ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹទ្ធសភា​ ទទួល​ជំនួយ​សម្ភារៈ និង​មធ្យោបាយ​ដឹកជញ្ជូន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន

ភ្នំពេញ​៖ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ មិថុនា​នេះ បានទទួល​ជំនួយ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

ពិធី​ប្រគល់ និង​ទទួល​ជំនួយ​នេះ​ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា និង​លោក Li AN ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា និង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា​ព្រឹទ្ធសភា ថ្នាក់ដឹកនាំ​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា និង​មន្ត្រី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ជាច្រើន​នាក់​ទៀត​។​

លោក អ៊ុំ សា​រឹទ្ធ អគ្គលេខាធិការ​ព្រឹទ្ធសភា បាន​ជម្រាបជូន​៨៩​ថា ចាប់តាំងពី​ថ្ងៃ​បង្កើត​ព្រឹទ្ធសភា រហូតមកទល់​ពេលនេះ សភា រដ្ឋាភិបាល និង​ប្រជាជន​ចិន បានសម្រេច​ផ្តល់ជំនួយ​ចំនួន ១៥​លើក ជូន​ដល់​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជំនួយ​លើក​ទី​១៥​នេះ ផ្អែក​តាម​សេចក្តីអំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយមាន​ការយល់ព្រម​ជាគោលការណ៍​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ចិន​-​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ ហើយ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានសម្រេច​ផ្តល់ជំនួយ​សម្រាប់​ព្រឹទ្ធសភា នីតិកាល​ទី​៤ នាពេលនេះ រួមមាន​៖ កុំព្យូទ័រ​ដាក់​លើ​តុ​ចំនួន​១២០​គ្រឿង កុំព្យូទ័រ​យួរ​ដៃ​ចំនួន​១២០​គ្រឿង ម៉ាស៊ីន​បោះ​ពុម្ព Laser Printer ចំនួន​១២០​គ្រឿង ម៉ាស៊ីន​បោះ​ពុ​ម្ព Multi-Functional ចំនួន​០៥​គ្រឿង ម៉ា​ស៊ី​ថតចម្លង​ចំនួន ០៥​គ្រឿង និង​រថយន្ត Pick-up ចំនួន​១២​គ្រឿង ដែល​សរុប​ជា​ទឹកប្រាក់​ចំនួន ៦២៦, ៨៦៥.២៤ ដុល្លារ​អាមេរិក​។​

ក្នុងនាម​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក Li AN ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់ថា ប្រទេស​ចិន និង​ប្រទេស​កម្ពុជា គឺជា​អ្នកជិតខាង​ល្អ មិត្ត​ល្អ ដៃគូ​ល្អ និង​មាន​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ មាន​ទំនុកចិត្ត​នយោបាយ​កម្រិត​ខ្ពស់ មាន​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ពាណិជ្ជកម្ម​ទ្វេភាគី ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ បានផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​កាន់តែ​រឹងមាំ​។ លោក Li AN បាន​គូសបញ្ជាក់ថា កន្លងទៅនេះ​ព្រឹទ្ធ​​​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ចំណែក​មួយ​យ៉ាងសំខាន់ នៃ​ទំនាក់ទំនង​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនោះ​ព្រឹទ្ធ សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព ជាមួយនឹង​សភា​តំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន និង​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច និង​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក រវាង​សភា រដ្ឋាភិបាល ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ បាន​បង្កើន​ការយល់​គ្នា​ជា​បន្តបន្ទាប់ ព្រមទាំង​បាន​ពង្រឹង​ការ​ផ្លាស់ប្តូរ​បទពិសោធន៍​នៃ​ការ​គ្រប់គ្រង​នយោបាយ ការគ្រប់គ្រង​ប្រទេស ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ជំរុញ​ទំនាកទំនង កិច្ច​សហ ប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​ឈានទៅ​កម្រិត​ថ្មី​មួយទៀត​។ លោក Li AN បាន​បន្ថែមថា ជំនួយ​ដ៏​ថ្លៃថ្លា​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជូន​ដល់​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​នេះ គឺ​សម្រាប់​ប្រើប្រាស់​តាម​ការចាំបាច់​នៃ​ព្រឹទ្ធសភា នីតិកាល​ទី​៤​។ លោក​សង្ឃឹមថា សម្ភារៈ​ទាំងអស់នេះ ព្រឹទ្ធសភា​នឹង​ប្រើប្រាស់​តាម​ការចាំបាច់ និង​កាន់តែ​ប្រសើរ ដើម្បី​ធានា​ដល់​ការងារ​របស់​ព្រឹទ្ធសភា​។​

