ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋសភា​កំណត់​យក​ថ្ងៃទី ១៧ ខែមិថុនា​ខាងមុខ ដើម្បី​បន្ត​សម័យប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦

ភ្នំពេញ ​៖​ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុម័ត​កំណត់​យក​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ​២០១៩​ខាងមុខ ដើម្បី​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦​។​

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​នេះ​ថា សម្រាប់​សម័យប្រជុំ​លើក​ទី​២ នីតិកាល​ទី​៦​នេះ មាន​របៀបវារៈ​ចំនួន​៦ ដែល​ក្នុងនោះ របៀបវារៈ​ទី​១-​ការសម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់ ឯកឧត្តម សុខ ផេង ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​។ ទី​២ – ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​។ ទី​៣-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក នៃ​វិនិយោគ​។ ៤ – ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អារ៉ាប់​អេ​មី​រ៉េត ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក នៃ​វិនិយោគ​។ ៥ – ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ទួរគី ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក នៃ​វិនិយោគ និង​ទី​៦- ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឬ​ស្សី និង​ផ្តៅ​។

នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹក​មិញ​នេះដែរ អង្គប្រជុំ​ក៏បាន​ប្រគល់​សេចក្តីព្រាងច្បាប់​ចំនួន​ពីរ​បន្ថែមទៀត​គឺ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង ស្តីពី​វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ ដើម្បី​បង្ការ​ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត ឲ្យ​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា​ពិនិត្យ​សិក្សា សហការ​ជាមួយ​គណៈកម្មការ​កិច្ចការ បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា​។ ចំណែក​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៩-២០២៣ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន ប្រគល់​ឲ្យ​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​៕

ដោយ ៖ សុង យោ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114