ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ World Cup ៖ ​ក្រុម​ជម្រើសជាតិ​កម្ពុជា ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពី​ស​ម្តេច​តេ​ជោ ហ៊ុន សែន ចំនួន​៣៧០០០​ដុល្លារ​អាមេរិក​

ក្រោយ​ឆ្លង​ផុត​វគ្គ​ជម្រុះ​បឋម​ប្រចាំ​ទ្វីបអាស៊ី ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup ដែល​ប្រទេស​កាតារ ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២២​ខាងមុខ ក្រុម​ជម្រើសជាតិ​កម្ពុជា បានធ្វើ​ដំណើរ​មកដល់​មាតុភូមិ​វិញ​នៅ​ល្ងាច​ថ្ងៃ​ពុធ សប្ដាហ៍​នេះ ខណៈ​ប្រមុខ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ឯកឧត្តម សៅ សុខា និង​មន្ត្រីក្រោមឱវាទ ទៅ​រង់ចាំ​ទទួល​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​ទន្ទឹមនឹង​គ្នា​នេះដែរ​ឯកឧត្តម សៅ សុខា បាន​នាំយក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​៣៧០០០​ដុល្លារ​សហរដ្ឋអាមេរិក ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​ក្រុម​គ្រូបង្វឹក​និង​កីឡាករ​ទាំងអស់​ដែលមាន​ចំនួន​សរុប​៣៧​នាក់​ផងដែរ​។ នេះ​ជាការ​លើកទឹកចិត្ត​រប​ស់​ថ្នាក់ដឹកនាំ​ក្រោយ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ប៉ា​គី​ស្ថាន ដោយ​លទ្ធផល​ទាំង​២​ជើង ៤​ទល់​១​។​

​យោងតាម​បញ្ជី​ឈ្មោះ​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) កោះហៅ​ថ្នាក់ដឹកនាំ​និង​កីឡាករ​ប្រចាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លើក​នេះ​មាន លោក Keisuke Honda ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម ហើយ​លោក Felix G Dalmas ជា​គ្រូ​បង្គោល លោក ឈូក ពិសិដ្ឋ ជា​អ្នកចាត់ការ​ក្រុម លោក ភា សុ​ភ័​ត្រា និង​លោក សាប៊ូ​ន វិ​នតា ជា​គ្រូ​ជំនួយ លោក យុន វង្ស​រ៉ាត់ ជា​គ្រូ​អ្នកចាំទី លោក Taichi Oshiya ជា​គ្រូ​ផ្នែក​កាយសម្បទា ជា​គ្រូបង្ហាត់​ផ្នែក​កាយសម្បទា លោក លឹម ច័ន្ទ​មុន្នី​ឧ​ត្ត​ម ជា​មន្ត្រី​ផ្នែក​គ្របគ្រង​សម្ភារៈ លោក សេង ចំរើន និង​លោក ហ៊ុន ប៉េងឡុង ជា​គ្រូពេទ្យ លោក Shinya Kazaki លោក ម៉ា ភា​រ៉ា ជា​មន្ត្រី​ផ្នែក​វិភាគ​វីដេអូ​កា​ប្រកួត លោក ស៊ិ​ដ្ឋ អ៊ី​សឺ និង​លោក ជុំ ជួប ជា​មន្ត្រី​ព័ត៌មាន​។​

​ចំណែក​កីឡាករ​វិញ​មានដូចជា សេត រ៉​ស៊ី​ប មកពី​ក្លិប​បឹងកេត កីឡាករ រ៉ឹ​ម ប៊ុន​ហៀ​ង​, អ៊ុំ វិចិត្រ មកពី​ក្រសួងការពារជាតិ គូ​ច ដា​នី​, គួច សុ​កុម្ភៈ​,​សុះ ស៊ូ​ហា​ណា មកពី​ណាហ្គា​វើ​ល កីឡាករ អន ចាន់​ប៉ូ​លីន​, សា​វែង សំណាង​,​សឿត បារាំង​,​យ៉ើ សា​ហ្វី មកពី​ក្រុម​ភ្នំពេញ​ក្រោ​ន កីឡាករ ឃៀង ម៉េង​ហ៊ូ​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, សារ៉េត គ្រី​យ៉ា និង​សឿ​យ វិសាល មកពី​ព្រះខ័ន​រាជ​ស្វាយរៀង​។ ឆេង ម៉េង​, កែន ច័ន្ទ​សុភ័ក្ត្រ​,​កែវ សុខ​ផេង​,​កែវ សុខ​សិលា​, អ៊ុក សុវណ្ណ មកពី​ក្លិប​វិសាខា កីឡាករ ឈង ប៊ុន​ណាត មកពី​អង្គ​រថា​យ​ហ្គឺ​រ សៀង ច​ន្ធា មកពី​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី​, ប៊ិន ចន្ថា​ជា​រី របស់​ក្លិប Terengganu FA មកពី​ម៉ាឡេស៊ី​។​

​ចំពោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវ​រំសាយ​ក្រុម​មួយរយៈ​សិន ដោយ​ទុកឱ្យ​កីឡាករ​ត្រឡប់​ទៅ​ចូលរួម​ក្លិប​រៀងៗ​ខ្លួន​វិញ ខណៈ​កម្ពុជា មានឈ្មោះ​ឡើងទៅ​លេង​ក្នុង​វគ្គ​ចែក​ពូ​ល​ដែលជា​ជុំ​ទី​២​ជាមួយ​ក្រុម​ខ្លាំង​៣៤​ផ្សេងទៀត ហើយ​ក្រុម​ខ្លាំង​តាម​ពូ​ល​នីមួយៗ នឹងមាន​ឈ្មោះ​ប្រកួត​បន្ត​នៅ​វគ្គ​ទី​៣​និង​វគ្គ​ទី​៤​រហូតដល់​រកឃើញ​ក្រុម​តំណាងឱ្យ​ទ្វីប​តែម្តង​។ កម្មវិធី​ប្រកួត​ទាំង​៤​វគ្គ​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០២១៕​

ដោយ ៖ ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114