ព័ត៍មានទាន់​ហេតុការណ៏
Search

ឯក​អគ្គរាជ​កម្ពុជា នៅ​សិង្ហ​បុរី ប្រតិកម្ម​ចំពោះ​ការផ្សាយ​របស់​ស្ថានីយ​ទូរទស្សន៍​ព័ត៌មាន​អាស៊ី​-CNA ស្តីពី​កម្ពុជា​

​ភ្នំពេញ ​៖ លោក ងួន សុខ​វេ​ង ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សិង្ហ​បុរី កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​ការផ្សាយ​របស់ Channel News Asia-CNAទាក់ទង​ប្រទេស​កម្ពុជា និង​បានស្នើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ ចុះផ្សាយ​មតិ​សារ​ប្រតិកម្ម​ទាំងស្រុង នៅលើ​គេហទំព័រ​របស់ CNA​។​

​ប្រតិកម្ម​នេះ បាន​ធ្វើឡើង​តាមរយៈ​លិខិត​មួយច្បាប់​របស់លោក ងួន សុខ​វេ​ង ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ផ្ញើជូន​លោកស្រី ថាំ ឡុ​ក ខេង (Tham Loke Kheng) ប្រធាន​ប្រតិបត្តិ​សាជីវកម្ម​ផ្សព្វផ្សាយ (Chief Executive Officer, Mediacorp)​។​

​លោក ងួន សុខ​វេ​ង បាន​លើកឡើងថា លោក​សរសេរ​លិខិត​នេះ ដោយយោង​លើ​សេចក្តីរាយការណ៍​ព័ត៌មាន​នាពេល​ថ្មីៗ​នេះ របស់​ស្ថានីយទូរទស្សន៍​ព័ត៌មាន​អាស៊ី (Channel News Asia-CNA) ស្តីអំពី​កម្ពុជា ដែលមាន​ចំណងជើង​ថា ពិនិត្យ​ស៊ី​ជ​ម្រៅៈ ការទូត​មូលប្បទានប័ត្រ​របស់​ចិន (INSIGHT: China’s Chequebook Diplomacy) ដែល​បាន​ចុះផ្សាយ​តាម​គេហរ​ទំព័រ​របស់ CNA កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៩ និង​បាន​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ CNA​។ លោក​អះអាងថា លោក​មិន​ពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​អត្ថន័យ​នៃ​សេចក្តីរាយការណ៍​ព័ត៌មាន​នេះ ដែល​បានលើកឡើង​ដោយ​ខុស​ការពិត​អំពី​កម្ពុជា ដោយ​ឈរលើ​ព័ត៌មាន​តែមួយ​ផ្នែក និង​ការវិភាគ​មិនបាន​ស៊ីជម្រៅ ជាពិសេស​ពាក់ព័ន្ធ​ដល់​ការអភិវឌ្ឍ​ទីក្រុង​ព្រះសីហនុ ដែល​នាំ​ឲ្យ​មតិសាធារណៈ​យល់​ខុស និង​ប៉ះពាល់​ដល់​មុខមាត់ និង​កិត្តិនាម​របស់​ប្រទេស​កម្ពុជា​។​

