ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​រាជរដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ផ្សព្វផ្សាយ​អំពី​ទិវា​ជាតិ​អប់រំ​ឲ្យ​បាន​ទូលំទូលាយ

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​សហការ​រៀបចំ​និង​ផ្សព្វផ្សាយ​ទិវា​ជាតិ​នេះ​ឲ្យ​បាន​ផុលផុស​ឱឡារិក​អធិកអធម​នៅ​ទូទាំង​ប្រទេស​ក្នុង​គោលបំណង​លើកកម្ពស់​ការអប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សារលិខិត​អបអរសាទរ​ក្នុង​ឱកាស​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​លើក​ទី​២​ក្រោម​ប្រធានបទ «TVET អាចធ្វើ​បាន​» ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខ​។ នេះ​បើតាម​សារលិខិត​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ចុះ​ថ្ងៃទី​១១​ខែមិថុនា ឆ្នាំ​២០១៩​។

​ក្នុង​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ការ​កត់សំគាល់​ថា«​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ដើរ​តួនាទី​ដ៏​សំខាន់​ចាំបាច់​ក្នុងការ​អភិវឌ្ឍ​មូលធន​មនុស្ស​ឲ្យ​មាន​ចំណេះដឹង​សមត្ថភាព​ជំនាញ​ឥរិយាបថ​ការងារ​និង​សីលធម៌​វិជ្ជាជីវៈ​ដែលជា​កត្តា​កំណត់​ក្នុងការ​លើកកម្ពស់​ផលិតភាព​ភាព​ប្រកួតប្រជែង​និង​ការ​ទាក់ទាញ​វិនិយោគ​សំដៅ​រក្សា​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​បង្កើត​ការងារ​ថ្មី​កាន់តែ​ល្អ​ទទួលបាន​ប្រាក់ចំណូល​ប្រសើរឡើង​និង​រស់ក្នុង​ភាពសុខដុមរមនា​»​។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​ជួប​នូវ​បញ្ហា​ភាព​មិន​ស៊ីគ្នា​នៃ​ជំនាញ​និង​ការ​ផ្គត់ផ្គង់​ជំនាញ​មិន​គ្រប់គ្រាន់​ដោយសារតែ​ប្រព័ន្ធ​អប់រំ​បណ្ដុះបណ្ដាល​នៅ​មាន​កម្រិត​និង​មិនទាន់​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​កម្លាំង​ពលកម្ម​ដែល​កំពុង​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​។ ជាង​នេះ​ទៅ​ទៀត ​ការវិវត្តន៍​បច្ចេកវិទ្យា​ក្នុង​ដំណាក់​ការ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​និង​បណ្ដាល​ឲ្យ​មានការ​បាត់បង់​ការងារ​ហើយក៏​បង្កើត​ឲ្យ​មាន​ប្រភេទ​ការងារ​ថ្មីៗ​ផងដែរ​។ ប៉ុន្តែ​អ្នក​ដែល​បាត់បង់​ការងារ​ក្នុងដំណាក់កាល​បដិវត្ត​ន៍​នេះ​នឹង​មិនអាច​ស្វែងរក​ការងារ​បាន​នោះទេ​ប្រសិនបើ​ពួកគេ​មិន​ទទួលបាន​ការបណ្ដុះបណ្ដាល​ជំនាញ​ឡើងវិញ​និង​បង្កើន​សមត្ថភាព​ជំនាញ​។ ក្នុងន័យនេះ​យើង​មិនមាន​ជម្រើស​អ្វី​ក្រៅពី​បង្កើន​សមត្ថភាព​ជំនាញ​ដល់​កម្លាំង​ពលកម្ម​បង្កើន​ផលិតភាព​បង្រួម​គម្លាត​ភាពមិន​ស៊ីគ្នា​នៃ​ជំនាញ​ពង្រឹង​សេវា​ព័ត៌មាន​ទីផ្សារការងារ​និង​សេវា​ការងារ​ឲ្យធ្វើ​បង្កើន​គុណភាព​អប់រំ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដើម្បី​ចាប់យក​អត្ថប្រយោជន៍​ជា​អតិបរមា​និង​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការប្រែប្រួល​ពិភព​ការងារ​និង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការជំនាញ​នាពេល​អនាគត​។

