ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទុះ​គ្រាប់​ប៉េ​ប្រភេទ​៤០​ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅនឹង​កន្លែង ខណៈ​​​​ កំពុង​ស៊ី​ឈ្នួល​ធ្វើ​ស្មៅ​ដំឡូង​មី​ឲ្យ​គេ

ប៉ៃលិន ​៖ ​បុរស​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ខណៈពេល​ទៅ​ស៊ីឈ្នួល​ធ្វើ​ស្មៅ​ដំឡូង​មី​ឲ្យ​គេ ដោយ​យក​កណ្ដៀវ​ច្រូត​គល់​ដំ​ឡូង ស្រាប់តែ​ប៉ះ​នឹង​គ្រាប់​ប៉េ​ប្រភេទ​៤០ បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​តែម្តង ។

ហេតុការណ៍​ផ្ទុះ​គ្រាប់​ស្លាប់​មនុស្ស​នេះ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១៥​និង​២៥ នាទី ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​ចំការ​ដំឡូង​មី​មួយ​កន្លែង​ក្បែរ​មាត់​ស្ទឹង ក្នុង​ភូមិ​ថ្នល់​បត់ ឃុំ​អូរអណ្ដូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។

​ជនរងគ្រោះ​ឈ្មោះ វិ​ន ភេទ​ប្រុស អាយុ ២១ ឆ្នាំ ជា​កសិករ (​ស្លាប់​) រស់នៅ​ភូមិ​ស្ទឹងត្រង់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​លោក​វរសេនីយ៍ទោ រី តារា អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ បាន​ឲ្យ​អ្នកយកព័ត៌មាន​ដឹងថា​៖ មុនពេល​កើតហេតុ​គឺ​ជនរងគ្រោះ​ខាងលើ បាន​ទៅ​ស៊ីឈ្នួល​ធ្វើ​ស្មៅ​ដំឡូង​មី​ឲ្យ​ម្ចាស់​ចម្ការ​ឈ្មោះ សឿន ដោយមាន​កម្មករ​ចំនួន​ជិត​១០​នាក់ ស្រប​ពេល​កំពុង​ធ្វើការ កម្មករ​ដទៃ​ទៀត គេ​ធ្វើ​លឿន​ក៏​ដើរ​ទៅមុខ​អស់ នៅសល់តែ​ជនរងគ្រោះ នៅ​កាប់​ស្មៅ​តាម​គល់​ដំឡូង ស្រាប់តែ​ចុង​​​កណ្ដៀ​វ ទៅ​ប៉ះ​នឹង​គ្រាប់​ប៉េ​មិនទាន់​ផ្ទុះ (​គ្រាប់​សល់​ពី​សង្គ្រាម​) ប្រភេទ​ប៉េ​៤០ បណ្ដាលឱ្យ​ផ្ទុះ​ស្លាប់​នៅនឹងកន្លែង​តែម្តង​។​

លោក​អធិការ បាន​បន្តថា​៖ ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ក៏​ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ពិនិត្យ និង​ធ្វើ​របាយការណ៍​បញ្ជូន​មក​ថ្នាក់លើ​បន្ត។ ចំណែក​សព​ជនរងគ្រោះ ត្រូវ​សមត្ថកិច្ច​ជំនាញ ប្រគល់​ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា ​៖ ​កាលពីពេល​កន្លងទៅ​ឯកឧត្តម​ទេស រដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទីមួយ​អាជ្ញាធរ​មីន​កម្ពុជា មានប្រសាសន៍​ឲ្យ​ដឹងថា​ ៖ កម្ពុ​ជាមាន​ផ្ទៃដី​ប្រមាណ​ជាង ២.៧៤០​គីឡូម៉ែត្រ​ក្រឡា ដែល​សង្ស័យថា អាចមាន​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ហើយ ក្នុង​រយៈពេល ២០​ឆ្នាំ​មកនេះ កម្ពុជា​ទើបតែ​បោស សំអាត​មីន​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជិត ២.០០០​គីឡូម៉ែត្រ​ក្រឡា ហើយ​កម្ពុជា មាន​ផែនការ​ដោះមីន​ចេញពី​ផ្ទៃដី​ឱ្យមាន​សុវត្ថិភាព​ទាំងស្រុង​ក្នុង​ឆ្នាំ​២០២៥​។ ទន្ទឹមនឹង​ផែនការ​របស់​រាជរដ្ឋាភិបាល ក្នុង​ផែនការ​រំដោះ​មីន​នេះ ឯកឧត្តម ក៏បាន​ស្នើសុំ​ឲ្យ​បងប្អូន បន្ត​ការប្រុងប្រយ័ត្ន​ការពារ​ឲ្យ​បាន​ខ្ពស់ ជៀស​ឲ្យ​ឆ្ងាយ និង​រាយការណ៍​ជូនទៅ អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​មូលដ្ឋាន​ជាបន្ទាន់ ក្នុងករណី​ប្រទះឃើញ ឬ​សង្ស័យថា​ជា​គ្រាប់មីន​/​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ផងដែរ៕

ដោយ ៖ សេង សុវណ្ណារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114