ព័ត៍មានទាន់​ហេតុការណ៏
Search

ព្យុះ​ស៊ីក្លូន​មួយ ​បាន​បង្វែរ​ទិសដៅ​ពី​ឆ្នេរសមុទ្រ​ឥណ្ឌា

អ្នក​ព្យាករណ៍​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ព្យុះ​ស៊ីក្លូន​មួយ​ដែល​ឆ្ពោះ​ដំណើរ​ទៅ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​ឥឡូវនេះ ​បាន​ផ្លាស់ប្តូរ​ទិសដៅ​វិញ​ហើយ​បើទោះបីជា​តំបន់ឆ្នេរ​សមុទ្រ​នៅតែ​ត្រូវបាន​គេ​រំពឹងថា​នឹងត្រូវ​រង​ការវាយប្រហារ​ដោយ​ខ្យល់​បក់បោក​ក្នុង​ល្បឿន​រហូតដល់​ទៅ​១៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក៏ដោយ​។​

​ព្យុះ Vayu ដែល​ត្រូវបាន​គេ​ចាត់ថ្នាក់​ថា​ជា​ព្យុះ​ស៊ីក្លូន​ដ៏​ខ្លាំងក្លា​បំផុត​មួយ​គឺ​បាន​ឆ្ពោះ​ដំណើរ​ទៅ​ទិស​ភាគ​ពាយព្យ​នៅពេល​យប់​លើ​សមុទ្រ​អារ៉ាប់​ហើយ​មាន​ចម្ងាយ​ប្រហែល​១១០​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​នៃ​រដ្ឋ Gujarat ។​

​កាលពី​ថ្ងៃ​ពុធ អ្នក​ព្យាករណ៍​បាន​និយាយថា ពួកគេ​រំពឹងថា ព្យុះ​ស៊ីក្លូន​នេះ​នឹង​វាយប្រហារ​រដ្ឋ Gujarat យ៉ាង​ពេញទំហឹង​។​

​អាជ្ញាធរ​នៅ​រដ្ឋ Gujarat បាន​ជម្លៀស​មនុស្ស​ជាង​២៨៥,០០០​នាក់​ជា​វិធានការ​ប្រុងប្រយ័ត្ន​ជាមុន​។ សាលារៀន​ត្រូវ​បិទទ្វារ​ខណៈ​ក្រុមមន្ត្រី​មានការ​ព្រួយបារម្ភ​អំពី​ការបំផ្លិចបំផ្លាញ​ដល់​លំនៅដ្ឋាន ដំណាំ បណ្តាញ​អគ្គិសនី​និង​ប្រព័ន្ធ​ទូរគមនាគមន៍​។​

​អាជ្ញាធរ​បាន​និយាយថា មនុស្ស​ចំនួន​៥​នាក់​ត្រូវបាន​សម្លាប់​ដោយ​រន្ទះបាញ់​នៅ​រដ្ឋ Gujarat ដែល​ភាគច្រើន​ជា​កសិករ​និង​ពលករ​ដែល​កំពុងធ្វើកា​រ​នៅក្នុង​ចម្ការ​។​

​កងទ័ពអាកាស ឆ្មាំ​សមុទ្រ​និង​កងទ័ពជើងទឹក​ត្រូវបាន​ប្រាប់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ខណៈ​ក្រុម​ចំនួន​៣៦​មកពី​កងកម្លាំង​ឆ្លើយតប​គ្រោះមហន្តរាយ​ជាតិ (NDRF) ត្រូវបាន​ដាក់ពង្រាយ​នៅតាម​តំបន់ឆ្នេរ​។​

​ឆ្នេរសមុទ្រ​នៃ​រដ្ឋ Gujarat គឺជា​ទីតាំង​របស់ Veraval ដែលជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​នៃ​ឧស្សាហកម្ម​ជលផល​របស់​ប្រទេស​ឥណ្ឌា​ដែល​បាន​នាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន តំបន់​អាស៊ីអាគ្នេយ៍ អឺរ៉ុប ឈូង​សមុទ្រ​ពែ​ក្ស​និង​សហរដ្ឋអាមេរិក​។​

​រដ្ឋ​នេះ​ក៏មាន​កំពង់ផែ​ធំ​ពីរ​ផងដែរ​គឺ Deendayal និង Adani នៅក្នុង​ឈូង​សមុទ្រ Kutch ក៏ដូចជា​រោងចក្រ​ចម្រាញ់​ប្រេង Jamnagar ដែល​ធំ​បំផុត​នៅលើ​ពិភពលោក​ផងដែរ​។​

​កំពង់ផែ​ទាំងអស់​នៅ​រដ្ឋ Gujarat បាន​ផ្អាក​ការចេញ​នាវា​នៅ​ថ្ងៃ​ពុធ​។​

​គួរ​បញ្ជាក់ថា ព្យុះ​ស៊ីក្លូន​គឺ​កម្រ​កើតមាន​ណាស់​នៅ​រដ្ឋ Gujarat ប៉ុន្តែ​វា​អាច​បំផ្លិចបំផ្លាញ​និង​បង្ក​គ្រោះថ្នាក់​។ ព្យុះ​អាក្រក់​បំផុត​គឺ​ក្នុង​ឆ្នាំ​១៩៩៨​ដែល​នៅពេលនោះ​មាន​មនុស្ស​ជាង​៤,០០០​នាក់​បាន​ស្លាប់​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114