​ជាមួយគ្នា​នោះដែរ​មើលឃើញ​អំពី​បញ្ហា​ប្រឈម​ខាងលើ​នឹង​សក្តានុពល​ផ្នែក​ប្រជាសាស្ត្រ​របស់​កម្ពុជា​រាជរដ្ឋាភិបាល​នីតិកាល​ទី ៦ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ សំដៅ​ធានា​កំណើនសេដ្ឋកិច្ច​ខ្ពស់​និង​ប្រកប​ដោយ​ចីរភាព​តាមរយៈ​ការទាញយក​ផលប្រយោជន៍​ពី​កាលានុវត្តភាព​នៅក្នុង​តំបន់ ចាប់យក​បច្ចេកវិទ្យា​ថ្មីៗ​និង​ចាប់​យក​ឱកាស​ក៏ដូចជា​ជម្នះ​រាល់​ផល​អវិជ្ជមាន​នៃបដិ​វត្ត​ន៍​ឧស្សាហកម្ម​ទី ៤ ព្រមទាំង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ក្នុង​គោលដៅ​ឈានទៅ​សម្រេច​បាន​ឋានៈ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ដោយបាន​កំណត់ថា​”​យុវជន​ម្នា​ក់មាន​ជំនាញ​មួយ​យ៉ាង​ពេជ្រ​ប្រចាំជីវិត​”។

ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ​មាន​សិក្ខាកាម​សិស្ស​និស្សិត​និង​កម្មករនិយោជិត ជាង ២០ម៉ឺន​នាក់​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​លើកកម្ពស់​ជំនាញ​របស់​ខ្លួន​ដើម្បី​ចាប់​យក​ឱកាស​ការងារ​ល្អ​និង​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង ​។ ដើម្បី​ផ្តល់​ភាព​បត់បែន​ងាយស្រួល​ស្របតាម​ស្ថានភាព​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​កម្មវិធី​បណ្ដុះ​បណ្ដាល​ត្រូវ​បានរៀបចំ​ឲ្យ​មាន​ជា​រយៈពេល​ខ្លី​និង​រយៈពេល​វែង​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ​ហើយ​ត្រូវបាន​អនុវត្ត​ធ្វើឡើង​ទៅតាម​គ្រឹះស្ថាន​សហគ្រាស​សហគម​ន៍​និង​ចល័ត​។

ទន្ទឹម​នឹង​ការពង្រីក​បរិមាណ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើ​ការ​លើក​កំពស់​គុណភាព​ការបណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ឲ្យ​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ជំនាញ​និង​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​យ៉ាង​ឆាប់រហ័ស​ព្រមទាំង​អាច​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ដោយ​ពង្រីក​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ រោង​ជាង​បន្ទប់ពិសោធន៍​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​នវានុវត្តន៍​បំពាក់​មូលដ្ឋាន​សម្ភារៈ​និង​បរិក្ខារ​លើកកម្ពស់​គុណ​ភាព​សមត្ថភាព​គ្រូ​ដាក់​ឲ្យ​អនុវត្ត​ស្តង់ដា​និង​កម្មវិធីសិក្សា​ថ្មី​ផ្អែកលើ​សមត្ថភាព​អនុវត្ត​នូវ​កម្មវិធី​វិញ្ញាណ​ប​នប​ត្រ​វិជ្ជាជីវៈ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​វាយតម្លៃ​ផ្អែកលើ​សមត្ថភាព​និង​ផ្ដល់​វិញាបនបត្រ​វិជ្ជាជីវៈ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ឧស្សាហកម្ម​និង​ការចុះ​កម្មសិក្សា​អនុវត្ត​ផ្ទាល់​នៅ​កន្លែងធ្វើការ​ដាក់​ឲ្យ​អនុវត្ត​ប្រព័ន្ធ​ធានា​គុណភាព​និង​ពង្រឹង​អភិបាលកិច្ច​ក្នុង​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​រហូតមកដល់​ពេលនេះ​មាន​គ្រឹះស្ថានសាធារណៈ​ចំនួន ២០ ត្រូវបាន​ទទួលស្គាល់​គុណភាព​ពី​អង្គការ​ស្តង់ដារ​អន្តរជាតិ (ISO)​។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​យក​ឱកាស​នេះ​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ក្រសួង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​សាស្ត្រាចារ្យ​លោកគ្រូ​អ្នកគ្រូ​សិស្ស​និស្សិត​មាតាបិតា​អាណាព្យាបាល​និយោជក​កម្មករនិយោជិត​ផ្នែក​ឯកជន​អង្គការ​មិនមែន​រដ្ឋាភិបាល​ដៃគូ​អភិវឌ្ឍន៍​និង​បងប្អូន​ជនរួមជាតិ​ដូចតទៅ ៖
១.​ចូល​បន្ត​ថែរក្សា​សុខសន្តិភាព​និង​ស្ថិរភាព​នៅ​កម្ពុជា​ដែលជា​លក្ខខណ្ឌ​ចាំបាច់​ក្នុង​ការបន្ត​អភិវឌ្ឍ​មូលធន​មនុស្ស​ពោរពេញ​ទៅ​ដោយ​ជំនាញ​និង​សមត្ថភាព​ដើម្បី​ជំរុញ​លើកកម្ពស់​ផលិតភាព​ភាព​ប្រកួតប្រជែង​កំណើនសេដ្ឋកិច្ច​ខ្ពស់​ការបង្កើត​ការងារ​ថ្មី​កាន់តែ​ល្អ​នឹង​រក្សា​ការងារ​ដែលមាន​ស្រាប់​សំដៅ​បន្ត​ទៅលើ​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

