ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​ហុង​គ្រី​ឯកភាព​គ្នា​បើក​ស្ថានទូត​ឡើងវិញ​នៅតាម​ប្រទេស​រៀងខ្លួន​ក្នុង​ខួប​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ

ភ្នំពេញ​ ៖​ ក្នុង​គោលដៅ​បង្កើន​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា ហុង​គ្រី ឲ្យ​កាន់តែ​រឹងមាំ​ស្អិតល្មួត​ និង ​ទ្វេ​ឡើង​ថែមទៀត​នោះ មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា​នៅក្នុង​ខួប​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​នៅ​ឆ្នាំ​២០២១ កម្ពុជា​និង​បើក​ស្ថានទូត​របស់​កម្ពុជា​នៅ​ទីក្រុង ប៊ុ​យ​ដា​ប៉េ​ស ​ចំណែក​ហុង​គ្រី​ក៏​នឹង​បើក​ស្ថានទូត​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ដូចគ្នា​នោះ​ដែរ​។ ​នេះ​បើ​យោង តាម​ប្រភព​ដែល​ផ្តល់​ឲ្យ​ដោយ​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា។

ប្រភព​បាន​បញ្ជាក់​ថា​ ប​ន្ទា​ប់​ពី​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវការ​រួចមក​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​សម​ភាគី​នាយករដ្ឋមន្ត្រី​ហុង​គ្រី​បាន​អញ្ជើញ​ជួបពិភាក្សា​ចង្អៀត និង បើក​កិច្ចប្រជុំ​កំពូល​ពេញអង្គ​ទ្វេភាគី​ដែល​បាន​ចំណាយពេល​ប្រមាណ​ជិត ២ ម៉ោង ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​សម្រាប់​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ខ្ពស់​ថែមទៀត ពិសេស​ការជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​ពហុភាគី​តំបន់ និង អន្តរជាតិ​ដែលមាន​ការយកចិត្តទុកដាក់​ដូចគ្នា​។

លោកនាយក​រដ្ឋមន្ត្រី​ហុង​គ្រី​បាន​មានប្រសាសន៍ថា លោក​សូម​គោរព​ទ្វេដង​ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ហុង​គ្រី ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​បើ​ទោះ​បី​ជា​ពេលមុនៗ​សម្តេច​ធ្លាប់​អញ្ជើញ​មកកាន់​ហុង​គ្រី​ជាច្រើនលើក​ក្តី​។

​លោកនាយក​រដ្ឋមន្ត្រី​ហុង​គ្រី​បាន​មានប្រសាសន៍ថា​ មាន​ក្រុមហ៊ុន​របស់​ប្រទេស​ហុង​គ្រី កំពុង​មាន​ចំណាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​ ដែល​ក្នុង​នោះ​ធនាគារ​អាហរ័ណ​នីហរ័ណ​ហុង​គ្រី​និង​ផ្តល់​ប្រាក់កម្ចី​ដល់ប​ណ្តា​ក្រុមហ៊ុន​ទាំងនោះ​ ធ្វើការ​វិនិយោគ​ក្នុងប្រទេស​កម្ពុជា។

លោក​បន្ត​ថា ​លោក​ពិត​ជា​មាន​ការ​រីក​រាយ​ចំពោះ​ការ​វិវឌ្ឍន៍​រីកចម្រើន​ខាង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ហើយ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ​នៅពេលនេះ​គឺ​យើង​ពិតជា​រីករាយ​ក្នុង​ការបើក​បេះដូង​ដ៏​ទូលំទូលាយ​ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក​។

