ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​ហ៊ុនសែន អនុញ្ញាត​ឲ្យ​និស្សិត​ និង ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​សិក្សា​និង​រស់នៅ​ប្រទេស​ហុង​គ្រី​ចូល​ជួប​សំដែង​ការគួរសម

ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃទី ១៣ មិថុនា​នេះ​ ក្រោយ​ពេល​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​បាន​អញ្ជើញ​មកដល់​សណ្ឋាគារ​ស្នាក់នៅ​គឺ​មាន​និស្សិត​និង​បងប្អូន​ខ្មែរ​ដែល​បាន​មក​រស់​នៅ​ក្នុង​ប្រទេស​ហុង​គ្រី​ចាប់តាំងពី​ឆ្នាំ​១៩៨២​មក ​បាន​មក​ទទួល​ស្វាគមន៍​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​យ៉ាង​រាក់ទាក់​ និង​កក់ក្តៅ​បំផុត​។​ នេះ​បើ​យោង​តាម​ប្រភព​ដែល​ផ្តល់​ឲ្យ​ដោយ​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​កោតសរសើរ​ដល់​កូនក្មួយ​ទាំងអស់​ដែល​មាន​ឱកាស​បាន​មក​សិក្សា​នៅ​ទី​នេះ​គឺ​ត្រូវតែ​យកចិត្តទុកដាក់​សិក្សា​រៀនសូត្រ​ហើយ​គោរព​ច្បាប់​ប្រទេស​គេ​ឲ្យបាន​ល្អ​។​ នៅក្នុង​ពេលនោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ជម្រាប​ជូន​បងប្អូន​ខ្មែរ​និង​និស្សិត​ដែល​កំពុង​សិក្សា​និង​រស់នៅ ក្នុង​ប្រទេស​ហុង​គ្រី អំពី​សភាពការណ៍​វិវត្តន៍​របស់​កម្ពុជា​។ សម្តេច​ក៏បាន​ផ្តាំផ្ញើ​ឲ្យ​បងប្អូន​រស់នៅ​សិក្សា នៅក្នុង​ប្រទេស​ហុង​គ្រី​ត្រូវ​ខិតខំ​គោរព​ទៅតាម​ច្បាប់​របស់​ប្រទេស​គេ និង ជួយ​លើក​តម្លៃ​និង​ថែរក្សា​នូវ​អ្វី​ដែល​ជា​អត្តសញ្ញាណ​ជាតិ​របស់​យើង និង​ចេះ​សាមគ្គី​គ្នា​ជួយ​គ្នា​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជម្រាបជូន​បងប្អូន​ខ្មែរ​នៅ​ទីនោះ​ថា ស​ម្តេច​ធ្លាប់បាន​អញ្ជើញ​មក​ទស្សនកិច្ច​ផ្លូវការ​និង​ទស្សនកិច្ច​សិក្សា​ព្រមទាំង​ចូលរួម​មហាសន្និបាត​បក្ស​និង​អមដំណើរ​សម្តេច​ពញា​ច​ក្រី ហេង សំរិន នៅ​ប្រទេស​នេះ​៨​ដង​មក​ហើយ​ គិត​ចាប់ពី​ឆ្នាំ​១៩៧៩-១៩៨៤ ដែល​នៅ​ពេល​នោះ​សម្តេច​តេ​ជោ​ជា​រដ្ឋមន្ត្រី ការបរទេស​។ នេះ​ជា​លើក​ទី​៩​ហើយក៏​ជា​លើក​ទី​១ ផង​ដែរ​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

គួរ​បញ្ជាក់​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ចាប់​ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស​ប្រទេស​ហុង​គ្រី​នៅ​ល្ងាច​ថ្ងៃទី​១៣​មិថុនា​។ យន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើ​ការ​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស​ប្រទេស​ហុង​គ្រី ​ប្រកបដោយ​សុវត្ថិភាព​ កាលពី​វេលា​ម៉ោង​១៣​និង​៤៥​នាទី​ម៉ោង​នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស ត្រូវ​នឹង​ម៉ោង​១៨​និង​៤៥​នាទី​ម៉ោង​នៅ​រាជធានី​ភ្នំពេញ​។

វត្តមាន​នៃ​ការ​អញ្ជើញ​ដល់​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ ត្រូវ​បាន​ការ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​ និង រាក់ទាក់​បំផុត​ពី​សំណាក់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ហុង​គ្រី​,​ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ហុង​គ្រី ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ប៊ែ​កឡាំង​ប្រទេស​អាឡឺម៉ង់​ ព្រមទាំង​វត្តមាន​លោក​លោកស្រី​ជា​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​ប្រទេស​ហុង​គ្រី​ជាច្រើនរូប។

សូម​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​៤០​នាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​ហុង​គ្រី​ក្នុង​នោះ​៣៥​នាក់ ​ទទួលបាន​សញ្ជាតិ​ហុង​គ្រី​និង​មាន​និស្សិត​កំពុង​រស់នៅ​និង​សិក្សា​ក្នុងប្រទេស​ហុង​គ្រី​ចំនួន​២៩​នាក់​៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114