ឈ្នះ​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោ​ជាមួយ​ក្រុម​នេះ​ដូចគ្នា ហើយ​នៅ​ឆ្នាំ ២០១៦ លើក​ពានរង្វាន់​សម្តេច​តេ​ជោ ជាមួយ​ក្រសួងការពារជាតិ​។​

​សូម​រំលឹកថា ម្ចាស់​ស្បែកជើង​មាស​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ ២០០៨ រូបនេះ បានចាប់ផ្ដើម​អាជីព​ដំបូង​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ខណៈ​កាលពី​រដូវ​កាល ២០១៣ កន្លងទៅ សុក ចាន​រស្មី បាន​ផ្ទេរ​ទៅកាន់​ក្លិប​ត្រាយ​អាស៊ី (​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​) ដែល​កាលនោះ​ល្បី​ថា​ក្នុងតម្លៃ​ខ្លួន​ខ្ទង់ ៣០០០ ដុល្លារ​។ ចូលដល់​ដើមរដូវ​កាល ២០១៦ កន្លងទៅនេះ​រូបគេ​បាន​ចេញទៅ​ចូលរួម​ជាមួយ​ក្រុម​ក្រសួង​ការពារជាតិ មុន​ចេញទៅ​ចូលរួម​ក្រុម​អគ្គីសនី​កម្ពុជា នៅ​ឆ្នាំ​ជាមួយគ្នា​រហូតដល់​ឆ្នាំ​២០១៨​។ រូបគេ​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​ជារឿយៗ​ផងដែរ​។ បើ​និយាយ​ពី​ក្នុង​ជម្រើសជាតិ​វិញ កាលពី​វគ្គ​ជម្រុះ​ព្រឹត្តិការណ៍​កីឡា AFF Suzuki Cup 2014 រូបគេ​រក​គ្រាប់​បាល់​ឱ្យ​កម្ពុជា បាន ៣ គ្រាប់​ម្នាក់ឯង ក្នុង​ជ័យជម្នះ​លើ​ក្រុម​ប្រទេស​ទី​ម័​រ​ខាងកើត ៣​ទល់​២៕

ដោយ ៖ ​ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114