ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​បឹងកេត នឹងត្រូវ​ប្តូរ​ការប្រកួត​នៅ​ទៅ​ក្រៅ​ដី​២​លើក​សិន ព្រោះ​កីឡដ្ឋាន​ខ្លួន​មិនទាន់​សង់​រួចរាល់​

ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី ជើងឯក​រង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) កំពុង​សាងសង់​ទីលាន​ផ្ទាល់ខ្លួន​លើកដំបូង ក្រោយ​កកើត​ក្លិប​តាំងពី​ឆ្នាំ​២០១០​មក ដែល​ក្លិប​មាន​គម្រោង​សាងសង់​២​កីឡដ្ឋាន​ផ្សេងគ្នា​នេះ​គឺ​មាននៅ​រាជធានី​ភ្នំពេញ ចំនួន​១​កន្លែង និង​នៅ​ខេត្តកំពង់ចាម​១​កន្លែង​ទៀត​។​

​នៅ​ចុងឆ្នាំ​២០១៨ កន្លងទៅ​ក្លិប​បឹងកេត បាន​បើក​ការដ្ឋាន​សាងសង់​កីឡដ្ឋាន​គម្រោង​ទី​១​របស់ខ្លួន​ដែលមាន​ទីតាំងនៅ​តំបន់​បឹង​ស្នោ ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ ខណៈ​គិត​ត្រឹម​ពាក់កណ្ដាល​ខែមិថុនា នេះ​សំណង​មិនទាន់​រួចរាល់​១០០% នៅឡើយ​នោះទេ​។ តាម​គម្រោង​កីឡដ្ឋាន​នេះ​សាងសង់​ដើម្បី​ត្រៀម​ស្វាគមន៍​ការប្រកួត​លី​គ​កំពូល ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏ដូចជា​ពានរង្វាន់​អន្ដរជាតិ​ផ្សេងៗ​។​

​យោងតាម​ការបញ្ជា​ក់លើ​លិខិតផ្លូវការ​របស់​គណៈកម្មកា​រ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) ថា​ការប្រកួត​ដែល​គ្រោង​ធ្វើឡើង​នៅ​កីឡដ្ឋាន​បឹងកេត នោះ ​មាននៅ​ថ្ងៃទី​១៦ ខែមិថុនា បឹងកេត ត្រូវ​ប៉ះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវ​ប្តូរ​ទៅកាន់​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា ហើយ​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ ក្រុម​បឹងកេត ត្រូវ​ប៉ះ​គីរីវង់​សុខ​សែន​ជ័យ ត្រូវ​ប្តូរ​ទៅធ្វើ​នៅ​កីឡដ្ឋាន​គីរីវង់ ក្នុង​ក្រុម​ដូន​កែវ សិន​។​

​កាលពី​ពាក់កណ្ដាល​ខែឧសភា កន្លងទៅ​លោក Ratchakith Vasunan អនុប្រធាន​ក្លិប​បឹងកេត បានបញ្ជាក់​នៅលើ​វិ​ប​សាយ​ផ្លូវការ​របស់​ក្លិប​បឹងកេត ពី​ការសាងសង់​កីឡដ្ឋាន​របស់ខ្លួន​ថា​៖«​គ្រប់យ៉ាង​កំពុងដំណើរការ​ទៅមុខ​ល្អ ហើយ​មកទល់ពេលនេះ យើង​សម្រេចបាន​ប្រមាណ​ជា ៨០​ភាគរយ​ហើយ​អ្វីដែល​យើង​ត្រូវការ​ពេលវេលា​បន្ថែម​ដើម្បីឱ្យ​រួចរាល់ គឺ​ដោយសារតែ​យើង​ចង់ឱ្យ​កីឡដ្ឋាន​របស់​យើង បំពេញ​តាម​លក្ខ​ខ័​ណ្ឌ​ស្តង់ដារ ហើយ​ម្យ៉ាងវិញទៀត​គឺ​យើង​គិត​អំពី​សុវត្ថិភាព​របស់​អ្នកទស្សនា​»​។​

