ព័ត៍មានទាន់​ហេតុការណ៏
Search

ដី​អាងទឹក​ទួល​បារាយណ៍​អណ្ដែត ក្រុង​ព្រៃវែង ដែល​ឈ្មួញ​ជីក​យក​អាចម៍ដី​លក់​ ត្រូវ​អាជ្ញាធរ​ផ្អាក​ហើយ​រង់ចាំ​ដោះស្រាយ

ព្រៃវែង​ ៖​ ករណី​ឈ្មួញ​ធ្វើ​សកម្មភាព ប្រើ​គ្រឿងចក្រ​ធុន​ធ្ងន់ ជីក​កកាយ​យក​អាចម៍ដី​ខុសច្បាប់ នៅក្នុង តំបន់​អាង​ស្តុក​ទឹក ទួល​បារាយណ៍​អណ្តែត នៅ​ក្រុង​ព្រៃវែង ត្រូវបាន​អាជ្ញាធរ​ក្រុង​ចុះ​ផ្អាក​ហើយ កាលពី​ថ្ងៃ​១២ ខែមិថុនា ឆ្នាំ​២០១៩ តែ​នៅ​មិនទាន់​ដោះស្រាយ ទៅជា​យ៉ាងណា នៅឡើយ​នោះទេ។

អភិបាលក្រុង​ព្រៃវែង លោក ម៉ន នី​បណ្ឌិត បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ក្រុង បាន​ចុះ​ពិនិត្យនៅ​ទីតាំង​នេះហើយ ហើយ​មន្ត្រី​ជំនាញ​ធនធាន​ទឹក ការបាន​ប្រើ​ម៉ាស៊ីន​ចុច​វាស់វែង លើ​ទីតាំង​រួចហើយ​ដែរ និង​កំពុង​ផ្ទៀងផ្ទាត់​ជាមួយ ប្លង់​អាង​ស្តុក​ទឹក ថា​តើ​ការ​ជីក​ដី​មាន​រំលោភ​ចូល ឬមួយ​យ៉ាងណា​។ លោក​បាន​បន្តថា ការចុះ​នាពេលនេះ ក៏​មិនមែន​ពិនិត្យ​តែ​រណ្តៅ​ដី របស់ លោក​អ៊ឹង ម៉េង​ហ៊ាង ហៅ​(​ឆ លី​ហៀ​ង​)​ប៉ុណ្ណោះ​ទេ តែ​រណ្ដៅ​២​កន្លែង​ផ្សេងទៀត ដែល​នៅ​ជិតគ្នា​នេះ ក៏​ចុះ​ពិនិត្យ ដែរ ព្រោះ​កំពុង​ធ្វើ​សកម្មភាព​ដូចគ្នា​។ ​​បើ​រកឃើញថា ទីតាំង​ណាមួយ​បាន​ជីក​រំលោភ​ចូល​ដី​អាង​នោះ លោក នឹង​បញ្ជា​ឲ្យ​បញ្ឈប់​សកម្មភាព​ភ្លាម និង​មាន​វិធានការ​ផ្លូវច្បាប់​។ ជាក់ស្តែង​ទីតាំង​ទាំង​៣​ខាងលើ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ផ្អាក​ហើយ​។​

លោក​បញ្ជាក់ដែរថា ដី​អាងទឹក​ទួល​បារាយណ៍​អណ្តែត​នេះ មាន​ទំហំ​សរុប​១៧៥​ហិកតា ហើយ​ជាទូទៅ​នៅ រដូវប្រាំង​អាងទឹក​នេះ មានការ​គោក​រាក់ ប្រជាពលរដ្ឋ​បាន​នាំគ្នា​អាស្រ័យ​ផល ដោយ​ធ្វើស្រែ​ប្រាំង នៅ​លើ​ដី​ជុំវិញ នោះ​។ រីឯ​នៅ​រដូវវស្សា អាងទឹក​នេះ គឺជា​ជង្រុក​មច្ឆា​ជាតិ​ដ៏​សំខាន់ សម្រាប់​ឲ្យ​ពលរដ្ឋ​នេសាទ ចិញ្ចឹមជីវិត​ជា​លក្ខណៈ​គ្រួសារ​។​

លោក ជុំ សុ​ភី ប្រធាន​មន្ទីរ​ធនធានទឹក ខេត្តព្រៃវែង បានអោយដឹងថា តាមរយៈ​ការចុះវាស់វែង និង​ផ្ទៀង ផ្ទាត់​ជាមួយ​ប្លង់​មេ​នៃ​ដី​អាងទឹក បាន​បញ្ជាក់ថា ទីតាំង​រណ្តៅ​ដី​ទាំង​៣​កន្លែង ដែល​ឈ្មួញ​កំពុង​ជីក​នេះ គឺ​ពិតជា​បាន រំលោភ​ចូល​ដី​អាងទឹក​ទាំងអស់​មែន ហើយ​ពេលនេះ លោក​កំពុង​ធ្វើ របាយការណ៍ ដាក់ជូន​ឯកឧត្តម​អភិបាលខេត្ត ដើម្បី​ពិនិត្យ និង​ចាត់វិធានការ​ផ្លូវច្បាប់​។​

