ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​រថយន្ត​កុងតឺន័រ​ វ៉ា​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​​​ឥណ្ឌា​ស្លាប់​បុរស​ម្នាក់​ និង​ខូចខាត​ម៉ូតូ​ទាំងស្រុង

ភ្នំពេញ ​៖​ បុរស​​​​​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ​បន្ទាប់ពី​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​​បើក​លឿន​វ៉ា​ជែង​ជ្រុល​ទៅ​បុក ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ចំ​ពីមុខ​ពេញទំហឹង​​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៩ នៅ​ចំណុច​ស្ថានីយ​ប្រេងឥន្ធនៈ​សំ​ប្រាថ្នា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុង​ភូមិ​កន្ទោក​ខាងជើង​ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​​កើតហេតុ ​គេ​​​​បាន​ឃើញ​ម៉ូតូ​កង់​បី​ឥណ្ឌា មួយ​គ្រឿង​ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1HO 9175 ​បើកបរ​ដោយ​បុរស​ម្នាក់​ ដែល​ស្លាប់​នេះ ​បាន​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​​​មកដល់​ចំណុច​​កើតហេតុ​ស្រាប់​តែ​មាន​រថយន្ត​កុងតឺន័រ ពណ៌​ស ពាក់​ស្លាក​លេខ​3A 9143 ​ធ្វើ​ដំណើរ​ក្នុង​​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បញ្ច្រាស​ទិស​គ្នា ក្នុង​ល្បឿន​លឿន​វ៉ា​ជែង​ជាមួយ​យានយន្ត​មួយ​គ្រឿង​ទៀត ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ពេញទំហឹង ​បណ្តាល​អោយ​អ្នក​​បើកបរ​ម៉ូតូ​កង់​បី​ស្លាប់​ភ្លាមៗ។ ចំណែក​រថយន្ត​បង្ក​ បាន​បើក​រត់​បាន​ប្រមាណ​ជា​១០០​ម៉ែត្រ​ ក៏​ឈប់​ចុះ​ពី​រថយន្ត​រត់​គេច​ខ្លួន​បាត់​តែម្ដង។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះ​មក​ធ្វើ​ការ​វាស់វែង​យក​យានយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា តាមច្បាប់ ​ចំណែក​សព​កំពុង​ស្រាវជ្រាវ​រក​ក្រុម​​គ្រួសារ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

ដោយ ៖ វិទូ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114