​លោក ងួន សុខ​វេ​ង អះអាងថា សេចក្តីរាយការណ៍​រប​ស់ CNA ស្តីពី​ផល​អវិជ្ជមាន​ពី​ការអភិវឌ្ឍ​ក្រុងព្រះសីហនុ ដោយ​វិនិយោគិន​ចិន និង​កំណើន​ទេសចរ​ចិន​ក្នុង​ទីក្រុង​នេះ មិនបាន​ឆ្លុះបញ្ចាំង​ពី​ស្ថានការណ៍​ពិត​ឡើយ ដោយ​មិនបាន​អើពើ​ចំពោះ ការពិត​ដែលថា ការវិនិយោគ និង​ទេសចរ​ចិន បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម របស់​កម្ពុជា តាមរយៈ​បង្កើត​ការងារ​ដល់​ប្រជាជន​កម្ពុជា នៅក្នុង​វិស័យ​ជាច្រើន រួមមាន​ឧស្សាហកម្ម​វាយនភណ្ឌ សំលៀកបំពាក់ និង​សេវាកម្ម​។ ជា​ឧទាហរណ៍ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ បានផ្តល់​ការងារ​រាប់ពាន់​ដល់​ប្រជាជន​ក្នុងស្រុក​។ លើសពីនេះទៅទៀត ជំនួយ និង​កម្ចីសម្បទាន​រប​ស់​ចិន បាន​ដើរតួនាទី​ជា​សារ​វ័​ន្ត ក្នុង​ការគាំទ្រ​ការអភិវឌ្ឍ​កម្ពុជា លើ​វិស័យ​ជាច្រើន ជាពិសេស​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​។ ជាការ​ច្បាស់​ណាស់ ដែល​សេចក្តីរាយការណ៍​របស់ CNA មិនបាន​ខិតខំ​បង្ហាញ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទេ អំពី​ការពិត​ស្តីពី​ការវិនិយោគ និង​វត្តមាន​ចិន​នៅ​ក្រុងព្រះសីហនុ ហើយ​ផ្ទុយទៅវិញ លើកឡើង​តែ​ពី​ទស្សនៈ​អវិជ្ជមាន ផ្អែក​តាម​ការយល់ឃើញ​របស់​ប្រជាជន​មូលដ្ឋាន​តែ​ពីរ​នាក់​។ ការយល់ឃើញ​របស់​ម​នុស្ស​ពីរ​នាក់​នេះ អាច​តំណាង​ឲ្យ​ប្រជាជន​ក្រុងព្រះសីហនុ​ភាគច្រើន និង​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​ក្រុងព្រះសីហនុ បាន​យ៉ាងដូច​ម្ដេច​កើត​។​

​តាម​សេចក្តីរាយការណ៍​របស់ CNA ក៏បាន​លើកឡើង​ពី​បញ្ហាដីធ្លី ដោយ​ឈរលើ​ព័ត៌មាន​តែ​ម្ខាង ដោយ​មិនបាន​សិក្សា​ស៊ីជម្រៅ​ដល់​ឫសគល់​នៃ​បញ្ហា និង​បានធ្វើ​ការវាយតម្លៃ​ដោយ​ឥត​មូលដ្ឋាន​ថា បញ្ហាដីធ្លី​គឺ​បង្កឡើង​ដោយសារ​កំណើន​នៃ​ការវិនិយោគ​របស់​ចិន​។ យើង​ពិត​ជាមាន​ចម្ងល់​ពី​គោលបំណង​នៃ​សេចក្តី រាយការណ៍​របស់ CNA លើ​បញ្ហា​នេះ ហើយ​យើង​បាន​កត់សំគាល់ថា របៀប​ប្រមូល​ព័ត៌មាន​លើ​បញ្ហាដីធ្លី ក៏​គ្មាន​លក្ខណៈ​ស៊ីជម្រៅ​ដែរ​។ ជាការ​ពិត រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើការ​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​ដោះស្រាយ​បញ្ហាដីធ្លី​ទូទាំងប្រទេស​។ មកដល់​ខែ ឧសភា ឆ្នាំ ២០១៩ កម្ម​សិទ្ធិ​ដី​ប្រមាណ ៥,២ លាន ត្រូវបាន​រដ្ឋាភិបាល​ប្រគល់ជូន​ដល់​ប្រជាជន​កម្ពុជា ដែល​មានន័យថា ៧៤​ភាគរយ នៃ​ចំនួន​កម្ម​សិទ្ធ​ប្រមាណ​៧​លាន ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​តាំងចិត្ត ចុះបញ្ជី​ឲ្យ​បាន​ចប់សព្វគ្រប់​នៅត្រឹម​ឆ្នាំ​២០២១​។​

