ព័ត៍មានទាន់​ហេតុការណ៏
Search

បេក្ខជន​នាយករដ្ឋមន្ត្រី​អង់គ្លេស ​ប្រឈមមុខ​នឹង​ការ​ជម្រុះ​លើកដំបូង

បេក្ខជន​ទាំង​១០​រូប​ដែល​កំពុង​ប្រជែង​គ្នា​ដើម្បី​ជំនួស​តំណែង​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Theresa May ត្រូវ​ប្រឈមមុខ​នឹង​ការបោះឆ្នោត​ជុំទីមួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខណៈដែល​បេក្ខជន​យ៉ាងតិច​ម្នាក់​នឹងត្រូវ​ជម្រុះ​ចេញ​។​

​សមាជិកសភា​គណបក្ស​អភិរក្ស​បានរៀបចំ​ការបោះឆ្នោត​សម្ងាត់​ជា​លើកដំបូង​របស់​ពួកគេ​នៅក្នុង​ការប្រកួតប្រជែង​សម្រាប់​តំណែង​ភាពជា​អ្នកដឹកនាំ​របស់​គណបក្ស​ស្រប​ពេលដែល​ពួកគេ​ចាប់ផ្តើម​ជម្រុះ​បេក្ខជន​។​

​សមាជិកសភា​ទាំង​៣១៣​រូប​អាច​បោះឆ្នោត​បាន​ហើយ​បេក្ខជន​ណា​ដែល​មិន​ទទួលបាន​ការគាំទ្រ​ពី​សហសេវិក​ចំនួន​១៦​នាក់​ទេនោះ​នឹងត្រូវ​ជម្រុះ​ចោល​។ ប្រសិនបើ​ពួកគេ​ទាំងអស់​ទទួលបាន​ការ​គាំទ្រ​ច្រើនជាង​នេះ អ្នក​ដែលមាន​សន្លឹកឆ្នោត​ទាប​បំផុត​នឹងត្រូវ​ទម្លាក់​ចេញ​។​

​ក្រុម​អ្នក​ភ្នាល់​បានចង្អុលបង្ហាញ​ថា អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក Boris Johnson គឺជា​បេក្ខជន​ដែល​សង្ឃឹម​ឈ្នះ​ដើម្បី​ជំនួស​តំណែង​លោកស្រី May​។​

​អតីត​អភិបាលក្រុង​ឡុង​ដ៍​រូបនេះ​បាន​បំបែក​ភាពស្ងប់ស្ងាត់​របស់លោក​ដើម្បី​ចាប់ផ្តើម​យុទ្ធនាការ​កាលពី​ថ្ងៃ​ពុធ​ដោយ​និយាយថា លោក​នឹង​នាំ​ចក្រភព​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ជា “​ដំណោះស្រាយ​ចុងក្រោយ​” ហើយ​លោក​បាន​សន្យា​បង្រួបបង្រួម​ប្រទេស​ដែល​បែងចែក​យ៉ាង​ជ្រាលជ្រៅ​ដោយសារតែ​បញ្ហា Brexit មួយ​នេះ​។​

​ចំណែក​រដ្ឋមន្ត្រីក្រសួង​ការបរទេស​បច្ចុប្បន្ន​លោក Jeremy Hunt និង​អតីត​មេដឹកនាំ​សភា​លោកស្រី Andrea Leadsom ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នកប្រកួតប្រជែង​ប្រកៀក​ប្រកិត​បំផុត​របស់លោក Johnson​។​

​ទន្ទឹម​នោះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក Matt Hancock, អតីតរដ្ឋមន្ត្រី​ក្រសួង​សោធន​និវត្តន៍​លោកស្រី Esther McVey និង​អតីតរដ្ឋមន្ត្រី​ក្រសួងអន្តោប្រវេសន៍​លោក Mark Harper ត្រូវបាន​គេ​ចាត់ទុកថា​ជា​បេក្ខជន​ប្រឈម​នឹង​ការ​ជម្រុះ​ចោល​ខ្លាំងជាងគេ​បំផុត​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114