សម្តេច​តេ​ជោ​មានប្រសាសន៍​ដែរ​ថា បើ​ទោះបីជា​កន្លងមក​ប្រទេស​ទាំងពីរ​ធ្លាប់​បើក​ស្ថានទូត​ក្នុងប្រទេស​ផង​ខ្លួន​ក៏​ពិតមែន​ ប៉ុន្តែ​ប្រទេស​ទាំង​ពីរបាន​បិទ​ស្ថានទូត​រៀងៗ​ខ្លួន​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​ហុង​គ្រី​នៅ​ពេល​នេះ​សម្តេច​ចង់​ឃើញ​ប្រទេស​ទាំងពីរ​ធ្វើការ​បើក​ស្ថានទូត​ជាថ្មី​ឡើងវិញ​ ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក​ពិសេស បង្កើន​កិច្ច​សហប្រតិបត្តិការ​ស​ម្រា​ប់​ប្រទេស​ទាំងពីរ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​ នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​មកកាន់​ប្រទេស​ហុង​គ្រី​ ក្នុង​ឋា​នៈ​ជា​នាយករដ្ឋមន្ត្រី​បើទោះបីជា​ពេលកន្លងមក សម្តេច​ធ្លាប់​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​បំពេញការងារ​ចំនួន​៨​លើក​រួចមក​នៅ​ប្រទេស​ហុង​គ្រី​ កាលពី​អតីតកាល​ក៏ពិតមែន​។ សម្តេច​តេ​ជោ​ក៏បាន​ស្នើ​ឲ្យ​មានការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍​សម្រាប់​ប្រទេស​ទាំងពីរ​ឲ្យ​កាន់​តែ​មាន​ទំហំ​ធំ​ឡើង​ថែមទៀត​។

ជា​មួយ​គ្នា​នេះ ​សម្តេច​បាន​គោរព​អញ្ជើញលោក​នាយករដ្ឋមន្ត្រី​ហុង​គ្រី​ អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ស្រប​ពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប នៅ​ឆ្នាំ​២០២០។

សម្តេច​តេ​ជោ​ក៏បាន​ស្នើ​ឲ្យ​ហុង​គ្រី​ជួយ​ជួសជុល​ប្រាសាទ​កោះ​កេរ​ជា​មួយនឹង​បទពិសោធន៍​ដែល​ហុង​គ្រី​ធ្លាប់​អភិរក្ស​តំបន់​ប្រវត្តិសាស្ត្រ​បុរាណ​របស់​ខ្លួន។ សម្តេច​ក៏បាន​សន្យា​ថា​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​បញ្ហា​ទឹក​ក្នុង​ប្រទេស​ហុង​គ្រី​នៅពេល​ខាងមុខ​ផងដែរ​។

សម្តេច​តេ​ជោ​មានប្រសាសន៍​ដែរ​ថា បើ​ទោះបីជា​កន្លងមក​ប្រទេស​ទាំងពីរ​ធ្លាប់​បើក​ស្ថានទូត​ក្នុងប្រទេស​ផង​ខ្លួន​ក៏ពិតមែន​ប៉ុន្តែ​ប្រទេស​ទាំង​ពីរបាន​បិទ​ស្ថានទូត​រៀងៗ​ខ្លួន​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន​ប្រទេស​ហុង​គ្រី​នៅពេលនេះ​សម្តេច​ចង់ឃើញ​ប្រទេស​ទាំងពីរ​ធ្វើការ​បើក​ស្ថានទូត​ជាថ្មី​ឡើងវិញ​ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក​ពិសេស បង្កើន​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ប្រទេស​ទាំងពីរ​។

ក្នុងជំនួប​ពិភាក្សាគ្នា​នោះដែរ ​មេដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ដែរ​ថា ​នៅក្នុង​ខួប​៦៥ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​នៅ​ឆ្នាំ​២០២១ កម្ពុជា​និង​បើក​ស្ថានទូត​របស់​កម្ពុជា​នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស​ ក្នុង​នោះ​ហុង​គ្រី​ក៏​នឹង​បើក​ស្ថានទូត​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ដូចគ្នា​នោះ​ដែរ​។

ជា​ការ​ឆ្លើយតប ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ទទួល​យក​សំណើ​នៃ​ការ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅពេល​ខាងមុខ។

