ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​អ្នកនយោបាយ​ប្រឆាំង​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មិនគួរ​បាត់​ពី​កម្ពុជា​នោះទេ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត

ភ្នំពេញ​ ៖ អតីត​អ្នកដឹកនាំ​នយោបាយ​ប្រឆាំង​មួយ​រូប​នៅ​កម្ពុជា​បាន​អះអាង​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ​ហៅថា EBA នេះ សហភាព​អឺរ៉ុប មិន​ត្រូវ​ដកចេញ​ពី​កម្ពុជា​នោះទេ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ដែល​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដូចជា​មី​យ៉ាន់​ម៉ា និង​ឡាវ​ជាដើម ដូច្នេះ EU ត្រូវតែ​បន្ត​ការផ្ដល់​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា ដើម្បី​ឲ្យ​កម្ពុជា​មានលទ្ធភាព​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ​។

នេះ​ជា​ការ​បញ្ជាក់​របស់​លោក គង់ គាំ អតីត​ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ហើយ​បច្ចុប្បន្ន​ជា​ប្រធានកិត្តិយស​គណបក្ស​ស​ន្ទៈ​ខ្មែរ​។ លោក​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​កាលពី​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​ថា ថ្មីៗ​នេះ​លោក​បាន​ទទួល​ការអញ្ជើញ​ពី​ស្ថានទូត​អឺរ៉ុប​ប្រចាំ​កម្ពុជា ដើម្បី​ជួបពិភាក្សា​អំពី​បញ្ហា​លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដែលជា​គោលការណ៍​មួយ ដែល​សហភាព​អឺរ៉ុប ពិចារណា​នៅក្នុង​ការ​ដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​។

តាម​លោក គង់ គាំ ជំនួប​នោះ មាន​រូបលោក (​លោក គង់ គាំ​) លោក គង់ មុនិ​កា ប្រធាន​គណបក្ស​, លោក អ៊ី មួយ​លី អគ្គលេខាធិការ និង​លោក ផល ស៊ីថុន អគ្គ​លេខាធិការរង​គ​ណ​បក្ស។ ​លោក​បញ្ជាក់​ថា នៅក្នុង​ជំនួប​នោះ លោក​បាន​ជម្រាប​ជូន​សហភាព​អឺរ៉ុប​អំពី​សិទ្ធិ​នយោបាយ ដោយ​បាន​បង្ហាញ​អំពី​សមាសភាព​ជាក់ស្ដែង និង​បាន​បញ្ជាក់​ថា គណបក្ស​ឆន្ទៈ​ខ្មែរ មាន​សមាសភាព សុទ្ធតែ​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្នុង​នោះ ជា​ស្ថាបនិក និង​ក្រុម​អ្នកនយោបាយ​វ័យក្មេង​ជាដើម ហើយ​ក្នុង​នោះ​ខ្លួន​លោក​ផ្ទាល់ ជា​អតីត​ឧ​ត្ត​ម​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ហើយ​បាន​ក្លាយជា​ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ ដូច្នេះ​ចង់​បញ្ជាក់​ថា សិទ្ធិ​នយោបាយ​នៅ​កម្ពុជា មិន​ត្រូវ​បាន​រារាំង ដូច​ការព្រួយបារម្ភរ​បស់​មជ្ឈដ្ឋាន​ខាងក្រៅ​នោះទេ​។

ទី​២​ទៀត លោក គង់ គាំ លើកឡើង​ថា ការដែល​ស្នើសុំ​ឲ្យ​ដោះលែង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម​សុខា ជាដើម​នោះ គឺជា​ការរំលោភ​ទៅ​នឹង​ការព្រមព្រៀង​ផ្ទាល់​របស់លោក កឹម សុខា ជាមួយ​គណបក្ស​គ្រប់គ្រង​អំណាច ដើម្បី​បាន​ចេញ​ពី​ការឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង មក​នៅក្នុង​គេហដ្ឋាន​វិញ ហើយ​បន្ត​នីតិវិធី​របស់​តុលាការ ដូច្នេះ​ការ​ទាមទារ ឬ​ការ​ស្នើសុំ​ឲ្យ​ដោះលែង​លោក កឹម សុខា នេះ​គឺជា​ការផ្ទុយ​ទៅនឹង​កិច្ចព្រមព្រៀង​របស់លោក កឹម សុខា ផ្ទាល់ខ្លួន​។