ទី២.​បន្ត​ចូលរួម​នឹង​ផ្ដល់​ការគាំទ្រ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ជោគជ័យ​នូវ​ចក្ខុវិស័យ​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​កម្ពុជា​ប្រកបដោយ​ចំណេះដឹង​សមត្ថភាព​ចំណេញ​ព្យាបទ​ការងារ​សីលធម៌​វិជ្ជាជីវៈ​ផលិតភាព​ខ្ពស់​និង​មាន​លក្ខណៈ​ប្រកួតប្រជែង​សម្រាប់​ការងារ​ពេញ​មួយជីវិត​។

ទី​៣.​បន្ត​លើកទឹកចិត្ត​និង​បង្កើន​ការចុះឈ្មោះ​កូនចៅ​ចូលរៀន​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ​ដើម្បី​មាន​ជំនាញ​ច្បាស់លាស់​អាច​ចិត្ត​យក​ឱកាស​ការងារ​ល្អ​ដែល​កំពុង​រីកចម្រើន​និង​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​។

៤.​គ្រប់​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​របស់​រដ្ឋ​និង​ឯកជន​ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​សូម​បន្ត​ជួយ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​នូវ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ដើម្បី​បង្កើន​ការយល់ដឹង​នូវ​សារសំខាន់​វិស័យនេះ​ក្នុងចំណោម​សាធារណជន​។

៥.​ដោយឡែក​ក្នុងឱកាស​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​លើក​ទី​២ ក្រោម​ប្រធានបទ “TVET អាចធ្វើ​បាន​” នេះ​សូម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​សាស្ត្រាចារ្យ​លោកគ្រូ​អ្នកគ្រូ​សិស្ស​និស្សិត​មាតាបិតា​អាណាព្យាបាល​និយោជក​កម្មករនិយោជិត​ផ្នែក ឯកជន​អង្គការ​មិនមែន​រដ្ឋាភិបាល​ដៃគូ​អភិវឌ្ឍន៍​និង​បងប្អូន​ជនរួមជាតិ​ទាំងអស់​ចូលរួម​សហការ​រៀបចំ​និង​ផ្សព្វផ្សាយ​ទិវា​ជាតិ​នេះ​ឲ្យ​បាន​ផុលផុស​ឱឡារិក​អធិកអធម​ទូទាំងប្រទេស​។

សូម​ជម្រាប​ថា ទិវា​ជាតិ​អប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ រៀបចំ​ធ្វើឡើង រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥-១៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​៨​យប់៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114