ព័ត៍មានទាន់​ហេតុការណ៏
Search

លោកស្រី Tsai ទទួលបាន​ការយល់ព្រម​ពី​គណបក្ស​ដើម្បី​ឈរ​ជាថ្មី​ក្នុងការ​បោះឆ្នោត​តៃវ៉ាន់

គណបក្សកាន់អំណាច​គាំ​ទ្រ​ឯករាជ្យ​របស់​កោះ​តៃវ៉ាន់​បាន​បោះជំហាន​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ឆ្ពោះទៅកាន់​ការតែងតាំង​ប្រធានាធិបតី​ដែល​កំពុង​កាន់តំណែង​លោកស្រី Tsai Ing-wen ដើម្បី​ធ្វើជា​បេក្ខជន​របស់ខ្លួន​សម្រាប់​អាណត្តិ​ប្រធានាធិបតី​លើក​ទី​ពីរ​។​

​គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ​បានប្រកាសថា លោកស្រី Tsai បាន​យកឈ្នះ​លើ​គូប្រជែង​លោក William Lai ដែលជា​អតីត​នាយករដ្ឋមន្ត្រី​ក្នុងការ​បោះឆ្នោត​រយៈពេល​បី​ថ្ងៃ​។ ការតែងតាំង​របស់លោក​ស្រី​នឹងត្រូវ​បានផ្តល់​សច្ចាប័ន​ដោយ​គណបក្ស​នៅ​សប្តាហ៍​ក្រោយនេះ​។​

​ប្រធាន​គណបក្ស​លោក Cho Jung-tai បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា លោកស្រី Tsai ទទួលបាន​ការគាំទ្រ​៣៥,៧​ភាគរយ​ក្នុងចំណោម​មនុស្ស​ប្រហែល​១៥,០០០​នាក់​ដែល​ត្រូវបាន​ស្ទង់​មតិ​ហើយ​លោក Lai ទទួលបាន​ការគាំទ្រ​២៧,៥​ភាគរយ​។​

​លោកស្រី​នឹងត្រូវ​ប្រឈមមុខ​ជាមួយ​បេក្ខជន​ម្នាក់​មកពី​គណបក្សប្រឆាំង​គឺ​គណបក្ស​ជាតិនិយម​នៅក្នុង​ការបោះឆ្នោត​ខែមករា​។​

​លោកស្រី Tsai ដែល​បាន​ជាប់ឆ្នោត​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០១៦​បាន​បាត់បង់​ការគាំទ្រ​នៅក្នុង​ការស្ទង់មតិ​កាលពី​ឆ្នាំមុន​នៅពេលដែល​អ្នក​កោះ​តៃវ៉ាន់​មានការ​ព្រួយបារម្ភ​អំពី​ភាព​អសកម្ម​ចំពោះ​ប្រទេស​ចិន​និង​បញ្ហា​សេដ្ឋកិច្ច​ក្នុងស្រុក​ដូចជា​ការងារ​និង​តម្លៃ​លំនៅដ្ឋាន​ជាដើម​។​

​ប៉ុន្តែ​លោកស្រី​ទទួលបាន​សន្ទុះ​នៃ​ការគាំទ្រ​យ៉ាងខ្លាំង​មកវិញ​នៅ​ឆ្នាំនេះ​ដោយសារតែ​ការស្តីបន្ទោស​ប្រទេស​ចិន​អំពី​ការទទូច​របស់​មេដឹកនាំ​កុ​ម្មុយ​និ​ស្ត​ដែលថា​ថ្ងៃ​ណាមួយ​នឹង​គ្រប់គ្រង​លើ​កោះ​តៃវ៉ាន់​បន្ទាប់ពី​កោះ​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​មួយ​នេះ​បាន​បំបែក​ចេញពី​ប្រទេស​ចិន​កាលពី​៧​ទសវត្សរ៍​មុន​។​

​គួរ​បញ្ជាក់ថា គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ​របស់លោក​ស្រី Tsai មាន​ទំនោរ​ទទួលយក​ស្វ័យភាព​បន្ថែមទៀត​សម្រាប់​កោះ​តៃវ៉ាន់​ជាជាង​ការចងភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​៕ AP

​ដោយ ៖ វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114