ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាល​រាជធានី​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ចុះ​ពិនិត្យមើល​ការ​ស្តារ​ប្រឡាយ​និង​ការ​ដាក់​លូ​មេ ដើម្បី​រំដោះ​ទឹក​ផ្នែក​ខាងត្បូង​ផ្លូវ​សហព័ន្ធរុស្ស៊ី

ភ្នំពេញ ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ​លោក​ឃួ​ង ស្រេង កាលពី​ព្រឹក​ថ្ងៃទី​១៣​ មិថុនា​ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្ដែង​នៃ​ការ​ស្ដារ​ប្រឡាយ​និង​ការ​ដាក់​លូ​មេ ដើម្បី​រំដោះ​ទឹកភ្លៀង​តំបន់​ភាគ​ខាងត្បូង​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​ខណៈ​ដែល​តំបន់​នេះ​នៅតែ​ប្រឈម​នឹង​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ពេលដែល​ភ្លៀង​ធ្លាក់​ខ្លាំង​ម្ដង​។

លោក​សាំ​ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដើម្បី​រំដោះ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​រដូវវស្សា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការណែនាំ​ពី​លោក​ឃួ​ង​ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានសម្រេច​​ឲ្យ​ស្ដារ​ប្រឡាយ​និង​ការ​ដាក់លូ​ដើម្បី​រំដោះ​ទឹកភ្លៀង​ចេញពី​តំបន់​មួយចំនួន​នៅក្នុង​សង្កាត់​ចោមចៅ​៣ សង្កាត់​កា​កាប​១ សង្កាត់​កា​កាប​២ និង​មួយ​ប៉ែក​ទៀត​នៅក្នុង​សែន​សុខ​។

ដើម្បី​ឲ្យ​ដំណើរការ​នៃ​ការ​ស្តារ​ឡាយ​និង​ការ​ដាក់លូ ដំណើរការ​ទៅ​បាន​រលូន​និង​រួចរាល់​ទៅតាម​ផែនការ​និង​ទៅតាម​លក្ខណៈ​បច្ចេកទេស​ផង​នោះ លោក អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី​ចុះ​មក​ពិនិត្យ ស្ថានភាព ជាក់ស្តែង​តែម្តង​។

ក្នុង​ការ​ចុះពិនិត្យ​នោះ​ឃើញថា មាន​លំនៅឋាន មិន​រៀបរយ​មួយចំនួន​បាន​សង់​រំលោភ ប្រឡាយ​តែម្តង​។ ជុំវិញ​បញ្ហា​នេះ​លោក​ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ដែនដី​ធ្វើ​សេចក្តីជូនដំណឹង​ដើម្បី​ឲ្យ​ប្រ​ជា​ពលរដ្ឋ​រុះរើ​លំនៅឋាន​របស់ខ្លួន​ចេញពី​លើ​តួ​ឡាយ​ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ក៏ដូចជា​មន្ទីរ​ជំនាញ​ងាយស្រួល​ក្នុង​ការ​ស្ដារ​ប្រឡាយ​នេះ​។ ដោយឡែក​រោងចក្រ​មួយ​កន្លែង ភូមិ​ត្រពាំង​ជ្រៃ​ត្រូវ​បាន​លោក​អភិបាល​រាជធានី​ភ្នំពេញ​ធ្វើការ​ណែនាំ​ឲ្យ​អាជ្ញាធរ​ដែនដី​ជំរុញ​ឲ្យ​រោងចក្រ​ខាងលើ​ធ្វើការ ដាក់​លូ​ទំហំ​២​ម៉ែត្រ​ជំនួស​លូ​ចាស់​ដែល​មាន​ទំហំ​ត្រឹមតែ ៨​តឹក ប្រវែង​២០០​ម៉ែត្រ ដោយ​ត​ភ្ជាប់​ទៅ​ប្រឡាយ​ភូមិ​ចំការឪឡឹក។ បន្ថែម​ពី​នេះ​ទៀត​ រដ្ឋបាល​រាជធានី​ត្រូវ​ដាក់លូ​ទំហំ​២​ម៉ែត្រ​ប្រវែង​១១៧០​ម៉ែត្រ​ថែមទៀត​។

ប្រឡាយ​ដែល​បាន​នឹង​កំពុង​ស្ដារ​នេះ បានចាប់ផ្តើម​ពី​ប្រឡាយ​រ៉ា​ដា រហូត​ទៅដល់​ប្រឡាយ​ទួល​សំពៅ។ បើ​តាម​មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ប្រឡាយ​នេះ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​រំដោះ​ទឹក​ផ្នែក​ខាងត្បូង​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ដោយ​មិន​ឲ្យ​ទឹក​ហូរ​ចូល​ទៅ​ក្នុង​ព្រលានយន្តហោះ​ភ្នំពេញ​។ រំដោះ​ទឹក​មិន​ឲ្យ​ទឹកភ្លៀង​លិចលង់​នៅ ភូមិ​ត្រពាំង​ជ្រៃ ភូមិ​ត្រពាំង​ពោធិ៍ ព្រៃ​ព្រីង​ខាងជើង ភូមិ​ព្រៃទា សង្កាត់​កា​កាប​១ សង្កាត់​កា​កាប​២ សង្កាត់​ចោមចៅ​៣ និង​មួយ​ផ្នែក​ទៀត​រំដោះ​ទឹក​នៅក្នុង​ខណ្ឌ​សែន​សុខ​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114