ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​-​ហុង​គ្រី ចុះ​កិច្ចព្រមព្រៀង​និង​អនុស្សរណៈ​ចំនួន​៣ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​

ភ្នំពេញ ​៖ ​រដ្ឋាភិបាល​កម្ពុជា ​និង​ហុង​គ្រី​ បាន​ចុះហត្ថលេខា​រួមគ្នា​លើ​ឯកសារ​ចំនួន​៣ ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ជាថ្មី​ឡើងវិញ​ឲ្យ​កាន់តែ​ប្រសើរឡើង​។​ជាមួយគ្នានេះ​ប្រមុខ​នៃ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​គណបក្សកាន់អំណាច​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។ ឯកសារ​ទាំងនោះ​ត្រូវបាន​ព្រមព្រៀងគ្នា​នៅក្នុង​ជំនួប​រវាង​សម្ដេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក Viktor Orban នាយករដ្ឋមន្ត្រី​ហុង​គ្រី​នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស​កាលពី​ថ្ងៃទី​១៣ មិថុនា​។ នេះ​បើ​យោងតាម​ប្រភព​ដែល​ផ្តល់​ឲ្យ​ដោយ​អ្នកយកព័ត៌មាន​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា​។​

​ ​ឯកសារ​ដែល​ភាគី​ទាំងពីរ​ចុះហត្ថលេខា​រួមគ្នា​នោះ​មាន​កិច្ចព្រមព្រៀង​និង​អនុស្សរណៈ​សំខាន់ៗ​ចំនួន​៣​ក្នុងនោះ​រួមមាន ៖

​ ​ទី​១. កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ហុង​គ្រី​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​,

​ ​ទី​២. កម្មវិធី​ផ្លាស់ប្តូរ​វិស័យ​អប់រំ​រវាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ព្រះរាជាណាចក្រ​កម្ពុជា​និង​ក្រសួង​ធនធានមនុស្ស​ហុង​គ្រី​សម្រាប់​ឆ្នាំ​២០២០-២០២១​និង​ឆ្នាំ​២០២២

​ ​ទី​៣. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ទេសចរ​ណ៍រ​វាង​វិទ្យាស្ថាន​ជាតិ​ទេសចរណ៍​កម្ពុជា​ជាមួយ​សាកលវិទ្យាល័យ Milton Friedman University នៃ​ប្រទេស​ហុង​គ្រី​។​ក្នុង​ឱ​កាស​នោះ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង​នៃ​គណបក្ស​កាន់អំណាចរ​វា​ង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ហុង​គ្រី ផងដែរ​។​ ​

​ ​សូមបញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា​និង​ប្រទេស​ហុង​គ្រី​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​នៅ​ថ្ងៃទី​២០ ​ខែកញ្ញា​ ឆ្នាំ​១៩៥៦​។ ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ​ត្រូវបាន​កាត់ផ្តាច់​ក្នុង​របប​ខ្មែរក្រហម​នា​ឆ្នាំ​១៩៧៥​។ នៅ​ឆ្នាំ​១៩៧៩​សាធារណរដ្ឋ​ប្រជាមានិត​ កម្ពុជា​ និង​ប្រទេស​ហុង​គ្រី បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាថ្មី​ឡើងវិញ​ក្នុង​រយៈពេល​នោះ​គឺ​ពី​ឆ្នាំ​១៩៧៩​រហូតដល់​ឆ្នាំ​១៩៩៣​ប្រទេស​ហុង​គ្រី​បានផ្តល់​ការឧបត្ថម្ភ​គាំទ្រ​ដល់​អតីត​រដ្ឋ​កម្ពុជា​និង​បានរួម​ចំណែក​ដល់​ប្រតិបត្តិការ​របស់​អ៊ុនតាក់​ក្នុង​ប្រតិបត្តិការ​សន្តិ​ភា ពនៅ​កម្ពុជា​។ នេះ​គឺជា​លើក​ទី ១​ដែលជា​ដំណើរ​បំពេញ​ទស្សនកិច្ច​ថ្នាក់ខ្ពស់​បំផុត​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ហុង​គ្រី​បន្ទាប់ពី​ប្រទេស​ទាំង​ពីរបាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​កាលពី​ឆ្នាំ​១៩៥៦​។​

