ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​ម្នាក់​ ត្រូវ​ជាប់អន្ទាក់​របស់​សម​ត្ថ​កិច្ច​ ព្រោះតែ​ម៉ូតូ​បំពាក់​ប្រព័ន្ធ​GPS

ភ្នំពេញ​ ៖ ដោយ​បាន​ប្រព័ន្ធ​GPS ជា​សញ្ញា​មួយ​សម្រាប់​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​របស់​ជនរងគ្រោះ​មកវិញ​ និង ម៉ូតូ​របស់​ជនសង្ស័យ​២​គ្រឿង​ទៀត ​និង​ស្លាក​លេខ​ម៉ូតូ​១​ផងដែរ​។

ស្តី​ពី​លទ្ធផល​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ជាក់ស្តែង ករណី​លួច​ម៉ូតូ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ប្រតិបត្តិ​ការ​ចាប់​ឃាត់​ជនសង្ស័យ​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩ និង​៣០​នាទី ដែល​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះចក នៃ អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ពី​បទ​លួច​ម៉ូតូ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៩​អា ផ្លូវ​លេខ​៤៧ ក្រុម​១៥០ ភូមិ​១២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពី​វេលា​ម៉ោង​២១​យប់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។

អត្តសញ្ញាណ​ជនសង្ស័យ​ទី​១.​ឈ្មោះ ថា ហ៊ីម​ហាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជួសជុល​ម៉ូតូ ស្នាក់​នៅផ្ទះ​លេខ​១៦ អឺ​៣ ផ្លូវ​លេខ​២០០ ភូមិ​៦ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​ទី២.​ឈ្មោះ ឡុង ជេដ្ឋា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ គុប​ជេ​ម៉ូតូ ស្នាក់​នៅផ្ទះ​លេខ​១៦​អឺ​៣ ផ្លូវ​លេខ​២០០ ភូមិ​៦ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​(​គេចខ្លួន​)​។

ចំណែក​វត្ថុតាង​ចាប់យក ១.​ម៉ូតូ​ម៉ាក HONDA DREAM 125 ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 1CF-9792 លេខ​តួ​និង​លេខ​ម៉ាស៊ីន​9070567(​ជា​របស់​ជនរងគ្រោះ​)​ប្រគល់​ឲ្យ​ជនរងគ្រោះ​យក​ទៅ​ប្រើប្រាស់​វិញ​ទី​២.​ម៉ូតូ​ម៉ាក HONDA DREAM 125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CH-8779 លេខ​តួ​+​លេខ​ម៉ាស៊ីន​9309140(​ជា​របស់​ជនសង្ស័យ​)​ទី​៣.​ម៉ូតូ​ម៉ាក HONDA ICON ពណ៌​ក្រហម​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 1AX-4219 លេខ​តួ​+​លេខ​ម៉ាស៊ីន​8015896(​ជា​របស់​ជនសង្ស័យ​)។ ៤.​ស្លាក​លេខ​មួយ​សន្លឹក​ភ្នំពេញ 1FH-7459(​ជា​របស់​ជនសង្ស័យ​)​។

សមត្ថកិច្ច​បានដឹង​ទៀតថា​ ជនរងគ្រោះ ​ឈ្មោះ ឃុ​ត បឿន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ យោធា​ពេទ្យ​ព្រះ​កេតុមាលា ស្នាក់​នៅផ្ទះ​លេខ​៣៩​អា ផ្លូវ​លេខ​៤៧ ក្រុម​១៥០ ភូមិ​១២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ដំណើររឿង​ហេតុ​នោះ​ គឺ​នៅ​មុនពេល​កើតហេតុ​នៅ​ពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២១​យប់​ជនរងគ្រោះ​ឈ្មោះ ឃុ​ត បឿន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ បាន​ចត់​ម៉ូតូ​ម៉ាក HONDA DREAM 125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CF-9792 លេខ​តួ​+​លេខ​ម៉ាស៊ីន​9070567 នៅមុខ​ផ្ទះ​លេខ​៣៩​អា ផ្លូវ​លេខ​៤៧ ក្រុម​១៥០ ភូមិ​១២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​បាន​ចាក់សោ.ក រួច​ក៏​ដើរចូល​ទៅ​ក្នុង​ផ្ទះ​បាន​មួយសន្ទុះ​ចេញមក​វិញ ស្រាប់តែ​បាត់​ម៉ូតូ ដោយ​ម៉ូតូ​ភ្ជាប់​ប្រព័ន្ធ GPS ជនរងគ្រោះ​បាន​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច ហើយ​កម្លាំង​សមត្ថកិច្ច​បាន​សហការ​ជាមួយ​ជនរងគ្រោះ​ធ្វើការ​ស្រាវជ្រាវ​រក​តាម​ប្រព័ន្ធ GPS រហូតដល់​ផ្លូវឌឿងហែម សង្កាត់​អូរ​ឫស្សី​ទី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​ក៏​ឃើញ​ជនសង្ស័យ​ឈ្មោះ ថា ហ៊ីម​ហាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ កំពុង​អូស​ម៉ូតូ​របស់​ជនរងគ្រោះ ក៏​ធ្វើការ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង នាំមក​ទីស្នាក់ការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក ដើម្បី​ធ្វើការ​សាកសួរ​។ ចំពោះ​ជនសង្ស័យ​ឈ្មោះ ឡុង ជេដ្ឋា ភេទប្រុស អាយុ​៥៦​ឆ្នាំ បាន​រត់​គេចខ្លួន​បាត់​។ ចំណែក​ម៉ូតូ​ម៉ាក​ខាងលើ​ប្រគល់​ឲ្យ​ជនរងគ្រោះ​យកទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​វិញ​។

ចំពោះមុខ កម្លាំង​ជំនាញ​ខណ្ឌប៉ុ​សិ៍្ត កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ អនុវត្ត​តាម​នីតិវិធី​។​ និង​ទិសដៅ​បន្ត អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ នឹង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ ជំរុញ​ការស្រាវជ្រាវ​និង​បន្ត​បើក​ការ​បង្ក្រាប​ជាប់​ជាប្រចាំ​៕
រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114