ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​និង​ប្រទេស​ញ៉ូ​វេ​ល​ហ្សេ​ឡង់ ប្តេជ្ញា​ពង្រឹង​និង​ពង្រីក កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ប្រសើរឡើង

ភ្នំពេញ​ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ព្រឹក ថ្ងៃព្រហស្បតិ៍ ១១​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ បាន​ជួប​ជាមួយ លោក Tahamoana Macpherson ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ញ៉ូ​វេ​ល​ហ្សេ​ឡង់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះរាជាណាចក្រ​ថៃ និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ពិភាក្សា​ការងារ ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​។

​តំណាង​ឲ្យ​រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នេសាទ និង​រូបលោក​ផ្ទាល់ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ញ៉ូ​វេ​ល​ហ្សេ​ឡង់ ដែល​បាន​ធ្វើ​ការ​គាំទ្រ​តាមរយៈ​គម្រោង បច្ចេកទេស ការ​ផ្តល់​អាហារូបករណ៍ ជាពិសេស​លើ​ការ​លើកកម្ពស់​គុណភាព និង​បន្លែ និង​ផ្លែឈើ​សុវត្ថិភាព ដែល​សកម្មភាព​នេះ​គឺ​ពិតជា​ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បន្ត​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។

លោក​សង្ឃឹម និង​ជឿជាក់​ថា ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​នឹង​បន្ត ហើយក៏​មានលទ្ធភាព​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ថែម​មួយកម្រិត​ទៀត​ផង​ដែរ ជាពិសេស​លើ​ការងារ​ផលិតកម្ម​សត្វ ដើម្បី​ចូលរួម​ជួយ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន​នូវ​ចក្ខុវិស័យ​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ ២០៣០​។

ក្នុង​ជំនួប​នោះ លោក​ឯកអគ្គរដ្ឋទូត​បាន​ជម្រាប​ជូន​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​ដំណាំ​សាកវប្បកម្ម ដែល​មាន​ឈ្មោះថា “Cambodia Quality Horticulture Initiative” ដែល​គម្រោង​នេះ​ផ្តោតជាសំខាន់​ទៅលើ​ការ​លើកកម្ពស់​គុណភាព និង​សុវត្ថិភាព​បន្លែ​និង​ផ្លែឈើ តាមរយៈ​ការអនុវត្ត​កសិកម្ម​ល្អ (Good Agricultural Practices, GAP) ក្នុង​ការ​បំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម និង​តម្លៃបន្ថែម រួមជាមួយ​ការ​កសាង សមត្ថភាព និង​ទំនាក់ទំនង​ទីផ្សារ ដែល​ភាគី​ញ៉ូ​វេ​ល​ហ្សេ​ឡង់​មានបំណង​ពង្រីក​សកម្មភាព​ថែមទៀត​។

បន្ទាប់ពី​បាន​ស្តាប់​នូវ​បទ​រាយការណ៍​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង លោក រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​គម្រោង​កំពុង​សម្រេច​បាន ហើយ​លោក​បញ្ជាក់​ថា ​នឹង​ចុះ​ពិនិត្យ​ផ្ទាល់​នា​ថ្ងៃស្អែក ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមិថុនា នៅ​ខេត្តសៀមរាប​។ ទន្ទឹម​នឹង​នេះ ដើម្បី​ឲ្យ​គម្រោង​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​ក្រុមការងារ​រៀបចំ​ចងក្រង​ជា​ឯកសារ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ និង​បង្កើន​ការបណ្ដុះបណ្ដាល​ទាំង​បច្ចេកទេស ជំនាញ និង​ការអនុវត្ត​ដល់​ប្រជាកសិករ ធ្វើយ៉ាងណា​ជួយ​លើកកម្ពស់​ជីវភាព​រប​ស់​គាត់​ឆ្លើយតប​ទៅនឹង​បរិបទ​នៃ​កំណើនសេដ្ឋកិច្ច៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114