ចំណែក​បញ្ហា​សិទ្ធិ​នយោបាយ​វិញ ខាង​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល និង​ខាង​រដ្ឋសភា បានធ្វើ​វិសោធនកម្ម​ច្បាប់ ស្តីពី​គណបក្សនយោបាយ ដើម្បី​បើកផ្លូវ​ឲ្យ​អ្នក ដែល​ជាប់​បម្រាម​សិទ្ធិ​ធ្វើ​នយោបាយ ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ប៉ុន្តែ​ដោយសារ​មាន​សម្ពាធ និង​ការចោទប្រកាន់​ផ្សេងៗ​ពី​ក្រុម​លោក សម រង្ស៊ី ដែល​មាន​បំណង​រារាំង ឃាត់ឃាំង​ជា​កញ្ចប់ មិន​ឲ្យ​មនុស្ស​ដែល​ស្ថិត​ជាមួយ​ខ្លួន​បាន​ចូលធ្វើ​នយោបាយ​ឡើងវិញ ទើប​ធ្វើ​ឲ្យ​បញ្ហា​នេះ មិនមាន​ការវិវឌ្ឍ​ជឿនលឿន​។ តែ​ទោះជា​យ៉ាងណា នៅតែមាន​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ប្រមាណ​ជិត​១០​រូប​ផងដែរ ដែល​នេះ​គឺជា​ការ​វិវឌ្ឍ​ជឿនលឿន​ផ្នែក​នយោបាយ ដែល​លោក​បាន​ជម្រាប​ទៅខាង​សហភាព​អឺរ៉ុប​។

​​ចំណែក​បញ្ហា​សិទ្ធិ​ដីធ្លី សិទ្ធិ​កម្មករ និង​ផលប្រយោជន៍​របស់​កសិក​រ និង​អ្នក​នៅក្រោម​បន្ទាត់​ក្រីក្រ​ជាដើម ដែល​ទទួលបាន​ផលប្រយោជន៍​ពី​ការអនុគ្រោះ​ពន្ធ EBA មិនគួរ​ភ្ជាប់​ជាមួយ​បញ្ហានយោបាយ​នោះទេ ដែល​អឺរ៉ុប គួរតែ​គិតគូ​អំពី​បញ្ហា​នេះ​ឡើងវិញ​។

ជា​ការ​ឆ្លើយតប លោក ច​ច អេ​ដ​ហ្កា​រ (George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​អះអាងថា ទោះបីជា​លោក​បាន​បញ្ចប់​អាណត្តិ​ការទូត​នៅ​កម្ពុជា​ហើយក៏​ដោយ អ្នក​ដែល​បន្ត​ពី​លោក ក៏ដូចជា​ប្រតិភូ​អី​យូ ដែល​អង្កេត​ទៅលើ​បញ្ហា EBA បញ្ហា​សិទ្ធិមនុស្ស បញ្ហា​លទ្ធិប្រជាធិបតេយ្យ​នេះ គួរតែ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​។

តាម​លោក គង់ គាំ មូលហេតុ​ដែល​កើត​សហភាព​អឺរ៉ុប​អញ្ជើញ​តំណាង​គណៈប្រតិភូ​គណបក្ស​ឆន្ទៈ​ខ្មែរ ដើម្បី​ជួបពិភាក្សា​គ្នា​នេះ គឺ​ដោយសារតែ​លោក​បាន​សរសេរ​លិខិត​ទៅ​ខាង​ស្ថានទូត​ដើម្បី​ស្នើសុំ​ជួបពិភាក្សា អំពី​ស្ថានភាព​សិទ្ធិមនុស្ស បញ្ហា​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ហើយ​លោក​ថា បញ្ហា​សិទ្ធិមនុស្ស និង​បញ្ហា​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា មិនអាច​ប្រើពាក្យ​ថា ស្លាប់ ឬ​ស្ដារឡើងវិញ​នោះទេ គឺ​គ្រាន់តែ​រដាក់រដុប​តែប៉ុណ្ណោះ ហើយ​ការដែល​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស ស្នើ​ឲ្យ​សភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​នេះ គឺជា​គ្រោះថ្នាក់​សម្រាប់​ប្រទេស និង​ផ្ដល់​ផល​អាក្រក់​ដល់ក​ម្មករ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្រីក្រ​កម្ពុជា​។

លោក គង់ គាំ បាន​អះអាង​ទៀតថា នៅក្នុង​បរិបទ​បច្ចុប្បន្ន ដែល​កំពុងមាន​សង្គ្រាម​ពាណិជ្ជកម្ម គណបក្ស​ឆន្ទៈ​ខ្មែរ គាំទ្រ​ឲ្យ​រដ្ឋាភិបាល​ខិតខំ​គ្រប់បែបយ៉ាង​បន្ថែម​ទៀត ដើម្បី​ទទួលបាន ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ហើយ​សុំ​ឲ្យ​សហភាព​អឺរ៉ុប​ប្រៀបធៀប​កម្ពុជា ជាមួយ​ប្រទេស​មី​យ៉ាន់​ម៉ា ប្រទេស​ឡាវ ដែលមាន​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ការ​ធ្វើ​ទុក​បុក​ម្នេញ​ដល់​ជនជាតិ​រ៉ូ​ហ៊ី​ន​យ៉ា​ជាដើម ហើយ​ជា​ប្រទេស​ឯក​បក្ស​ផង តែ​គេ​ទទួល​បាន EBA ដូច្នេះ​លោក​ចង់​ឲ្យ​សហគមន៍​អឺរ៉ុប​បន្ត​ការផ្ដល់​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​តទៅទៀត ដើម្បី​កម្ពុជា​មានលទ្ធភាព​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114