ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ​កំពូល​អេ​ក្វា​ឌ័​រ​អនុម័ត​លើ​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា

តុលាការ​កំពូល​របស់​ប្រទេស​អេ​ក្វា​ឌ័​រ​កាលពី​ថ្ងៃ​ពុធ​បានអនុម័ត​លើ​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​នៅក្នុង​សេចក្តីសម្រេច​ជា​ប្រវត្តិសាស្ត្រ​មួយ​នៅក្នុង​ប្រទេស​អាមេរិក​ខាងត្បូង​អភិរក្សនិយម​កាន់សាសនា​កាតូលិក​មួយ​នេះ​។​

​តុលាការ​ធម្មនុញ្ញ​បាន​និយាយថា អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​ត្រូវបាន​អនុម័ត​នៅក្នុង​ការបោះឆ្នោត​ប្រាំ​ទល់នឹង​បួន​នៃ​ចៅក្រម​ទាំង​ប្រាំ​បួនរូប​របស់ខ្លួន​ក្នុង​សវនាការ​បិទទ្វារ​មួយ​។​

​ដូច្នេះ ប្រទេស​អេ​ក្វា​ឌ័​រ​ដែលជា​កន្លែង​សាសនា​កាតូលិក​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​នោះ​គឺ​នឹងត្រូវ​ចូលរួម​ជាមួយ​ប្រទេស​អា​ហ្ស​ង់​ទីន ប្រេ​ស៊ី​ល​និង​កូ​ឡុំ​ប៊ី​ដែល​ទទួលស្គាល់​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​។​

​មេធាវី Christian Paula នៃ​មូលនិធិ Patka ដែល​ផ្តល់​ដំបូន្មាន​ផ្នែក​ច្បាប់​ដល់​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូចគ្នា​ប្រហែល​១០​គូ​ដែល​ស្វែងរក​ការរៀប​អាពាហ៍ពិពាហ៍​នៅក្នុង​ប្រទេស​នេះ​បាន​និយាយថា “​វា​មានន័យថា​ប្រទេស​អេ​ក្វា​ឌ័​រ​មាន​សមភាព​ច្រើនជាង​មុន​។ វា​មាន​ច្រើនជាង​ម្សិលមិញ​ដែល​ទទួលស្គាល់ថា សិទ្ធិមនុស្ស​ត្រូវតែមាន​សម្រាប់​មនុស្ស​ទាំងអស់​ដោយ​គ្មាន​ការរើសអើង​”​។​

​ចៅក្រម​ជំទាស់​ចំនួន​បួនរូប​បាន​អះអាងថា ដើម្បី​ទទួលស្គាល់​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា កំណែទម្រង់​រដ្ឋធម្មនុញ្ញ​នឹងត្រូវ​តែ​លើក​យកទៅ​ពិភាក្សា​នៅក្នុង​រដ្ឋសភា​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក Gustavo Medina អតីត​ប្រធាន​តុលាការ​កំពូល​បាន​ប្រាប់ AFP ថា អាជ្ញាធរ​អេ​ក្វា​ឌ័​រ​មាន​កាតព្វកិច្ច​គោរព​តាម​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ​។​

​ប្រទេស​អេ​ក្វា​ឌ័​រ​បានទទួល​ស្គាល់​សហជីព​សម្រាប់​គូស្នេហ៍​ភេទ​ដូចគ្នា​ចាប់តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ​។​

​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​របស់​ប្រទេស​អេ​ក្វា​ឌ័​រដែ​ល​បានផ្តល់​សច្ចាប័ន​ក្នុង​ឆ្នាំ​២០០៨​បានកំណត់​អាពាហ៍ពិពាហ៍​ជា​សហជីព​រវាង​បុរស​និង​ស្ត្រី​។ វា​ក៏​រារាំង​គូស្នេហ៍​ភេទ​ដូចគ្នា​ពី​ការទទួលយក​កូនចិញ្ចឹម​ផងដែរ​៕ AFP

​ដោយ ៖ វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114