ព័ត៍មានទាន់​ហេតុការណ៏
Search

វ៉ាន់ នី​ឡា បញ្ចេញ​សារ​បំផុស​ស្មារតី​ដល់​យុវជន ​រម្លឹក​អំពី​មហា​គុណ​របស់​ឪពុក​-​ម្តាយ

​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​របស់​ផលិតកម្ម​ហង្ស​មាស​ ដែល​កន្លងមក ​បាន​ផ្ទុះ​រឿងរ៉ាវ​អាស្រូវ ​ត្រូវបាន​សង្សារ​ជា​មន្ត្រី​ទម្លាយ​រូបអាក្រាត​ជា​សាធារណៈ​កញ្ញា វ៉ាន់ នី​ឡា ថ្មីៗ​នេះ​ បាន​បញ្ចេញ​ទស្សនៈ​របស់ខ្លួន​មាន​ចេតនា​បំផុស​ស្មារតី​ដល់​យុវជន​ទូទៅ​ឲ្យ​ដឹង​អំពី​គុណបំណាច់​របស់​ឪពុក​-​ម្តាយ​។​ពិសេស​រាល់​ទង្វើ​មួយ​ចំនួន ​ដែលមាន​បុគ្គល​ខ្លះ ​តែង​ធ្វើ​ខុសឆ្គង​ឬ​មើលរំលង​ពួកគាត់​។​

​កញ្ញា វ៉ាន់ នី​ឡា បាន​បញ្ចេញ​សារ​រៀបរាប់​ភ្ជាប់​ជាមួយ​សំណេរ​ដ៏​មាន​អត្ថន័យ​ថា​ ម៉ែ​(​អ្នក​ម្តាយ​)​ខំ​ចិញ្ចឹម​កូន​ដោយ​មិន​ត្អូញត្អែរ ពេល​កូន​នៅ​តូច​ខំប្រឹង​រកស៊ី​ទូល​នំ​ ទូល​បង្អែម​លក់ ដេក​មិនដែល​បាន​ពេញភ្នែក យកលុយ​ឲ្យ​កូន​ស៊ីចុក​ពេញមាត់ មាន​ខោអាវ​ពាក់​ហ៊ឺហា ម៉ែ​ខ្លះ​សុខចិត្ត​ជាប់គុក​ជាប់​ច្រវាក់​ក៏​ដើម្បី​កូន ដល់ពេល​ពួកវា​ធំ​ឡើង មិនទាន់​រកស៊ី​ធ្វើការ​ឲ្យ​លុយ​ម៉ែ​មួយ​កាក់ ​មួយ​សេន​ផង ក៏​មាន​ប្រពន្ធ​មាន​ប្តី​បាត់។​

​តារាចម្រៀង​កញ្ញា វ៉ាន់ នី​ឡា បាន​បន្តថា ​ម្តាយ​សប្បាយ​ត្រេកអរ​កូន​មានគ្រួសារ ក៏​មិន​ដែល​ចង់បាន​អ្វី​ពី​កូន ឲ្យ​តែ​គ្រួសារ​គេ​សប្បាយ​ធូរធារ​មានបាន​ជាមួយគ្នា។ ​ផល​ពិបាក ​ក៏​ចាប់ផ្តើម​មាន​ពេល​ម្តាយ​ចាស់​រក​លែង​បាន កូនៗ​ចាស់ចិត្ត​ ចាស់​គំនិត​ ចាប់ផ្តើម​ភ្លើ​សុំ​លុយ​ម៉ែ ដូច​ម៉ែកូន​ក្មេង ហើយ​ថែមទាំង​ឲ្យ​ប្រពន្ធ​និយាយដើម​ម៉ែ​ខ្លួនឯង​ទៀត។​

​បន្ថែម​ពីលើ​នេះ​ កញ្ញា វ៉ាន់ នី​ឡា ​បញ្ជាក់ថា​ ចង់​និយាយថា​កម្មពៀរ​មាន​ពិត​ កាលណា​អ្នកធ្វើ​ល្អ​ដាក់​ម្តាយ កូន​អ្នក​ក៏​ដើរ​តាម​គន្លង​នោះ បើ​អ្នកធ្វើ​អាក្រក់ ​កូន​អ្នក​ក៏​ធ្វើ​ដូចគ្នា​អញ្ចឹង​ដែរ។ ​និយាយ​នេះ​មិន​ចង់​ថា​ឲ្យ​​អ្នកណា​ទេ តែបើ​ដឹងខ្លួន​ថា​អ្វីដែល​ខ្ញុំ​និយាយ​ដូច​ទង្វើ​អ្នក​កំពុងតែ​ធ្វើ សូម​មេត្តា​កែ ប្រយ័ត្ន​ធរណី​ស្រូប​ ទោះ​ម៉ែ​ឆ្កួត​ពាលា ​ក៏​នៅតែ​ជា​ម៉ែ !​។​

​ជាមួយគ្នា ​នៃ​សំណេរ​សរសេរ​រៀបរាប់​ភ្ជាប់​អត្ថន័យ​របស់​តារា​ចម្រៀង​ផលិតកម្ម​ហង្ស​មាស កញ្ញា វ៉ាន់ នី​ឡា ខាងលើនេះ ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​ការ​គាំទ្រ​ និង​លើក​សរសើរ​ពី​គំនិត​ដែល​បាន​បំផុស​ស្មារតី​ឲ្យ​ដើម្បី​ឲ្យ​យុវវ័យ​យក​ទៅ​គិត​និង​ពិចារណា​អំពី​គុណបំណាច់​របស់​ឪពុក​-​ម្តាយ​ដូច​ខាងលើនេះ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114