ព័ត៍មានទាន់​ហេតុការណ៏
Search

National School Games ៖ ​ខេត្ត​ប៉ៃលិន​ទទួលបាន​មេដាយ​៣​គ្រឿង​លើ​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ​ITF

​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ (National School Games) លើក​ទី​១ លើ​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ​ITF គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ដែល​ប្រកួត​នៅ​អគារ​ប៊ូ​យ៉ុង​ខ្មែរ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នោះ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន ទទួលបាន​មេដាយ​៣​គ្រឿង ខណៈ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ស្ពឺ ទទួលបាន​មេដាយ​៣​គ្រឿង​ដូចគ្នា ។​

​វិញ្ញាសា​សម្តែង​មេគុន​ខ្សែក្រវាត់​ក្រោម​ខ្មៅ​បុរស​៖​មេដាយមាស​បាន​លើ​ខេត្ត​ប៉ៃលិន មេដាយប្រាក់​បាន​លើ​ខេត្តកំពង់ស្ពឺ និង​មេដាយសំរិទ្ធ​បាន​លើ​ខេត្តស្ទឹងត្រែង ចំពោះ​វិញ្ញាសា​សម្តែង​មេគុន​ខ្សែក្រវាត់​ក្រោម​ខ្មៅ​នារី ៖​មេដាយមាស​បាន​លើ​ខេត្ត​ប៉ៃលិន មេដាយប្រាក់​បាន​លើ​ខេត្ត​ត្បូងឃ្មុំ និង​មេដាយសំរិទ្ធ​បាន​លើ​ខេត្តកំពង់ស្ពឺ​។

​ចំណែក​វិញ្ញាសា​សម្តែង​មេគុន​ខ្សែក្រវាត់​១​ដាន់​ខ្មៅ​នារី ៖​មេដាយមាស​បាន​ទៅលើ​ខេត្តកំពង់ស្ពឺ មេដាយប្រាក់​បាន​ទៅលើ​ខេត្តស្ទឹងត្រែង និង​មេដាយសំរិទ្ធ​បាន​ទៅលើ​ខេត្តតាកែវ​។​

​សូមបញ្ជាក់ថា សម្រាប់​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ​ស្ទីល​ITF មាន​អត្ត​ពលិកម​ក​ពី​៨​រាជធានី​-​ខេត្ត ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ (National School Games) លើក​ទី​១ ដ៏​សំខាន់​នេះ តេ​ក្វាន់​ដូ​ស្ទីល ITF បានចាប់ផ្តើម​ប្រកួត​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​អគារ​ប៊ូ​យ៉ុង​ខ្មែរ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។ ហើយ​មាន​៨​រាជធានី​-​ខេត្ត​ចូលរួម ដូចជា​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្ត​ប៉ៃលិន ខេត្ត​ត្បូងឃ្មុំ និង ខេត្តបន្ទាយមានជ័យ​។​

​ចំពោះ​វិញ្ញាសា​ប្រកួត​វិញ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ស្ទីល​ITF សម្រេច​ដាក់​១២​វិញ្ញាសា ក្នុងនោះ​វិញ្ញ​សា​សម្តែង​មេ​គុ​មាន​៤ គឺ វិញ្ញាសា​សម្តែង​មេគុន​ខ្សែក្រវាត់​ក្រោម​ខ្មៅ​បុរស វិញ្ញាសា​សម្តែង​មេគុន​ខ្សែក្រវាត់​ក្រោម​ខ្មៅ​នារី វិញ្ញាសា​សម្តែង​មេគុន​ខ្សែក្រវាត់​ខ្មៅ​១​ដាន់​នារី និង​វិញ្ញាសា​សម្តែង​មេគុន​ខ្សែក្រវាត់​ខ្មៅ​១​ដាន់​បុរស​។

​វិញ្ញាសា​ប្រយុទ្ធ មាន​៨​រួមមាន​វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​នារី​ទម្ងន់​៤០​គីឡូក្រាម វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​នារី​ទម្ងន់​៤៥​គីឡូក្រាម វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​បុរស​ទម្ងន់​៤៥​គីឡូក្រាម វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​នារី​ទម្ងន់​៥០​គីឡូក្រាម វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​បុរស​ទម្ងន់​៥០​គីឡូក្រាម វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​នារី​ទម្ងន់​៥៥​គីឡូក្រាម វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​បុរស​ទម្ងន់​៥៥​គីឡូក្រាម និង​វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​បុរស​ទម្ងន់​៦០​គីឡូក្រាម​៕

ដោយ ៖ ​វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114