​សេចក្តីរាយការណ៍​រប​ស់ CNA បាន​គូសបញ្ជាក់​ដោយ​បំផ្លើស និង​មិន​ត្រឹមត្រូវ​តាម​យុត្តិធម៌​ថា កម្ពុជា​កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់​បាត់បង់​ភាពបត់បែន ក្នុង​ការកំណត់​ក្របខ័ណ្ឌ​នយោបាយ​ការបរទេស​ឯករាជ្យ បន្ទាប់ពី​បាន​ធ្លាក់​ជ្រៅ​ទៅក្នុង​រង្វង់​ឥទ្ធិពល​របស់​ចិន ដោយ​លើក​ជា​ឧទាហរណ៍​ថា នៅ​ឆ្នាំ​២០១៦ កម្ពុជា​គឺជា​អ្នក​ដែល​បាន​រាំងស្ទះ ការចេញ​សេចក្តីថ្លែងការណ៍​ដែល​ប្រើពាក្យ​ធ្ងន់ៗ ពាក់ព័ន្ធ​សកម្មភាព​ចាក់​ពង្រីក​ដី នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ ការចោទប្រកាន់​ដោយ​ឥត​មូលដ្ឋាន​មកលើ​កម្ពុជា​នេះ មិនអាច​ទទួលយកបាន​ទេ​។​

​លោក ងួន សុខ​វេ​ង បាន​ទាញ​ការចាប់អារម្មណ៍​ថា កម្ពុជា គឺជា​ប្រទេស​ឯករាជ្យ និង​អព្យាក្រឹត ហើយ​ដូចជា​ប្រទេស​សិង្ហ​បុរី​ដែរ កម្ពុ​ជាមាន​សិទ្ធិ​អនុវត្ត​នយោបាយ​ការបរទេស ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ក៏ដូចជា​ច្បាប់ និង​បទដ្ឋាន​អន្តរជាតិ​នានា ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង រួមចំណែក​ដល់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់ និង​ពិភពលោក​។ ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង កម្ពុជា​បាន​ប្រកាន់​ជំហរ​ដោយ​ឥត​ប្រែប្រួល​។ ក្នុងនាម​ជា​ប្រទេស​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការទាមទារ​អធិបតេយ្យភាព នៅ​តំបន់​នេះ កម្ពុជា​មិន​ប្រកាន់​ជំហរ​លំអៀង​ទៅខាង​ណា​ឡើយ​។ ជាការ​ពិត អាស៊ាន​មិនមែនជា​តុលាការ​កាត់សេចក្តី​លើ​ជម្លោះ​ទាមទារ​ដែនដី​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទេ​។ កម្ពុជា​តែងតែ​លើកទឹកចិត្ត និង​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ផ្ទាល់ ឲ្យ​ដោះស្រាយ​ជម្លោះទឹកដី ដោយ​សន្តិវិធី តាមរយៈ​ការពិគ្រោះ​យោបល់ និង​ការចរចា​ទ្វេភាគី​។ វា​ជា​ផលប្រយោជន៍​ល្អ​បំផុត​សម្រាប់​អាស៊ាន​ទាំងមូល ក្នុងការ​រក្សា​ភាពជា​ដៃគូ​អាស៊ាន​-​ចិន ឲ្យ​បន្ត​រីកលូតលាស់ និង​ថែរ​រក្សា​សន្តិភាព ស្ថិរភាព និង​វិបុលភាព​រួម​នៅក្នុង​តំបន់​។​