​សូមបញ្ជាក់ថា​ក្រៅ​អំពី​ការចូលរួម​ទស្សនាការ​ប្រកួត​នានា​ក្នុង​ទឹកដី​របស់​ក្លិប​បឹងកេត នៅ​កីឡដ្ឋាន​ថ្មី​នេះ​អ្នកគាំទ្រ​ក៏​អាច​រីករាយ​ទទួលយក​នូវ​បទពិសោធន៍​ថ្មី ជាមួយ​ការដើរ​កម្សាន្ត ទិញ​ទំនិញ​ផ្សេងៗ ទទួលទាន​អាហារ​ឆ្ងាញ់ៗ​ក្នុង​ភោជនីយដ្ឋាន​ដែលមាន​ផាសុខភាព លេង​កីឡា ឬ​ហាត់ប្រាណ​នៅ​កន្លែង Gym ដែល​បំពាក់​ដោយ​ឧបករណ៍​ទំនើបៗ​ផងដែរ​។​

​លោក បែ មករា អ្នកចាត់ការ​ទូទៅ​ក្រុម​បឹងកេត​ធ្លាប់បាន​បញ្ជាក់ថា​៖«​តាមពិតទៅ គម្រោង​យើង​ដំបូង សម្រាប់​គម្រោង​ធ្វើ​នៅ​ភ្នំពេញ គ្រាន់តែ​ជា​កន្លែង​ហ្វឹកហាត់​ទេ ព្រោះ​កីឡាករ​ភាគច្រើន​គាត់​ស្នាក់នៅ​ភ្នំពេញ ដល់ពេល​យើង​ប្រកួត​ក្នុង​ដី យើង​ទៅ​ប្រកួត​នៅ​ខេត្ត​កន្លែង​យើង​ធ្វើ​។ តែដោយសារ​យើង​អត់​ទាន់​មាន​ទីតាំងនៅ​ខេត្ត អីចឹង​យើង​ក៏​បង្វែរ​ពី​ការធ្វើ​កន្លែង​ហ្វឹកហាត់​នៅ​ភ្នំពេញ ទៅជា​ទីលាន​ប្រកួត​បណ្ដោះអាសន្ន ដែលជា​គម្រោង​ទី​១​។ ទោះបីជា​ទីលាន​ប្រកួត​បណ្ដោះអាសន្ន​ក្ដី ក៏​យើង​មិន​ធ្វើ​ឲ្យ​តែ​រួចពីដៃ​ដែរ គឺ​យើង​នឹងធ្វើ​ឲ្យ​បានល្អ ដែល​មើលទៅ​អាច​ទទួលយកបាន អ្នកគាំទ្រ​សប្បាយ​ចិត្តនឹង​មក​ទស្សនា មាន​កន្លែង​អង្គុយ និង​មាន​កន្លែង​ហាត់ប្រាណ​ជាដើម​»​។ រីឯ​គម្រោង​ទី​២ ដែល​ក្លឹប​គ្រោង​សាងសង់​ជា​កីឡដ្ឋាន​ធំ​ស្ដង់ដារ នៅ​ខេត្តកំពង់ចាម ក៏​មិនទាន់​កំណត់​ពេលវេលា​សាងសង់​ដែរ ដោយ​រង់ចាំ​រកឃើញ​ទីតាំង​ដី​ល្អ​សិន​។​

​ក្លិប​បឹងកេត ឡើង​មកលេង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១២ ហើយ​ធ្លាប់​ឈ្នះ​ជើងឯក​ចំនួន​៣​លើក​គឺ​នៅ​ឆ្នាំ​២០១២,២០១៦ និង​២០១៧ ខណៈ​នៅ​ឆ្នាំ​២០១៣ និង​២០១៤ ត្រឹម​ឈរជើង​ឯក​រង​។ នៅ​ឆ្នាំ​២០១៧ ក្រុម​នេះ​ឈ្នះ​ពានរង្វាន់ CNCC Cup 2017 ផងដែរ​។ ចំណែក​ពានរង្វាន់​នៅក្រៅ​ស្រុក​វិញ​ក្រុម​ដែលមាន​ប្រភព​មកពី​ខេត្តកំពង់ចាម មួយ​នេះ​ធ្លាប់​ចេញទៅ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ពានរង្វាន់ AFC President’s Cup នៅ​ឆ្នាំ​២០១៣ ធ្លាប់​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2015 តែ​ចាញ់​ក្រុម Buriram United របស់​ថៃ និង​ប្រកួត​ក្នុង​ពានរង្វាន់​នៅ​ឆ្នាំ​២០១៦ និង​២០១៧ ផងដែរ​។ នៅ​ឆ្នាំ​២០១៨​និង​២០១៨ ក្រុម​នេះ​មានឈ្មោះ​ចេញទៅ​លេង​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AF Cup ផងដែរ​តែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​ដូចគ្នា​៕

ដោយ ៖ ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114