ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ​អំពាវនាវ​ឲ្យ​សិស្ស​និស្សិត​ខិតខំ​សិក្សា​នូវ​ជំនាញ​វិជ្ជាជីវៈ​ថ្មីៗ​មាន​បច្ចេកវិទ្យា​ទំនើប​បន្ថែមទៀត

ភ្នំពេញ ​៖​ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ បាន​អំពាវនាវ​ឲ្យ​សិស្ស​និស្សិត​ខិតខំ​សិក្សា​នូវ​ជំនាញ​វិជ្ជាជីវៈ​ថ្មីៗ​មាន​លក្ខណៈ​បច្ចេកទេស​ទំនើប​បន្ថែម​ទៀត​ដើម្បី​ឆ្លើយតប​ទៅនឹង​ទីផ្សារពលកម្ម​នាពេល​បច្ចុប្បន្ន​និង​ទៅ​ថ្ងៃ​អនាគត​។​

នៅក្នុង​សារលិខិត​អបអរសាទរ​ក្នុងឱកាស​ទិវា​ជាតិ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​លើក​ទី​២​ក្រោម​ប្រធានបទ «TVET អាចធ្វើ​បាន​» នៅ​ថ្ងៃទី​១៥​មិថុនា​ខាងមុខនេះ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុន​សែន ​បាន​ណែនាំ​ដល់​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំងអស់​ត្រូវ​បង្កើន​គុណភាព​អប់រំ​ជំនាញ​វិជ្ជាជីវៈ​តាម​បច្ចេកវិទ្យា​ទំនើបៗ​ដើម្បី​បណ្តុះបណ្តាល​ដល់​សិស្ស​និស្សិត​ឲ្យ​កាន់​តែមាន​សមត្ថភាព​ខ្ពស់​ឆ្លើយតប​ទៅនឹង​ការវិវត្ត​បច្ចេកវិទ្យា​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤​ដែល​ផ្តោតទៅលើ​ការប្រើ​បច្ចេកវិទ្យា​អ៊ី​ន​ធើ​ណេ​ត​។​

​ការអំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នេះ​ ដោយសារតែ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ជួប​នូវ​បញ្ហា​ភាពមិន​ស៊ីគ្នា​នៃ​ជំនាញ​និង​ការផ្គត់ផ្គង់​ជំនាញ​មិន​គ្រប់គ្រាន់​ដោយសារតែ​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​នៅមានកម្រិត​និង​មិនទាន់​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​កម្លាំង​ពលកម្ម​ដែល​កំពុង​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពិតជា​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​ឲ្យ​មានចំណេះដឹង សមត្ថភាព​ជំនាញ ឥរិយាបថ​ការងារ​និង​សីលធម៌​វិជ្ជាជីវៈ​ដើម្បី​លើកកម្ពស់​ផលិតភាព ភាព​ប្រកួតប្រជែង​ក្នុង​គោលដៅ​ឈានទៅ​សម្រេច​បានជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​សម្តេច​តេ​ជោ​បាន​បន្តថា​ ដើម្បី​ផ្តល់​ភាពបត់បែន​ងាយ​ស្របតាម​ស្ថានភាព ជាក់​ស្តែង​របស់​ប្រជាពលរដ្ឋ កម្មវិធី​បណ្តុះ​ត្រូវបាន​រៀបចំ​ឡើងជា​រយៈ​ពេល​ខ្លី​ និង​រយៈពេល​វែង ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ ហើយ​ត្រូវបាន​អនុវត្ត​ធ្វើឡើង​នៅតាម​គ្រឹះស្ថាន​សហគ្រាស​សហគមន៍ និង​ចល័ត​។ ការបណ្តុះបណ្តាល​ជំនាញ​ការងារ​ជាក់ស្តែង​តាមរយៈ​ការហ្វឹកហ្វឺន​កូនជាង​នៅតាម​សហគ្រាស គ្រឹះស្ថាន​ត្រូវបាន​អនុវត្ត និង​ពង្រីក​ជា​បន្តបន្ទាប់​ស្របតាម​ច្បាប់​ស្តីពី​ការងារ​។​

​ទន្ទឹមនឹងនេះ​រាជរដ្ឋាភិបាល​បានផ្តល់​អាហារូបករណ៍​កាន់តែច្រើន​ជូន​ដល់​យុវជន​ដែល​បោះបង់​ចោល​ការសិក្សា កូន​ប្រជាពលរដ្ឋ​ក្រីក្រ ស្ត្រី ជនពិការ កុមារ​កំព្រា ជនជាតិដើម​ភាគតិច កម្មករ កម្ម​ការិនី​ដែល​បាត់បង់​ការងារ និង​ជន​ងាយ​រងគ្រោះ ដើម្បី​មានលទ្ធភាព​ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ​ឡើងវិញ និង​បង្កើន​សមត្ថភាព​ជំនាញ​។ បង្កើត​អន្តេវាសិកដ្ឋាន​សម្រាប់​គ្រូ សិក្ខាកាម សិស្ស និស្សិត​ក្រីក្រ និង​គ្រូ​ស្នាក់នៅ​រៀន សូត្រ ត្រូវបាន​កសាង​ជា​បន្តបន្ទាប់​នៅតាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​។

