ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​ឥណ្ឌា ​បើក​ការ​វាយឆ្មក់​ប្រឆាំង​អ្នកគាំទ្រ​ក្រុម IS

ប៉ូលិស​បាន​និយាយថា ក្រុមមន្ត្រី​ប្រឆាំង​ភេរវកម្ម​ឥណ្ឌា​ បាន​បើក​ការ​វាយឆ្មក់​ប្រឆាំង​អ្នកគាំទ្រ​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ទីតាំង​ចំនួន​ប្រាំពីរ​កន្លែង​នៅ​ភាគខាងត្បូង​ប្រទេស​នេះ​ កាលពី​ថ្ងៃ​ពុធ​និង​បាន​ចោទសួរ​មនុស្ស​ជាច្រើន​នាក់​ដែល​គេ​សង្ស័យថា​ជា​អ្នកគាំទ្រ​អង្គការ​ជី​ហាដ​និយម​។​

​ការឆែកឆេរ​នៅក្នុង​ទីក្រុង Coimbatore នៃ​រដ្ឋ Tamil Nadu បាន​កើតឡើង​បន្ទាប់ពី​ការចាប់ខ្លួន​ជនជាតិ​ឥណ្ឌា​ម្នាក់​កាលពី​ខែមេសា​ដែល​ត្រូវបាន​គេ​ចោទប្រកាន់ថា​ជា​អ្នកគាំទ្រ​លោក Zahran Hashim ដែលជា​មេក្លោង​នៃ​ការវាយប្រហារ​ថ្ងៃទី​២១​ខែមេសា​ក្នុងប្រទេស​ស្រីលង្កា​ដែល​បានសម្លាប់​មនុស្ស​ចំនួន​២៥៣​នាក់​។​

​ភ្នាក់ងារ​ស៊ើបអង្កេត​ជាតិ​របស់​ប្រទេស​ឥណ្ឌា (NIA) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ជនជាប់ចោទ​ដ៏​សំខាន់​” នៅក្នុង​រឿងក្តី Coimbatore ឈ្មោះ Mohammed Azarudeen អាយុ​៣២​ឆ្នាំ​គឺជា​មិត្ត​ក្នុង Facebook របស់លោក Hashim​។​

​ភ្នាក់ងារ​នេះ​បានដាក់​ឈ្មោះ​មនុស្ស​ចំនួន​ប្រាំ​នាក់​ផ្សេងទៀត​នៅក្រៅ​ទីក្រុង Coimbatore ដែល​ក៏​ត្រូវបាន​គេ​ចោទប្រកាន់​ផងដែរ​ថា​កំពុង​ផ្សព្វផ្សាយ​មនោគមវិជ្ជារ​បស់​អង្គការ​ភេរវកម្ម ISIS លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាមួយ​ចេតនា​ជ្រើសរើស​យុវជន​ងាយ​រងគ្រោះ​សម្រាប់​ការវាយប្រហារ​ភេរវកម្ម​នៅ​ប្រទេស​ឥណ្ឌា​ភាគខាងត្បូង​ជាពិសេស​នៅ​រដ្ឋ Kerala និង​រដ្ឋ Tamil Nadu ។​

​ប្រទេស​ឥណ្ឌា​មានការ​ព្រួយបារម្ភ​អំពី​ពួក​ជ្រុលនិយម​ឥស្លាម​នៅលើ​ទឹកដី​របស់ខ្លួន​ហើយ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុងប្រទេស​ស្រីលង្កា​បាន​ជំរុញ​ឲ្យ​អាជ្ញា​ធរមាន​ភាពភ័យខ្លាច​ថា ប្រទេស​កាន់សាសនា​ហិណ្ឌូ​ភាគច្រើន​មួយ​នេះ​អាច​ប្រឈម​នឹង​ការវាយប្រហារ​ដោយ​ពួក​ជី​ហាដ​និយម​។​

​លោក Hashim គឺជា​គ្រូ​គង្វាល​មូស្លីម​សញ្ជាតិ​ស្រីលង្កា​ដែល​បាន​ដឹកនាំ​ការវាយប្រហារ​អត្តឃាត​បណ្តាក់​គ្នា​អំឡុង​ពិធីបុណ្យ Easter Sunday លើ​ព្រះវិហារ​និង​សណ្ឋាគារ​នៅក្នុង​ប្រទេស​ស្រីលង្កា​ដែល​នោះ​ជា​ឧប្បត្តិហេតុ​ភេរវកម្ម​សម្លាប់​មនុស្ស​ច្រើន​បំផុត​មួយ​នៅលើ​ពិភពលោក​។​

​អាជ្ញាធរ​ស្រីលង្កា​បាន​បន្ទោស​ក្រុម​ជី​ហាដ​និយម​ក្នុងស្រុក​មួយ​ឈ្មោះថា Thowheeth Jama’ath (NTJ) សម្រាប់​ការវាយប្រហារ​នោះ ​ប៉ុន្ដែ​ក្រុម IS បានប្រកាស​ទទួលខុស​ត្រូវ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114