ព័ត៍មានទាន់​ហេតុការណ៏
Search

យាយ​តា​ចាស់ជរា​ពីរ​ប្ដី​ប្រពន្ធ​ បាន​ទទួល​អំណោយ​ពី​កាកបាទក្រហម​ក្រហម​កម្ពុជា​ខេត្ត​ស្វាយរៀង

ស្វាយរៀង​ ៖​ លោកយាយ សឹង យ៉ា អាយុ ៨៣ ឆ្នាំ និង​លោកតា កឹម ញឹ​ល អាយុ ៨៣ ដូចគ្នា ត្រូវជា​ប្តី​រស់នៅ​ភូមិ រាម​ជោ ឃុំ ស្វាយ​តា​យាន ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង មានកូន ៤ នាក់ ក្នុងនោះ​ស្រី​ម្នាក់ ហើយ​កូនប្រុស​របស់​គាត់ ដែល​ដេក​ឈឺ​នៅ​នឹង​កន្ទេល​នោះ​មានឈ្មោះ កឹម ព្រុ​ន អាយុ​ជាង ៥០ ឆ្នាំ មាន​ជំងឺ​លើសឈាម​ស្លាប់​មួយ​ចំហៀង​ខ្លួន អស់​រយៈពេល​ជាង ៣ ឆ្នាំ​មកហើយ មាន​ប្រពន្ធ និង​កូន ៦ នាក់។ តែ​ចាប់តាំង​ពី​កូនប្រុស​របស់គាត់​ធ្លាក់ខ្លួន​ឈឺ​មក បានមក​រស់នៅ​ជាមួយ​គាត់ ឯ​ ប្រពន្ធ និង​កូនៗ បាន​អញ្ជើញ​ឲ្យ​ត្រឡប់​​​ទៅ​រស់នៅ​ជាមួយ​ក្រុមគ្រួសារ​វិញ ដើម្បី​ងាយស្រួល​មើលថែ​ជំងឺ ប៉ុន្តែ​គាត់​មិន​ព្រមទៅ បាន​ប្រពន្ធ និង​កូនៗ​យក​អាហារ​មក​ឲ្យ​ជាប្រចាំ ដែល​គ្រួសារ​របស់គាត់​មាន​ជីវភាព​សមរម្យ​ដែរ។

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ពី​អាជ្ញាធរ​ភូមិ ឃុំ នៅ​ថ្ងៃ​ពុធ ១០​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ​លោក​ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ស្វាយរៀង បាន​ចាត់​ឲ្យ​ក្រុមការងារ​សាខា​ដឹកនាំ​ដោយ​លោក សរ វណ្ណា នាយក​សាខា នាំយក​អំណោយ​មនុស្សធម៌ ចុះសួរសុខទុក្ខ ដល់​ក្រុមគ្រួសារ​របស់​ពួកគាត់។

មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ លោក សរ វណ្ណា បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ក៏ដូចជា​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់​វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ។

លោកនាយក​សាខា​បាន​បន្តទៀតថា ថ្វីត្បិតតែ​អំណោយ​ដែល​បាន​នាំ​យក​មក​ជូន​នា​ពេល​នេះ មាន​ចំនួន​តិចតួច​ក្ដី តែ​ក៏​អាច​ជួយ​សម្រាល​ទុក្ខ​លំបាក​បាន​មួយ​កម្រិត ហើយក៏​ជា​ការ​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​ពី​សំណាក់​ថ្នាក់ដឹកនាំ ពិសេស​គឺ​កាកបាទក្រហមកម្ពុជា ដូចដែល​បាន​លើកឡើងថា “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា -​មិន​ទុក​នរណាម្នាក់​ចោល​” ។

លោកនាយក​សាខា​ក៏បាន​លើកទឹកចិត្ត និង​សំណូមពរ​ដល់​ក្រុមគ្រួសារ សូមកុំ​អស់សង្ឃឹម ត្រូវ​ចេះ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ លេបថ្នាំ​តាម​វេជ្ជបញ្ជា​ឆាប់​បានជា​សះស្បើយ ដើម្បី​ប្រកបរបរ​ចិញ្ចឹមជីវិត​បន្តទៀត។

អំណោយ​ដែល​បានផ្តល់​ជូន​ទាំងពីរ​គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​.​ក្រ មី ១ កេស កន្ទេល​បត់ ១ ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រ​ម៉ា ១ សារុង ១ ថវិកា ៥០,០០០ រៀល​ផងដែរ៕

ដោយ ៖ គឹម​សេង



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114