​ជាមួយនឹង​ការពង្រីក​បរិមាណ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើ​ការលើកកម្ពស់​គុណភាព​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវ​ការជំនាញ និង​ការកែ​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​យ៉ាង​ឆាប់រហ័ស ព្រមទាំង​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ដោយ​ពង្រីក​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ រោង​ជាង បន្ទប់ពិសោធន៍ មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​នវានុវត្តន៍ បំពាក់​មូលដ្ឋាន​សម្ភារ​និង​បរិក្ខារ លើកកម្ពស់​គុណភាព​ស​ម​ត្ថ​ភាព​គ្រូ​ដាក់​ឱ្យអនុវត្ត​ស្តង់ដារ ​និង​កម្មវិធីសិក្សា​ថ្មី​ផ្នែក​រលើ​សមត្ថភាព អនុវត្ត​នូវ​កម្មវិធី​វិញ្ញាបនបត្រ​វិជ្ជាជីវៈ ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​វាយតម្លៃ​ផ្អែកលើ​សមត្ថភាព និង​ផ្តល់​វិញ្ញាបនបត្រ​វិជ្ជាជីវៈ ពង្រឹង​ទំនាក់ទំនង​ជាមួយ​ឧស្សាហកម្ម និង​ការចុះ​កម្មសិក្សា​អនុវត្ត​ផ្ទាល់​នៅ​កន្លែងធ្វើការ​ដាក់​ឱ្យ​អនុវត្ត​ប្រព័ន្ធ​ធានា​គុណភាព និង​ពង្រឹង​អភិបាលកិច្ច​ក្នុង​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​សាធារណជន ជាពិសេស​សិស្សានុសិស្ស ចូលរួម​ទិវា​ជាតិ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី​២​នេះ​ឲ្យ​បាន​ច្រើន​ដើម្បី​ទទួល​បាន​ព័ត៌មាន​ពី​អាហារូបករណ៍ កម្មវិធីសិក្សា ទីផ្សារ​ការងារ​និង​ពី​ខ្សែសង្វាក់​ផលិតកម្ម​និង​ព័ត៌មាន​ផ្សេងៗ​ទៀត​។​

​លើសពីនេះទៅទៀត​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​អំពាវ​នា​ដល់​គ្រប់​ក្រសួង ស្ថាប័ន អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មាតាបិតា អាណាព្យាបាល និយោជក កម្មករនិយោជិត​ផ្នែក​ឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និង​បងប្អូន​ជនរួមជាតិ​ចូលរួម​បន្ត​ថែរក្សា​សុខ​សន្តិភាព​និង​ស្ថិរភាព​នៅ​កម្ពុជា ដែល​ជា​វេជ្ជបណ្ឌិត​ចាំបាច់​ក្នុង​ការបន្ត ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ពោរពេញ​ដោយ​ជំនាញ​និង​សមត្ថភាព ដើម្បី​ជំរុញ​លើកកម្ពស់​ផលិតភាព ភាព​ប្រកួតប្រជែង កំណើន​សេដ្ឋកិច្ច​ខ្ពស់ ការ​បង្កើត​ការងារ​ថ្មីៗ​កាន់តែ​ល្អ​និង​រក្សា​ការងារ​ដែល​មាន​ស្រាប់ សំដៅ​បន្តទៅ​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​បន្ត​ចូលរួម​និង​ផ្តល់​ការគាំទ្រ​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​

​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​ឈានទៅ​សម្រេចបាន​ជោគជ័យ​នូវ​ចក្ខុវិស័យ​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​កម្ពុជា​ប្រកបដោយ​ចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថ​ការងារ សីលធម៌​វិជ្ជាជីវៈ​ ប្រសិទ្ធភាព​ខ្ពស់​និង​មាន​លក្ខណៈ​ប្រកួតប្រជែង​សម្រាប់​ការងារ​ពេញ​មួយជីវិត។​

​បន្ត​លើក ទឹកចិត្ត​និង​បង្កើន​ការចុះឈ្មោះ​កូនចៅ​ចូលរៀន​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ ដើម្បី​

​មាន​ជំនាញ​ច្បាស់លាស់​អាច​ចាប់​យក​ឱកាស​ការងារ​ល្អ​ដែល​កំពុងតែ​ចម្រើន​និង​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​។​គ្រប់​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា សូម​បន្ត​ជួយ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​អំពី​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​បង្កើន​ការ​យល់ដឹង​នូវ​សារៈសំខាន់​វិស័យនេះ​ក្នុងចំណោម​សាធារណជន​។​

​គួរបញ្ជាក់​ថា ​ទិវា​ជាតិ​អប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​១៥-១៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ​មជ្ឍមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​ដោយ​រំពឹងថា​នឹងមាន​អ្នកចូលរួម​ប្រមាណ​៣​ម៉ឺន​នាក់៕

ដោយ ៖ សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114