ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុង​ហុងកុង​ រង​សម្ពាធ​កាន់តែខ្លាំង​ជុំវិញ​សេចក្តីព្រាងច្បាប់​បត្យាប័ន

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទីក្រុង​ហុងកុង​ត្រូវ​ប្រឈមមុខ​នឹង​សម្ពាធ​កាន់តែខ្លាំង​ពី​អន្តរជាតិ​ជុំវិញ​សេចក្តីព្រាងច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស​មួយ​ដែល​បាន​ជំរុញ​ឲ្យ​មាន​បាតុកម្មហិង្សា​តាម​ដងផ្លូវ​។​

​ប៉ូលិស​បាន​ប្រើ​គ្រាប់កាំភ្លើង​ជ័រ​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែកហ្វូង​មនុស្ស​កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពី​បាតុករ​បាន​បិទផ្លូវ​និង​បណ្តាល​ឲ្យ​ទីក្រុង​នេះ​ត្រូវ​ជាប់គាំង​។ ពួកគេ​មានការ​ខឹងសម្បា​ចំពោះ​ច្បាប់​នេះ​ដែល​ពួកគេ​និយាយថា​នឹង​ទុក​ឲ្យ​ប្រជាជន​ត្រូវ​រងគ្រោះ​នៅក្រោម​ប្រព័ន្ធយុត្តិធម៌​នយោបាយ​របស់​ប្រទេស​ចិន ។​

​សហភាព​អឺរ៉ុប​បាន​ក្លាយជា​ក្រុម​ចុងក្រោយ​គេ​បំផុត​ដែល​បាន​រិះគន់​ចំពោះ​សេចក្តីព្រាងច្បាប់​នេះ​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា សហភាព​អឺរ៉ុប​សូម​ចែករំលែក​នូវ​ការព្រួយបារម្ភ​ជាច្រើន​ដែល​លើកឡើង​ដោយ​ប្រជាពលរដ្ឋ​ហុងកុង​ទាក់ទង​នឹង​កំណែទម្រង់​បត្យាប័ន​ដែល​ស្នើឡើង​ដោយ​រដ្ឋាភិបាល​ហើយ​សូម​អំពាវនាវ​ឲ្យ​មានការ​គោរព​សិទ្ធិ​អ្នកក្រុង​ហុងកុង​។​

​ប្លុក​សេដ្ឋកិច្ច​មួយ​នេះ​បាន​និយាយថា ច្បាប់​ដែល​ស្នើឡើង​នេះ​គឺមាន​ផលវិបាក​យ៉ាង​ធំធេង​ចំពោះ​ទីក្រុង​ហុងកុង​និង​ប្រជាជន​របស់ខ្លួន​ព្រមទាំង​ចំពោះ​សហគមន៍​អឺរ៉ុប​និង​ជនបរទេស​ក៏ដូចជា​ទំនុកចិត្ត​អាជីវកម្ម​នៅ​ទីក្រុង​ហុងកុង​ផងដែរ​។​

​ចំណែក​លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ថា លោក​អាចយ​ល់ពី​មូលហេតុ​នៃ​ការធ្វើ​បាតុកម្ម​នេះហើយ​បាន​និយាយថា លោក​សង្ឃឹមថា វា​នឹងមាន​ភាពល្អប្រសើរ​ចំពោះ​ប្រទេស​ចិន​និង​ទីក្រុង​ហុងកុង​។​

​ក្រុមបាតុករ​បាន​ឡោមព័ទ្ធ​សភា​របស់​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃ​ពុធ​ដើម្បី​បង្ខំ​ឲ្យ​មានការ​ពន្យារពេល​នៃ​ការពិនិត្យ​ច្បាប់​នេះ​។ ប៉ុន្តែ​មេដឹកនាំ​ហុងកុង​ដែល​គាំទ្រ​ទីក្រុង​ប៉េកាំង​លោកស្រី Carrie Lam មិនបាន​បង្ហាញ​សញ្ញា​នៃ​ការដកថយ​ទេ​។​

​អំពើហិង្សា​កាលពី​ថ្ងៃ​ពុធ​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៧៩​នាក់​រងរបួស​ដោយមាន​ពីរ​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ វា​ជា​ភាពចលាចល​នយោបាយ​ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​ទីក្រុង​ហុងកុង​ត្រូវបាន​ប្រគល់​ឲ្យ​ប្រទេស​ចិន​វិញ​ក្នុង​ឆ្នាំ​១៩៩៧៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114