លោក ជា កក្ត​ដា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ធ្លាប់បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា សកម្មភាព​ខាង លើ​នេះ គឺ​ពុំមាន​ច្បាប់​អនុញ្ញាតទេ ហើយ​រណ្តៅ​ដី​ក៏​ជ្រៅ​លើស​ពី​ច្បាប់​កំណត់​ដែរ ដូច្នេះ លោក​នឹង​ចាត់វិធានការ តាមផ្លូវ​ច្បាប់​ដូចគ្នា ប៉ុន្តែ​ចាំ​មន្ទីរ​ធនធាន​ទឹក និង​អាជ្ញាធរ សិក្សា​ប្លង់​ចប់​សិន​។ លោក​បញ្ជាក់ថា ទីតាំង​រណ្តៅ​ដី ៣​កន្លែង​ខាងលើ ទី​១​ជា​របស់​ឈ្មោះ អ៊ឹង ម៉េង​ហ៊ាង ហៅ ឆ លី​ហៀ​ង​, ទី​២​ជា​របស់​ឈ្មោះ យឹម ភា​ង ជា​សមាជិក ក្រុម​ព្រឹក្សា​ខេត្តព្រៃវែង និង​ទី​៣​ជា​របស់ ឈ្មោះ រ​ទ្ធី ប៉ុន្តែ​ពេលនេះ បាន​ផ្អាក​សកម្មភាព​អស់ហើយ​។​

​ទាក់ទង​បញ្ហា​នេះ លោក អ៊ឹង ម៉េង​ហ៊ាង ហៅ (​ឆ លី​ហៀ​ង​)​ បាន​ប្រាប់​ឲ្យ​(​កម្ពុ​ជាថ្មី​)​នឹង​មន្ត្រី​ជំនាញ​ថា ដី​ដែល​គាត់​កំពុង​ជីក​នោះ គឺ​គាត់ បាន​ទិញ​ពី​ប្រជាពលរដ្ឋ ចំនួន​៣​នាក់ ដោយមាន​អាជ្ញាធរ​ភូមិ​ឃុំ​ស៊ីញ៉េ​ដឹងឮ ប៉ុន្តែ​លោក​ទទួលស្គាល់ថា ដី​នេះ​គឺជា​ដី របស់​រដ្ឋ ដែល​ពលរដ្ឋ​សុំ​អាស្រ័យ​ផល ហើយ​រដ្ឋអំណាច​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ទេ ហើយ​លោក​ទិញ​ដី​នេះ ក៏​មិន​យក​ជា កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដែរ គឺ​លោក​ជីក​យក​តែ​អាចម៍​ដី​ប៉ុណ្ណោះ​។​

​ចំណែក​ប្រជាពលរដ្ឋ អះអាងថា ដី​ដែល​គាត់​លក់​ឲ្យ (​ឆ លី​ហៀ​ង​) គឺ​ដី​ដែល​នៅ​ចំណុច​រណ្តៅ​ទី​១ ចំណែក​រណ្តៅ​ទី​២ ដែល​គេ​កំពុង​ជីក​នោះ គឺជា​ដី​អាងទឹក​របស់​រដ្ឋ​សុទ្ធសាធ និង​គ្មាន​អ្នកណា​លក់​ឲ្យ​ទេ គឺ​លោក (​ឆ លី​ហៀ​ង​) ជីក​ពង្រីក​យក​ដោយ​ខ្លួនឯង​។ ពលរដ្ឋ​ថា មិនតែប៉ុណ្ណោះ គេ​ថែមទាំង​ជីក ប៉ះពាល់​ដល់​ដីស្រែប្រាំង របស់​ពលរដ្ឋ​ទៀតផង និង​បាន​ប្តឹងផ្តល់​គ្នា តែ​ក្រោយមក​លោក អ៊ឹង ម៉េង​ហ៊ាង បានចេញ​មុខ ដោះស្រាយ​សង បញ្ចប់រឿង​ហើយ​ស្ងាត់ៗ​លោក​ក៏​ចេះតែ​ជីក​ពង្រីក​យក​ថែម​។​តែ​ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​ និង​អ្នក​សារ​ព័ត៌មាន​នៅ​រង់ចាំ​មើល​ចំណាត់ការ​របស់លោក​អភិបាលខេត្ត​នឹង​មន្ត្រី​ជំនា​ញ​ខេត្តព្រៃវែង​បន្តរ​ទៀត​៕

ដោយ ៖ វិចិត្រ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114