ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្ញាក់ផ្អើល​ទាំង​ព្រឹក ដោយសារ​មាន​គេ​ប្រទះឃើញ​ស្ត្រី​ម្នាក់ ដេក​ស្លាប់​នៅមុខ​ផ្ទះ​ពលរដ្ឋ​

កំពត ៖ ស្ត្រី​ម្នាក់ ​ត្រូវគេ​ប្រទះឃើញ​ដេកស្លាប់​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ ដោយ​ពុំ​ដឹង​មូលហេតុ​ច្បាស់​លាស់ ប៉ុន្តែ​បើតាម​ការអះអាង​ពី​អ្នកភូមិ​និយាយថា ស្ត្រី​រងគ្រោះ​ខាងលើ​អាច​ស្លាប់​ដោយសារ​ផឹក​ស្រា​មិន​ហូប​អាហារ​។​

ការភ្ញាក់ផ្អើល​ នៃ​ការ​ប្រទះ​សព​ខាងលើ បាន​កើតឡើង​នៅវេលា​ម៉ោងជាង​៦​ព្រឹក ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត ត្រង់ចំណុច​មុខផ្ទះ​របស់​ឈ្មោះ ជីវ ធូ ដែលមាន​ចម្ងាយ​ពី​ផ្ទះ​ស្ត្រី​រងគ្រោះ​ប្រមាណ​ជាង​១០០០​ម៉ែត្រ​។​

តាម​ប្រភពព័ត៌មាន​ពី​អ្នកភូមិ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​នេះ មានឈ្មោះ ចិន សុ​ភី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ជា​ស្ត្រី​មេម៉ាយ ​រស់នៅ​ម្នាក់​ឯង គ្មាន​កូនចៅ​ណា​ម្នាក់​រស់នៅ​ជាមួយ​ទេ​ ព្រោះ​កូនៗ​ទាំងអស់​ទៅ​ធ្វើ​ការ​នៅ​ខេត្ត​ឆ្ងាយៗ​អស់​ទៅ​ហើយ​។​

ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា កន្លងមក​ស្ត្រី​រងគ្រោះ​តែងតែ​ផឹកស្រា​មិនសូវ​ហូប​អាហារ​ទេ ហើយ​ការស្លាប់​នេះ​សង្ស័យ​យប់មិញ​ស្ត្រី​រងគ្រោះ​ផឹកស្រា​ច្រើន​ ប៉ុន្តែ​មិន​ហូបបាយ ហើយ​ដើរ​ចេញពី​ផ្ទះ​បំណង​ទៅផ្ទះ​ម្តាយ​របស់គាត់​ដែល​នៅ​ឆ្ងាយ​ពីគ្នា​ប្រមាណ​ជាង​មួយ​គីឡូម៉ែត្រ​ តែ​ទៅ​មិន​រួច ​ទើប​ដួល​ស្លាប់​នៅមុខ​ផ្ទះ​របស់​អ្នកភូមិ​តែម្តងទៅ​។​

ពាក់ព័ន្ធ​នឹង​ករណី​ស្ត្រី​ម្នាក់​ស្លាប់​ខាងលើ សមត្ថកិច្ច​ក៏បាន​ចុះទៅពិនិត្យ​ធ្វើ​កោសល្យវិច័យ​សព​ដោយ​ហ្មត់ចត់​ខ្លាចក្រែង​ការស្លាប់​នេះ​ទាក់ទិន​នឹង​អំពើ​ឃាតកម្ម​ណាមួយ ប៉ុន្តែ​ក្រោយពី​ពិនិត្យ​រួចរាល់ សមត្ថកិច្ច​បានបញ្ជាក់​អះអាងថា ស្ត្រី​រងគ្រោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គរ ព្រោះ​ហូប​ស្រា​ស្រវឹង​មិន​ហូបបាយ ទើប​បណ្តាល​ឲ្យ​វិលមុខ​ដួល​ស្លាប់​នៅពេល​យប់​គ្មាន​អ្នកណា​ដឹង លុះ​ព្រឹក​ឡើង​ទើប​អ្នក​ភូមិ​ប្រទះឃើញ​បង្ក​ការភ្ញាក់ផ្អើល​តែម្តង​។​

បច្ចុប្បន្ន​សព​ស្ត្រី​រងគ្រោះ ត្រូវបាន​អាជ្ញាធរ​ និង​សមត្ថកិច្ច​ដឹក​ទៅកាន់​លំនៅដ្ឋាន​របស់​សព ដើម្បី​ប្រគល់​ឲ្យ​កូនចៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ដោយ ៖ សេង ណា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114