ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ប៉ៃលិន ត្រូវ​សហការ​គ្នា​យកចិត្ត ទុកដាក់ ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​ឲ្យ​បាន​ល្អ​ជូន​ដល់​ប្រជាពលរដ្ឋ

ប៉ៃលិន​ ៖ ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខ​ដំណែង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​សាលប្រជុំ​សាលាខេត្ត​ប៉ៃលិន លោក អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន មានប្រសាសន៍​ដោយ​ជំ​រុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ទាំងអស់ ត្រូវ​សហការ​គ្នា​យកចិត្ត ទុកដាក់ ដោះស្រាយ នូវ​បញ្ហា​ប្រឈម​នានា​ឲ្យ​បាន​ល្អ ជូន​ដល់​ប្រជាពលរដ្ឋ ព្រោះ​យើង​ជា​អ្នកបំរើ​ប្រជាពលរដ្ឋ មិនមែនជា​ចៅហ្វាយ​របស់​ប្រជាពលរដ្ឋ​នោះទេ ។ ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត ,​សមាជិក​រដ្ឋសភា ,​តំណាង​ក្រសួងមហាផ្ទៃ ,​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣, លោក​អភិបាលខេត្ត​,​អភិបាលរង​ខេត្ត ,​ថ្នាក់ដឹកនាំ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត អភិបាលក្រុង​-​ស្រុក ,​សមាជិក​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ជាច្រើន​នាក់។

មានប្រសាសន៍​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខ​ដំណែង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន លោក អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​ចូលរួម​អបអរសាទរ កោតសរសើរ ព្រមទាំង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ដែល​ត្រូវ​បាន​តំណាង​ប្រជាពលរដ្ឋ គឺ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត ដើម្បី​បន្តការងារ​ដឹកនាំ ឲ្យ​រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែម​ទៀត ដោយ​ត្រូវតែ​ខិតខំ​បម្រើ​ផលប្រយោជន៍ និង​សេចក្តី​ត្រូវការ របស់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​ស្មើភាព យុត្តិធម៌ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ឡើយ​។ គណៈអធិបតី មានប្រសាសន៍​បន្ត​ថា កម្ពុជា​ក្រោម​ការដឹកនាំ ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, រាជរដ្ឋាភិបាល​កម្ពុជា បាន​រៀប​ចំ​ការបោះឆ្នោត​ដើម្បី បង្កើត​ក្រុមប្រឹក្សា នៃ​រដ្ឋបាល​គ្រប់​ថ្នាក់ នៅ​ថ្នាក់ក្រោម​ជាតិ ដែលមាន​អត្ថន័យ​ជ្រាលជ្រៅ​មក​លើ​ប្រព័ន្ធ នយោបាយ និង​រដ្ឋបាល​នៅ​កម្ពុជា ពីព្រោះ​ការបោះឆ្នោត​នេះ បាន​ពង្រឹង និង​ពង្រីក ដំណើរការ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ឲ្យ​ចាក់គ្រឹះ រហូតដល់​មូលដ្ឋាន នាំមក​នូវ​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល នៅ​កម្ពុជា តាមបែប​ផែន​នៃ​វិមជ្ឈការ និង​វិសហមជ្ឈការ សំដៅលើ​ការផ្ទេរ​មុខងារ​, អំណាច​, ធនធាន និង​សិទ្ធិ​ស្វ័យ​សម្រេច សមស្រប​ពី​ថ្នាក់ជាតិ មក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឆ្លើយតប​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នីមួយៗ។​ ជា​មួយ​គ្នា​នេះ​លោក អ៊ី ឈាន ក៏​ផ្តល់​ការណែនាំ ដល់​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន អាណត្តិ​ទី​៣ និង​គណៈ​អភិបាលខេត្ត ត្រូវ​បន្ត​អនុវត្ត​គោលនយោបាយ របស់ រាជរដ្ឋាភិបាល​កម្ពុជា និង​ខិតខំ​អនុវត្ត​ការងារ ឲ្យ​សម្រេច​បាន​ជោគជ័យ ជាពិសេស​បាន​ផ្តាំផ្ញើ​ដល់ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ទាំងអស់ ដែល​ទើប​ប្រកាស​ចូលកាន់ តំណែង​នា​ថ្ងៃនេះ ត្រូវ​អនុវត្ត​តាមច្បាប់​រដ្ឋធម្មនុញ្ញ ច្បាប់​លិខិត​បទ​ដ្ឋាន​នានា​ជា​ធរមាន​ផង​ដែរ។

សូម​បញ្ជាក់​ថា ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន អាណត្តិ​ទី​៣ មាន​ចំនួន​១៥​រូប ដែល​ក្នុង​នោះ​សុទ្ធ​តែ​ជា​សមាជិក​ក្រុមប្រឹក្សា មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ហើយ​លោក សៅ សារ៉ាត់ ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ដោយ​ព្រះរាជក្រឹត្យ នស​/​រប​ត​/០៦១៩/៧៦៧ ចុះ​ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ​២០១៩ ផងដែរ​៕
សេង សុវណ្ណារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114