ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ស៊ុន ចាន់ថុល ៖ “ឈប់​ទទួលយក​ផ្លូវ​ធ្វើ​ជាប់​ទៀតហើយ តែ​យក​ផ្លូវ​ធ្វើ​មាំ​”

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៩ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ ក្រុមការងារ​បច្ចេកទេស និង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ចុះ​ត្រួតពិនិត្យ​គុណភាព​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ចាប់ពី​ទី​រួម​ខេត្ត​កំពត ទៅ​រង្វង់​មូល​វាលរេញ ដែល​កំពុង​ជួសជុល​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ។

ក្នុងនោះ​ផងដែរ​ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​កំណត់​ឲ្យ​ក្រុមហ៊ុន ជួសជុល និង​សាងសង់​កំណាត់​ផ្លូវ ជាតិ​លេខ​៣ ពី​ទី​រួម​ខេត្ត​កំពត​ទៅ​រង្វង់​មូល​វាលរេញ ពិនិត្យ និង​កែតម្រូវ​ឡើងវិញ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ទើប​ក្រសួង​អាច​ទទួលយកបាន។​

កំណាត់​ផ្លូវជាតិ​លេខ​៣ ពី​ទី​រួម​ខេត្តកំពត ទៅ​រង្វង់​មូល​វាលរេញ (​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៤ និង​លេខ​៣) មាន​ប្រវែង​សរុប៥៤,៣០គម ស្ថិតក្រោម​គម្រោង​ជួសជុល និង​សាងសង់​ឡើងវិញ ជា​ប្រភេទ​ផ្លូវ​បេតុង កៅស៊ូ (AC)​។

កំណាត់​ផ្លូវ​នេះ​ត្រូវបាន​ចាប់ផ្ដើម​ជួសជុល និង​សាងសង់​ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​រយៈពេល៥៤​ខែ អនុវត្ត​គម្រោង​មាន​រយៈពេល១៨ខែ និង​ថែទាំ​ប្រចាំ​រយៈពេល៣៦​ខែ ចំណាយ​ថវិកា ប្រមាណ១២,០៦១​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្រោម​គម្រោង​ឥណទាន​ធនាគារពិភពលោក ។ បច្ចុប្បន្ន គម្រោង​ផ្លូវ​នេះ​អនុវត្ត​ការជួសជុល និង​សាងសង់​សម្រេចបាន​៦៧,៥០%​ហើយ និង​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​សីហា ឆ្នាំ​២០១៩ ខាងមុខនេះ​។

ការ​ចុះ​ត្រួតពិនិត្យ​នេះ ក្រសួង​បាន​រក​ឃើញ​ថា ផ្នែក​ខ្លះ ​នៃ​កំណាត់​ផ្លូវ​នេះ​សាងសង់​មិន​ទាន់​ស្រប​តាម​លក្ខណៈ បច្ចេកទេស ដោយ​ត្រង់ចំណុច​ដែល បាន​ជួសជុល​រួច​មាន​ស្នាម​បែក ប្រេះ និង​សំបុក​មាន់​ដែល​ត្រូវ​ចាត់វិធានការ​ដោះស្រាយ ឲ្យ​បាន​ទាន់ពេលវេលា​។

ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ដាក់​កំហិត​ឲ្យ​ក្រុមហ៊ុន​ពិនិត្យ និង​កែតម្រូវ​ឡើងវិញ​ឲ្យ បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ទើប​ក្រសួង​អាច​ទទួលយកបាន​។ ទន្ទឹមនឹងនេះ លោក​ទេស​រដ្ឋ មន្ត្រី​បានបញ្ជាក់​ពី​គោលជំហរ ក្នុងការ​ពង្រឹង​ការគ្រប់គ្រង​លើ​ការ​សាង​សង់​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ធានា គុណភាព​ផ្លូវ​ប្រើប្រាស់​ជាប់​បាន​យូរ​អង្វែង ជា​ផលប្រយោជន៍​សម្រាប់​សេដ្ឋ​កិច្ច​ជាតិ និង​សម្រាប់​បម្រើ​ដល់​ភាពងាយស្រួល ក្នុង​ជីវភាព​រស់នៅ និង​ការ​ធ្វើដំណើរ​ទៅ​មក​ព្រមទាំង​ប្រកប​អាជីវកម្ម​ផ្សេងៗ​ផងដែរ​។​

លោក​ទេសរដ្ឋមន្ត្រី​បាន​សង្កត់​ធ្ងន់​ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាន់​នូវ​គោលជំហរ​យើង “​ឈប់​ទទួលយក​ផ្លូវ​ធ្វើ​ជាប់​ទៀតហើយ តែ​យក​ផ្លូវ​ធ្វើ​មាំ​”៕

ដោយ ៖ រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114