​សេចក្តីរាយការណ៍​រប​ស់ CNA ក៏បាន​អះអាង​ដោយ​គ្មាន​មូលដ្ឋាន​ថា កម្ពុជា​បាននិងកំពុង​តែ​ត្រូវបាន​ស្រូប​ចូលទៅក្នុង​អន្ទាក់​បំណុល​ដកខ្លួន​មិន​រួច តាមរយៈ​ការទទួល​ឥណទាន​ដ៏​ច្រើន​មហិមា ការវិនិយោគ​និង​ជំនួយ ហិរញ្ញវត្ថុ​ពី​ប្រទេស​ចិន​។ អ្វី​ដែលជា​ការពិត គឺ​រាជរដ្ឋាភិបាល​កម្ពុជា មាន​សមត្ថភាព​អាច​គ្រប់គ្រង​គោលនយោបាយ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់ខ្លួន​បាន​។ កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​យ៉ាង តឹងរឹង​ក្នុងការ​ខ្ចីប្រាក់​ពី​ម្ចាស់ជំនួយ​សំខាន់ៗ​របស់ខ្លួន ដែល​រួមមាន​ដូចជា ប្រទេស​ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ និង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សំរាប់តែ​ករណី​ចាំបាច់ ដើម្បី​ការអភិវឌ្ឍ​ប្រទេស និង​ជំរុញ​កំណើនសេដ្ឋកិច្ច​។ ជាក់ស្តែង តម្លៃ​អនុ​បាត​បច្ចុប្បន្ន​នៃ​បំណុល​សាធារណៈ​ក្រៅប្រទេស​របស់​កម្ពុជា ធៀប​ជាមួយ​ផលិតផល​ក្នុងស្រុក​សរុប (GDP) គឺមាន​ត្រឹមតែ​២១.៤ ភាគរយ​ប៉ុណ្ណោះ ដែល​នេះ​ជា​កម្រិត​ទាប​នៅឡើយ បើ​ធៀប​ទៅនឹង​កម្រិត​អនុ​បាត​គោល​អប្ប​បរិ​មា​៤០​ភាគរយ សម្រាប់​កម្ចី​ប្រកបដោយ​ចីរភាព ហើយ​ចំណុច​នេះ មានការ​ទទួលស្គាល់​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ ដូចជា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ធនាគារពិភពលោក (WB) និង ADB ។ ដូចនេះ ការ​អះអាងថា កម្ពុជា​កំពុង​ធ្លាក់ចូល​ទៅក្នុង​អន្ទាក់​បំណុល​ដែល​មិនអាច​ដោះខ្លួន​រួច ជា​រឿង​ដែល​មិន​ត្រឹមតែ​ជា​កំហុសឆ្គង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើ​ឲ្យ ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា និង​គូស​បង្ហាញ​រូបភាព​ខ្មៅ​ងងឹត​ស្តីពី​ទំនាក់ទំនង​កម្ពុជា​-​ចិន​។​

​ក្រៅ​ពីបទ​យកការណ៍​នៅក្រោម​ចំណងជើង “​ការទូត​មូលប្បទានប័ត្រ​របស់​ចិន​” របស់ CNA នៅមាន​សេចក្តីរាយការណ៍​ព័ត៌មាន​ផ្សេងៗ​ទៀត ដែល​រំលេច​ទិដ្ឋភាព​អវិជ្ជមាន​ស្តីពី​កម្ពុជា​។ បទ​យកការណ៍​របស់ CNA ដែលមាន​ចំណងជើង​ថា “​សូត្រ និង​វិថីៈ ថៃ និង​កម្ពុជា រមួល​នៅលើ​ផ្លូវ​” ក៏បាន​បង្ហាញ​រូបភាព​ដែលមាន​លក្ខណៈ​លំអៀង បំភ័ន្ត​មតិ និង​មាន​ការពិត​តែមួយ​ជ្រុង​ស្តីពី​កម្ពុជា និង​ការអភិវឌ្ឍ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

​ជាទី​បញ្ចប់ ខណៈដែល​កម្ពុជា និង​សិង្ហ​បុរី មាន​ចំណងមិត្តភាព​ដ៏​យូរលង់ និង​កិច្ចសហប្រតិបត្តិការ ដ៏​ជិតស្និទ្ធ​លើ​វិស័យ​នានា ហើយ​ប្រទេស​ទាំងពីរ​ក៏​ជា​សមាជិក​អាស៊ាន​ដូចគ្នា លោក​បានស្នើ​ឲ្យ​ធ្វើការ​ចុះផ្សាយ​មតិ​ខាងលើ​ទាំងស្រុង​នៅក្នុង​គេហរ​ទំព័រ​របស់ CNA ដែល​នេះ គឺជា​សិទ្ធិ​ក្នុងការ​ឆ្លើយតប ហើយ​សង្ឃឹម​ថា បទ​យកការណ៍​នានា​អំពី​កម្ពុជា​នាពេល​អនាគត នឹង​ចៀសវាង​ការឆ្លុះបញ្ចាំង​តែ​ពី​ចំណុច​អវិជ្ជមាន​ដោយ​គ្មាន​តុល្យភាព ហើយ​យក​ការពិត​ជាក់ស្តែង​ទាំងស្រុង​មក​ធ្វើជា​មូលដ្ឋាន ដើម្បី​លើកកម្ពស់​ទំនុកចិត្ត​លើ CNA និង​ជួយ​រួមចំណែក​ដល់​ការវិវត្តន៍​ជា​វិជ្ជមាន​នៃ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា និង​សិង្ហ​បុរី​៕ ដោយ ៖ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114