ព័ត៍មានទាន់​ហេតុការណ៏
Search

អាមេរិក​ចោទប្រកាន់​កូរ៉េខាងជើង​ថា ​រំលោភ​លើ​ការកំណត់​របស់ UN អំពី​ការ​នាំចូល​ប្រេង

យោងតាម​របាយការណ៍​មួយ​ដែល​ទទួលបាន​ដោយ AFP កាលពី​ថ្ងៃ​ពុធ​បាន​បង្ហាញថា សហរដ្ឋអាមេរិក​កំពុង​ចោទប្រកាន់​កូរ៉េខាងជើង​ថា​បាន​រំលោភ​លើ​ការគ្រប់គ្រង​ការ​នាំចូល​ប្រេងឥន្ធនៈ​ដែល​ដាក់​ដោយ​អង្គការសហប្រជាជាតិ​ដោយសារតែ​ប្រទេស​នេះ​បានធ្វើ​ការផ្ទេរ​ពី​នាវា​មួយ​ទៅ​នាវា​មួយទៀត​រាប់សិប​លើក​ក្នុងឆ្នាំនេះ​។​

​ដោយមាន​ការគាំទ្រ​ពី​ប្រទេស​ចំនួន​២៥​រួមទាំង​ជប៉ុន បារាំង​និង​អាល្លឺម៉ង់​ផងដែរ​នោះ សហរដ្ឋអាមេរិក​បាន​ស្នើសុំ​ឲ្យ​គណៈកម្មាធិការ​ដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​សម្រេច​ថា ការកំណត់​ប្រចាំឆ្នាំ​នៃ​ប្រេង​ចំនួន​៥០០,០០០​ធុង​គឺ​បាន​ហួសកំណត់​ហើយ​និង​ត្រូវ​បញ្ជា​ឲ្យ​ប្រទេស​ទាំងអស់​បញ្ឈប់​ការដឹកជញ្ជូន​ប្រេងឥន្ធនៈ​ទៅ​ឲ្យ​ប្រទេស​កូរ៉េខាងជើង​ភ្លាមៗ​។​

​របាយការណ៍​នេះ​ដែល​ត្រូវបាន​បញ្ជូនទៅ​គណៈកម្មាធិការ​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា សហរដ្ឋអាមេរិក​និង​ដៃគូ​របស់ខ្លួន​នៅតែមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​កម្រិត​នៃ​ការរំលោភ​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​បាន​កើតឡើង​ទាក់ទង​ទៅនឹង​ការ​នាំចូល​ផលិតផល​ប្រេង​ចម្រាញ់​រួច​របស់​ប្រទេស​កូរ៉េខាងជើង​។​

​បណ្តា​ប្រទេស​នៅក្នុង​គណៈកម្មាធិការ​ដាក់​ទណ្ឌកម្ម​នេះ​រួមទាំង​រុស្ស៊ី​និង​ចិន​ផងដែរ​នោះ​គឺមាន​ពេល​រហូតដល់​ថ្ងៃទី​១៨​ខែមិថុនា​ដើម្បី​លើកឡើង​ការជំទាស់​ទៅនឹង​សំណើ​នេះ​ដើម្បី​កាត់បន្ថយ​ការនាំចេញ​ប្រេងឥន្ធនៈ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​។​

​ការកំណត់​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​គឺ​ស្ថិត​ក្នុងចំណោម​សំណុំ​នៃ​ការដាក់ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង​ដែល​ត្រូវបាន​អនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការសាកល្បង​មី​ស៊ី​ល​ផ្លោង​និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​សហរដ្ឋអាមេរិក​បាន​ទទូចថា “​សម្ពាធ​អតិបរមា​” ពី​ទណ្ឌកម្ម​ត្រូវតែ​បន្ត​ដាក់​លើ​ប្រទេស​កូរ៉េខាងជើង​រហូតដល់​ប្រទេស​នេះ​យល់ព្រម​រុះរើ​កម្មវិធី​អាវុធ​របស់ខ្លួន​។​

​ទង្វើ​របស់​សហរដ្ឋអាមេរិក​នៅ​អង្គការសហប្រជាជាតិ​បាន​កើតឡើង​ចំពេល​ដែល​លោក​ប្រធានាធិបតី Donald Trump បាន​និយាយថា លោក​បានទទួល​លិខិត​ដ៏​ល្អ​មួយទៀត​ពី​លោក​គីម​ជុង​អ៊ុន​ហើយ​បាន​បង្ហាញថា លោក​មាន​ឆន្ទៈ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី​បី​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114