​ ​នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី​នោះដែរ​ហុង​គ្រី​បានផ្តល់​ថវិកា​ចំនួន​១០០ លាន​ហ្វ័​រ​រី​ន (​លុយ​ហុង​គ្រី​) ដល់​រដ្ឋាភិបាល​នៃ​អតីត​រដ្ឋ​កម្ពុជា​ក្នុងការ​សាងសង់​មជ្ឈមណ្ឌល​កុមារកំព្រា​ក​ម្ពុ​ជា​បារាំង​ហុង​គ្រី​កំពង់​ក​ន្តួ​ត​ខេត្តកណ្តាល​និង​នៅ ឆ្នាំ​១៩៩៧​កាកបាទក្រហម​ហុង​គ្រី​បាន​ផ្តល់ជំនួយ​ថ្នាំពេទ្យ​គិត​ជា​ទឹកប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក​ដល់​ជនរងគ្រោះ ដោយ​ទឹកជំនន់​នៅ​កម្ពុជា​។ លើ​ការរួមចំណែក​ដល់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៨០​រហូតដល់​ឆ្នាំ​១៩៩១​ហុង​គ្រី​បានរួម​ចំណែក​បណ្តុះបណ្តាល​និស្សិត​កម្ពុជា​សរុប​ចំនួន​១៩៥​នាក់​។ ចាប់ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨​និស្សិត​កម្ពុជា​ចំនួន​៥០​នាក់​បានទទួល​អាហារូបករណ៍​ក្រោម​កម្មវិធី Sripendium Hungarian Program ដើម្បី​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​លើ​មុខវិជ្ជា​កសិកម្ម​មនុស្សសាស្ត្រ​វិស្វកម្ម​សេដ្ឋកិច្ច​វិទ្យាសាស្ត្រ​ធម្មជាតិ​។​ល​។​ដោយឡែក​ក្នុង​ឆ្នាំ​២០១៩​នេះ​មាន​និស្សិត​កម្ពុជា​ចំនួន​២៩​នាក់​កំពុង​បន្ត​ការសិក្សា​នៅ​ប្រទេស​ហុង​គ្រី​។​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​វិញ​នៅមាន​ចំនួន​តិចតួច​នៅឡើយ។ ​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម ​បាន​បង្ហាញថា​ចាប់ពី​ឆ្នាំ ២០១៣​រហូតដល់​ឆ្នាំ​ពាក់កណ្តាល ឆ្នាំ ២០១៨​មាន​ចំនួន​ជាង​១៦ លាន​ដុល្លារ​អាមេរិក​។​ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​ហុង​គ្រី​មាន​ជាង​១៣​លាន​ដុល្លារ​អាមេរិក​ខណៈ​ហុង​គ្រី​នាំ​ចូលមក​កម្ពុ​ជាមាន​ជាង​៣​លាន​ដុល្លារ​អាមេរិក​។​

​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ហុង​គ្រី​ចាប់ពី​ថ្ងៃទី​១៣ ដល់​១៤ ខែមិថុនា ។ ក្រោយពី​បញ្ចប់​ទស្សនកិច្ច​នៅ​ហុង​គ្រី​នា​ថ្ងៃទី​១៤ ខែមិថុនា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​តាជី​គី​ស្ថាន​ដើម្បី​ចូលរួម​សន្និសីទ​កំពូល​ស្តីពី​អន្តរសកម្មភាព​និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA) លើក​ទី​៥ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ ២០១៩ នៅ​ទីក្រុង​ឌូ​ស្ហា​ន់​បេ​។ នៅក្នុង​សន្និសីទ​កំពូល​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​ថ្លែង​សុន្ទរកថា​ដោយ​ផ្តោតលើ​បញ្ហា​គន្លឹះ​ទាក់ទង​នឹង​ការ​ប្រឈម​រួម​របស់​តំបន់​អាស៊ី និង​ចែករំលែក​ទស្សនៈ​ជុំវិញ «​អាស៊ី​នឹង​រួមគ្នា​ដោះស្រាយ​បញ្ហា​សន្តិសុខ សេដ្ឋកិច្ច និង​នយោបាយ តាមរយៈ​ការពង្រឹង​ជំនឿ​ទំនុកចិត្ត និង​ទំនាក់ទំនង​ក្នុងចំណោម​ប្រទេស​ជា​សមាជិក CICA»​។​

​ ​គួរ​បញ្ជាក់ថា CICA គឺជា​វេទិកា​ពហុភាគី​ដែលមាន​វត្ថុបំណង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​រដ្ឋ​សមាជិក​របស់ខ្លួន​ក្នុង​វិស័យ​មួយចំនួន​ដូចជា សន្តិភាព សន្តិសុខ​និង​ស្ថិរភាព​នៅ​អាស៊ី​និង​ពិភពលោក ទាំងមូល​។ បច្ចុប្បន្ន​សន្និសីទ​នេះ​មាន​សមាជិក​អចិន្ត្រៃយ៍​ចំនួន ២៧ ប្រទេស​ហើយ​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​២០១១៕

ដោយ ៖ ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114