ក្នុងឱកាស​នេះដែរ លោក ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា បាន​គូសបញ្ជាក់ថា ជំនួយ​របស់​ប្រទេស​ចិន​លើក​ទី​១៤​នេះ ជា​សក្ខីភាព​ថ្មី​មួយទៀត និង​ជា​និមិត្តរូប​នៃ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​។ ប្រទេស​ទាំងពីរ​ខិតខំ​បន្ត​ពូនជ្រំ និង​ជ្រោង​ទង់ “​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” ឱ្យបាន​ស្ថិត​ស្ថិរ​យូរអង្វែង និង​មាន​ផលប្រយោជន៍​ទៅវិញទៅមក​ប្រកបដោយ​ភាពរុងរឿង​សម្រាប់​ប្រជាជន និង​ប្រទេស​យើង​ទាំងពីរ​។ ចាប់តាំងពី​ព្រឹទ្ធសភា​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៩ រដ្ឋាភិបាល​ចិន​បានផ្តល់​ជំនួយ​ដល់​ព្រឹទ្ធសភា​កម្ពុជា​។ រហូតមកដល់​ពេលនេះ ជំនួយ​របស់​ចិន​ជូន​ដល់​ព្រឹទ្ធសភា​កម្ពុ​ជាមាន​ចំនួន ១៥​លើក ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១៦,៦៩៥,៩៤៦.៥៤ ដុល្លារ​សហរដ្ឋអាមេរិក​។ សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សំណូមពរ​របស់​ព្រឹទ្ធសភា និង​បាន​ឆ្លើយតប​ទាន់ពេលវេលា​ចំពោះ​តម្រូវការ​របស់​ព្រឹទ្ធសភា​កម្ពុជា​។ ជំនួយ​ទាំងអស់នោះ បានរួម​ចំណែក​ដ៏​ធំធេង​ក្នុង​ការជួយ​អភិវឌ្ឍ​ស្ថាប័នព្រឹទ្ធសភា និង​ជា​មធ្យោបាយ​ដ៏​មាន​សារៈសំខាន់​ក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព​ការ ងារ​របស់​ព្រឹទ្ធសភា ឱ្យ​ទទួលបាន​លទ្ធផល​ខ្ពស់​ឈានទៅ​សម្រេច​គោលដៅ​របស់ខ្លួន ក្នុងការ​បម្រើ​ជាតិ និង​ប្រជាជន និង​បំពេញ​មុខងារ​ទាំងបី គឺ​មុខងារ​នីតិកម្ម មុខងារ​ត្រួតពិនិត្យ និង​មុខងារ​តំណាង ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិ សិទ្ធ​ភាព​។ ក្នុងនាម​ប្រជាជន​កម្ពុជា និង​ក្នុងនាម​ព្រឹទ្ធសភា លោក ទេព ង​ន បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាជន​ចិន​ជា​បងប្អូន និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលជា​និច្ចកាល​ឈរ​យ៉ាងរឹងមាំ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដូច​ពាក្យស្លោក​ថា “​កម្ពុជា​-​ចិន ជា​មិត្ត​ដែកថែប​” ហើយ​ជួយ​គាំទ្រ​កម្ពុជា​លើ​គ្រប់​វិស័យ​។ ព្រឹទ្ធសភា​កម្ពុជា​នឹង​ខិតខំ​ប្រើប្រាស់​ជំនួយ​នេះ​ឱ្យចំ​គោលដៅ និង​ការទទួលខុសត្រូវ​ខ្ពស់ ដោយ​ទាញយក​សក្តានុពល​ពី​ជំនួយ​នេះ ជា​ឧបករណ៍​បម្រើ​ការងារ​ឱ្យ​ស្ថាប័ន​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់បំផុត​៕

ដោយ ៖ សុង យោ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114