ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ ឈិន ឈឿន ចេញទៅ​ព្យាបាល​របួស​របស់ខ្លួន​នៅ​ប្រទេស​វៀតណាម​

កីឡាករ ឈិន ឈឿន បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​០៩ ខែមិថុនា ឆ្នាំ២០១៩ ថ្មីៗ​នេះ​ដើម្បី​ពិនិត្យ​ឲ្យ​ច្បាស់​ពី​ស្ថានភាព​របួស​ដែល​បាន​កើតឡើង​តាំងពី​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា ចុងឆ្នាំ​២០១៨​កន្លងទៅ​ម្ល៉េះ ប៉ុន្តែ​រូបគេ​នៅតែ​ត្រាំត្រែង​ហ្វឹកហាត់ រហូត​កាន់តែ​ឈឺចាប់​ឡើងៗ​។

កីឡាករ ឈិន ឈឿន មានការ​សង្ស័យ​បញ្ហា​រលាក​ទង​សាច់ដុំ តែ​យ៉ាងណា មិនទាន់​ច្បាស់​នៅឡើយ​ទេ​។ យ៉ាងណាក្តី​ដំណើរ​ទៅ​ព្យាបាល​ប្រទេស​វៀតណាម នេះ​គឺ​គេ​ចង់​ពិនិត្យ​ឲ្យ​ច្បាស់លាស់​បន្ថែម ដើម្បី​ព្យាបាល​ឲ្យ​ឆាប់​ជាសះស្បើយ​។ កីឡាករ​មាន​ប្រភពពី​ខេត្តព្រៃវែង លើកឡើង​ប្រាប់ CNCC ថា «​ខ្ញុំ​ឈឺ​តាំងពី​នៅ​ជម្រើសជាតិ តែ​ជា​ម្ដង​ហើយ ក្រោយ​មកលេងៗ​ហាត់ វា​ឈឺ​វិញ ចាប់ផ្តើម​ចូល​លី​គ​ឆ្នាំ​ហ្នឹង​។ ខ្ញុំ​អត់​មាន​សម្រាក​ព្យាបាល វា​ឈឺ​ខ្លាំង​ទៅៗ​។ ដោយសារតែ​ខ្ញុំ​ចង់​ជាប់​ជម្រើសជាតិ ខ្ញុំ​អត់​ចង់​សម្រាក​យូរ ចង់​លេង​ដើម្បី​ជាប់​ជម្រើសជាតិ​»​។

​កីឡាករ​ម្ចាស់​អាវ​លេខ​១៧​រូបនេះ​បាន​បញ្ជាក់​ថា «​ឲ្យ​គេ​ពិនិត្យមើល ឲ្យ​ថ្នាំ និង​សម្រាក ប្រហែល​មួយ​អាទិត្យ ពីរ​អាទិត្យ​អី អាច​ចូល​ហ្វឹកហាត់​ជាមួយ​គេ​វិញ​បាន តែ​អានេះ​ខ្ញុំ​ស្មាន​ខ្លួនឯង​ទេ នៅ​ចាំមើល​ពិនិត្យ​ឲ្យ​ច្បាស់​ថែមទៀត​»​។ បញ្ហា​របួស​នេះ​ធ្វើ​ឲ្យ ឈិន ឈឿន មិនបាន​បង្ហាញខ្លួន​លើ​ទីលាន​ជាមួយ​ក្រុម​ក្រសួងការពារជាតិ និង​របូត​កៅអី​ក្រុម​ជម្រើសជាតិ​ផងដែរ​។

សូម​រំលឹក​ថា​ កីឡាករ ឈិន ឈឿន ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា តាំងពី​អាយុ​១៣​ឆ្នាំ​ក្នុង​ឈុត​យុវជន​រហូតដល់​ឈុត​ធំ នាពេល​បច្ចុប្បន្ន​។ ក្រៅពីនោះ​រូបគេ​បាន​ចូលរួម​ជាមួយ​ក្លិប​ក្រសួងការពារជាតិ កាលពី​ឆ្នាំ ២០០៧ ប៉ុន្ដែ​កាលនោះ​នៅ​ត្រឹម​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ ហើយ​រហូតដល់​ឆ្នាំ​២០០៩ ទើប​លោក ទេព ឡុង​រចនា បាន​ដាក់​ឲ្យ​ក្នុង​ក្រុម​ជម្រើស​១១​នាក់​ដំបូង​។ រូបគេ​ធ្លាប់​បាន​ជួយ​ក្រុម​លើក​ពានរង្វាន់​សំខាន់ៗ​ក្នុងស្រុក​មួយចំនួន​ផងដែរ​៕​
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114