ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump និយាយថា លោក​នឹង​ទទួលយក​ព័ត៌មាន​ទាក់ទង​គូប្រជែង​នយោបាយ​ពី​រដ្ឋាភិបាល​បរទេស

លោក​ប្រធានាធិបតី Donald Trump បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​យល់ព្រម​ទទួលយក​ព័ត៌មាន​ពី​ប្រទេសក្រៅ​ទាក់ទង​នឹង​គូប្រជែង​របស់លោក​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២០​។​

​នៅពេល​ត្រូវបាន​សាកសួរ​ដោយសារ​ព័ត៌មាន ABC ថា​តើ​លោក​នឹងធ្វើ​យ៉ាងណា​ប្រសិនបើ​ប្រទេសមួយ​ដូចជា​រុស្ស៊ី​ឬ​ចិន​បានផ្តល់​ព័ត៌មាន​បែបនេះ​មក​ឲ្យ​លោក​នោះ​, លោក Trump បាន​និយាយថា “​ខ្ញុំ​គិតថា​អ្នក​ប្រហែលជា​ចង់​ស្តាប់ មិនមាន​អ្វី​ខុស​ទេ​បើ​គ្រាន់តែ​ស្តាប់​នោះ​”​។​

​ស្របពេល​ជាមួយគ្នា​នោះដែរ លោក​បាន​បដិសេធ​ចំពោះ​ការលើកឡើង​ដែលថា ការធ្វើ​បែបនេះ​អាច​បង្ក​ទៅជា​ការជ្រៀតជ្រែក​ពី​បរទេស​នៅក្នុង​ការបោះឆ្នោត​អាមេរិក​។ លោក Trump និយាយថា “​វា​មិនមែនជា​ការជ្រៀតជ្រែក​ទេ ពួកគេ​មាន​ព័ត៌មាន ខ្ញុំ​គិតថា​ខ្ញុំ​នឹង​ទទួលយក​វា​”​។​

​ទំនាក់ទំនង​របស់​ក្រុម​លោក Trump ជាមួយ​ប្រទេស​រុស្ស៊ី​អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​បាន​នាំ​ឲ្យ​មានការ​ស៊ើបអង្កេត​រប​ស់ FBI ចូលទៅក្នុង​ទំនាក់ទំនង​បែបនេះហើយ​បង្កើត​ឲ្យ​មានការ​ស៊ើបអង្កេត​រប​ស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller ចូលទៅក្នុង​លទ្ធភាព​នៃ​ការឃុបឃិត​និង​ការរាំងស្ទះ​យុត្តិធម៌​ព្រមទាំង​បញ្ហា​ផ្សេងៗ​ទៀតផង​ដែរ​។​

​បញ្ហា​រុស្ស៊ី​បាន​ចោទ​ជា​បញ្ហា​ប្រឈម​ដល់​តំណែង​ជា​ប្រធានាធិបតី​របស់លោក Trump អស់​រយៈពេល​ពីរ​ឆ្នាំ​មកហើយ ហើយ​ការកត់សម្គាល់​ថ្មី​របស់គាត់​នេះ​បាន​បង្ហាញថា គាត់​នៅតែ​យល់ឃើញថា​គ្មានអ្វី​ខុស​ទេ​ចំពោះ​បេក្ខជន​នយោបាយ​អាមេរិក​មួយរូប​ក្នុង​ទទួលយក​ជំនួយ​ពី​មហាអំណាច​បរទេស​។​

​ទោះបីជា​យ៉ាងណាក៏ដោយ បេក្ខជន​ប្រជែង​តំណែង​ប្រធានាធិបតី​ឈានមុខ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden បាន​និយាយថា ការកត់សម្គាល់​ចុងក្រោយ​បំផុត​នេះ​បាន​បញ្ជាក់ថា លោក Trump “​ស្វាគមន៍​” ការជ្រៀតជ្រែក​ពី​បរទេស​នៅក្នុង​ការបោះឆ្នោត​អាមេរិក​។​

​លោក Biden បាន​បង្ហោះ Twitter ថា “​វា​មិនមែន​និយាយ​អំពី​នយោបាយ​ទេ​។ វា​គឺជា​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់​យើង​។ ប្រធានាធិបតី​អាមេរិក​មួយរូប​មិនគួរ​ស្វែងរក​ជំនួយ​និង​ជួយ​ដល់​អ្នក​ដែល​ព្យាយាម​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ឡើយ​”​។​

​គួរ​បញ្ជាក់ថា ការលើកឡើង​របស់លោក​ប្រធានាធិបតី​គឺ​បានកើត​ឡើង​ចំ​ថ្ងៃ​តែមួយ​ដែល​កូនប្រុស​របស់គាត់​គឺ​លោក Donald Jr ត្រូវបាន​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ឈ្លេចសួរ​អំពី​ទំនាក់ទំនង​របស់គាត់​ជាមួយ​រុស្ស៊ី​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114