ព័ត៍មានទាន់​ហេតុការណ៏
Search

ជំងឺ​គ្រុនឈាម​ កើតឡើង​ជាង​២០០​ករណី​ ច្រើនជាង​ឆ្នាំមុន​ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង លោក​ប្រធាន​មន្ទីរ​សុខាភិបាល ​អំពាវនាវ​ដល់​ពលរដ្ឋ​ សូម​ប្រុងប្រយ័ត្ន​​

​កំពង់ឆ្នាំង​ ៖ នៅក្នុង​រដូវភ្លៀង​ជាង​១​ខែ​នេះ ជំងឺ​គ្រុនឈាម​ជាង​២០០​ករណី បាន​កើតឡើង​រាយប៉ាយ ក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង កើត​ច្រើនជាងគេ គឺ​នៅ​ស្រុក​រលាប្អៀរ ចំណែក​នៅក្នុង​មន្ទីរពេទ្យបង្អែក ខេត្ត​កំពង់ឆ្នាំង​វិញ ក៏មាន​អ្នកជំងឺ​កំពុង​សម្រាក​ទទួល​ការព្យាបាល ជាង​៨០​នាក់​ផងដែរ នៅក្នុង​ថ្ងៃទី​១២ មិថុនា​កន្លងទៅនេះ ដែល​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ លោក​ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​កូនចៅ​ការពារ​ឲ្យ​បាន ​កុំឲ្យ​មូស​ខ្លាខាំ និង​ត្រូវ​នាំគ្នា​ចូលរួម កម្ចាត់​មូស​ខ្លា​នៅ​គ្រប់​មូលដ្ឋាន​។​

លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី១២​មិថុនា នេះ​បានឲ្យ​ដឹងថា​ មកដល់​ថ្ងៃនេះ ​ជំងឺ​គ្រុនឈាម​បានកើត​ឡើង​ច្រើនជាង​ឆ្នាំមុន ​បើ​គិតពី​រយៈពេល​ដូចគ្នា ដោយ​កើត​រាយប៉ាយ​នៅក្នុង​ខេត្តកំពង់ឆ្នាំង។ ជំងឺ​នេះ​គិត​មកដល់​សប្ដាហ៍​ទី​២២​នេះ បាន​កើន​ឡើង​ចំនួន២១៥​ករណី​ហើយ ដោយឡែក​នៅក្នុង​ថ្ងៃនេះ មាន​អ្នកជំងឺ​គ្រុនឈាម​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ជាង​៨០​នាក់​។

លោក​បាន​បញ្ជាក់ដែរថា​ ៖ ក្នុងចំណោម​អ្នក​ជំងឺ​ទាំងអស់​ ក៏មាន​មនុស្ស​ចាស់​ចំនួន៣​នាក់ ផង​ដែរ​ដែល​បានកើត​ជម្ងឺគ្រុនឈាម​នេះ ដូច្នេះ​កុំ​គិតថា​ជំងឺ​នេះ​កើត​តែ​លើ​ក្មេង​ឲ្យ​សោះ។ ប៉ុន្តែ​ទោះ​បែបនេះ​ក្តី ​ពុំមាន​នរណា​ម្នាក់​បាន​រង​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ។

ទន្ទឹមគ្នានេះ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​កូនចៅ​ឲ្យ​បាន​ខ្ពស់ ដោយ​ត្រូវតែ​សម្រាន្ត​នៅក្នុង​មុង​កុំឲ្យ​​កូនចៅ​លេង​នៅ​ទី​ងងឹត និង​ត្រូវតែមាន​វិធានការ​កម្ចាត់​មូស​ខ្លា ដូចជា​ត្រូវ​បំផ្លាញ​ទឹក​ដក់​ក្នុង​សំបក​កំប៉ុង ដប កង់ឡាន ថ្លុក​ត្រពាំង​ក្បែរ​ផ្ទះ ត្រូវ​ដុត​សំរាម​ជុំវិញ​ផ្ទះ និង​ចូលរួម​ដាក់​ថ្នាំ​អា​បែ​ត​នៅក្នុង​ពាងទឹក ដែល​ភ្នាក់ងារ​យកទៅដាក់​តាម​ផ្ទះ។ ហើយ​បើ​មាន​កូនចៅ​គ្រុនក្ដៅ​ខ្លាំង ត្រូវ​រូតរះ​យក​កូន​មក​ព្យាបាល​នៅក្នុង​មន្ទីរ​ពេទ្យ ស្រុក ឬ​ខេត្ត។ វិធានការណ៍​មួយទៀត គឺ​ចំពោះ​គ្លីនិក​ឯកជន មន្ទីរ​សុខាភិបាល​ខេត្ត បានចេញ​សេចក្ដីជូនដំណឹង មិន​អនុញ្ញាត​ឲ្យ​​ទទួល​ព្យាបាល​ជំងឺ​គ្រុនឈាម​ឡើយ។​

​ដោយឡែក​តាម​ការបញ្ជា​ក់​របស់​គ្រូពេទ្យ​នៅ​អាគារ​កុមារ នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ឆ្នាំង ដែល​កំពុង​ព្យាបាល​ជំងឺគ្រុនឈាម​បានដឹងថា ចំនួន​អ្នក​ជំងឺ​គ្រុនឈាម ដែល​មក​ព្យាបាល​ច្រើនជាងគេ​គឺ​នៅ​ស្រុក​រលាប្អៀរ​ និង​ស្រុក​បរិបូណ៌ បន្ទាប់មក​ស្រុក​ទឹកផុស និង​ស្រុក​កំពង់លែង ដែល​នៅ​ក្នុង​១​សប្តាហ៍ៗ​មាន​ជំងឺ​ចូល​មក​ទទួល​ការ​ព្យាបាល ពី​៣០ ទៅ​៤០​នាក់៕

ដោយ ៖ ឈៀង ថា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114