សូម​បញ្ជាក់​ថា ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ប្រទេស​ហុង​គ្រី​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា នៅ​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​១៩៥៦​។​ ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ​ត្រូវ​បាន​កាត់ផ្តាច់​ក្នុង​របប​ខ្មែរ​ក្រហម នា​ឆ្នាំ​១៩៧៥។ នៅ​ឆ្នាំ​១៩៧៩​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​និង​ប្រទេស​ហុង​គ្រី​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាថ្មី​ឡើងវិញ​ក្នុង​រយៈពេល​នោះ​គឺ​ពី​ឆ្នាំ​១៩៧៩ រហូតដល់​ឆ្នាំ​១៩៩៣ ប្រទេស​ហុង​គ្រី​បានផ្តល់​ការឧបត្ថម្ភ​គាំទ្រ​ដល់​អតីត​រដ្ឋ​កម្ពុជា​និង​បាន​រួម​ចំណែក​ដល់​ប្រតិបត្តិការ​របស់​អ៊ុនតាក់​ក្នុង​ប្រតិបត្តិការ​សន្តិ​ភាពនៅ​កម្ពុជា​។ នេះ​គឺជា​លើក​ទី ១ ដែលជា​ដំណើរ​បំពេញ​ទស្សនកិច្ច​ថ្នាក់ខ្ពស់​បំផុត​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ហុង​គ្រី​បន្ទាប់ពី​ប្រទេស​ទាំង​ពីរ​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​កាលពី​ឆ្នាំ​១៩៥៦​។

នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី​នោះ​ដែរ ​ហុង​គ្រី​បាន​ផ្តល់​ថវិកា​ចំនួន ១០០ លាន​ហ្វ័​រ​រី​ន (​លុយ​ហុង​គ្រី​) ដល់​រដ្ឋាភិបាល​នៃ​អតីត​រដ្ឋ​កម្ពុជា​ក្នុង​ការ​សាងសង់​មជ្ឈមណ្ឌល​កុមារ​កំព្រា​ក​ម្ពុ​ជា​បារាំង ហុង​គ្រី​កំពង់​ក​ន្តួ​ត​ខេត្តកណ្តាល និង​នៅ ឆ្នាំ​១៩៩៧​កាកបាទក្រហម​ហុង​គ្រី​បាន​ផ្តល់ជំនួយ​ថ្នាំពេទ្យ​គិត​ជា​ទឹកប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក​ដល់​ជនរងគ្រោះ ដោយ​ទឹកជំនន់​នៅ​កម្ពុជា​។ លើ​ការរួមចំណែក​ដល់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៨០ រហូតដល់​ឆ្នាំ​១៩៩១ ហុង​គ្រី​បានរួម​ចំណែក​បណ្តុះបណ្តាល​និស្សិត​កម្ពុជា​សរុប​ចំនួន ១៩៥​នាក់​។ ចាប់ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ​២០១៨​និស្សិត​កម្ពុជា​ចំនួន​៥០​នាក់​ បាន​ទទួល​អាហារូបករណ៍​ក្រោម​កម្មវិធី Sripendium Hungarian Program ដើម្បី​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​លើ​មុខវិជ្ជា​កសិកម្ម មនុស្ស​សាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ ធម្មជាតិ​។​ល​។ ដោយឡែក​ក្នុង​ឆ្នាំ​២០១៩​នេះ មាន​និស្សិត​កម្ពុជា​ចំនួន​២៩​នាក់ កំពុង​បន្ត​ការសិក្សា​នៅ​ប្រទេស​ហុង​គ្រី​។ សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​វិញ​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ។ របាយការណ៍​របស់​ក្រសួង​ពាណិជ្ជ​បាន​បង្ហាញថា​ ចាប់ពី​ឆ្នាំ ២០១៣ រហូតដល់​ឆ្នាំ​ពាក់​កណ្តាល ឆ្នាំ២០១៨ មាន​ចំនួន​ជាង១៦​លាន​ដុល្លារ​អាមេរិក​។ ក្នុង​នោះ​កម្ពុជា​នាំ​ចេញទៅ​ហុង​គ្រី​មាន​ជាង១៣​លាន​ដុល្លារ​អាមេរិក ខណៈ​ហុង​គ្រី​នាំ​ចូល​មក​កម្ពុ​ជា​មាន​ជាង ៣​លាន​ដុល្លារ​អាមេរិក៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114