ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សិង្ហ​បុរី ទទួល​ជួបពិភាក្សា​ការងារ និង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា​

​សិង្ហ​បុរី​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​បន្ត​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​កម្ពុជា ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​សំខាន់ៗ​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ឯកឧត្តម​បណ្ឌិត អ៊ឹង អេង ហេន (Ng Eng Hen) រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី បានរៀបចំ​ទទួល​អាហារ​ថ្ងៃត្រង់ និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។

​ក្នុងជំនួប​នេះ ឯកឧត្តម​បណ្ឌិត អ៊ឹង អេង ហេន (Ng Eng Hen) រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​សិង្ហ​បុរី បានបញ្ជាក់​ជាថ្មី​ម្តងទៀត​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​ក្នុង​វិស័យ​ការពារជាតិ​។ ឯកឧត្តម ក៏បាន​អរគុណ​ប្រទេស​កម្ពុជា ដែល​តែងតែ​គាំទ្រ​ប្រទេស​សិង្ហ​បុរី ក្នុង​ការរៀបចំ​កម្មវិធី​អន្តរជាតិ​នានា​។ ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់​ជំហរ​ថា ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំងពីរ នឹង​បន្ត​ធ្វើការ​ជាមួយគ្នា​ដើម្បី​រក្សា​សន្តិភាព និង​សិ្ថរភាព​ក្នុង​តំបន់​។

​នៅក្នុង​ជំនួប​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​​​ថា សន្តិភាព និង​ស្ថិរភាព ជា​កត្តា​ជំរុញ​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ជាក់ស្តែង ដោយសារ​មាន​សន្តិភាព និង​ស្ថិរភាព​រយៈពេល​២០​ឆ្នាំ ចុងក្រោយ​នេះ ទើប​ប្រទេស​កម្ពុជា មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដូចនេះ​ក្នុង​តំបន់​អាស៊ាន សន្តិភាព និង​ស្ថិរភាព ជា​កត្តា​ជំរុញ​តំបន់​នេះ​ឱ្យ​បន្ត​ការអភិវឌ្ឍ និង​រីកចម្រើន​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក មានជំនឿថា ដំណើរ​ទស្សនកិច្ច​នេះ ជាការ​បន្ត​រឹតចំណង​មិត្តភាព នៃ​ប្រទេស​ទាំងពីរ កងទ័ព និង​ប្រជាជន​ទៅ​ថ្ងៃ​អនាគត​។​

​នៅក្នុង​ទំព័រ Facebook ផ្លូវការ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​សរសេរ​ដែរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មកកាន់​ប្រទេស​សិង្ហ​បុរី​លើក​នេះ លោក​ក៏មាន​ឱកាស​ជួប​ជាមួយ​ឯកឧត្តម​បណ្ឌិត អឹង អេង​ហិន (Dr. Ng Eng Hen) រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សិង្ហ​បុរី ជា​លើក​ទី​ពីរ ដោយបាន​ពិភាក្សា ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​ប្រធានបទ​មួយចំនួន​ទាក់ទង​ប្រទេស​យើង​ទាំងពីរ ក៏ដូចជា​សភាពការណ៍​ក្នុង​តំបន់​។

​លោក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ​ឯកឧត្តម​បណ្ឌិត និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​សិង្ហ​បុរី ចំពោះ​ការ​ស្វា​គម​ន៍​យ៉ាង​កក់ក្តៅ ព្រមទាំង​ការចែករំលែក​នូវ​ទស្សនៈ និង​បទពិសោធន៍​លើ​កិច្ចការងារ​សំខាន់ៗ​មួយចំនួន​។ ឆ្លងតាម​កិច្ចសន្ទនា​ទាំងនេះ បានបញ្ជាក់​អោយឃើញ​អំពី​ភាពស្របគ្នា​នៃ​ឆន្ទៈ និង​គោល​គំនិត របស់​ប្រទេស​កម្ពុជា និង​សិង្ហ​បុរី ក្នុងការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ទាំង​ពេលបច្ចុប្បន្ន និង​ទៅ​អនាគត​៕

ដោយ ៖ សុជាតា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114