ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធានសភា​ហុង​គ្រី ៖ ​សភា​សហភាព​អឺរ៉ុប​ត្រូវតែ​ផ្តល់​ភាព​យុ​ត្តិ​ធម៌​សម្រាប់​កម្ពុជា​ដោយ​មិន​ត្រូវ​ដក EBA ពី​កម្ពុជា​ឡើយ

ភ្នំពេញ​ ៖ លោក ឡាស់​ស្លូ កូ​វើ (Laszlo Kover) ប្រធានរដ្ឋសភា​ប្រទេស​ហុង​គ្រី​ បាន​ផ្តល់​នូវ​ភាព​យុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា​ដោយ​លោក បាន​លើកឡើង​ថា ​ប្រទេស​ហុង​គ្រី​គាំទ្រ​ទាំងស្រុង​ចំពោះ​ប្រទេស​កម្ពុជា​ ដើម្បី​ឲ្យ​សហភាព​អឺរ៉ុប​ផ្ដល់នូវ​ភាពយុត្តិធម៌​ចំពោះ​ប្រទេស​កម្ពុជា​។

លោក ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា ​សភា​សហភាព​អឺរ៉ុប​មិនចាំបាច់​ទេ​ក្នុង​ការផ្ដល់​មេរៀន​ដល់​ប្រទេស​កម្ពុជា មិនតែប៉ុណ្ណោះ​កម្ពុជា​មិនត្រូវ​បាន​ដកហូត នូវ​ប្រព័ន្ធ​អនុគ្រោះ EBA ដោយ​សហភាព​អឺរ៉ុប​ឡើយ​។

លោក ឡាស់​ស្លូ កូ​វើ បាន​ថ្លែង​អះអាង​បែបនេះ​ទៅកាន់​សម្តេច​តេ​ជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ក្នុង​ជំនួប​សំដែង​ការគួរសម​កាលពី​ព្រឹក​ថ្ងៃ ទី​១៤ ខែ​មិថុន នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស ប្រទេស​ហុង​គ្រី ដែលជា​ថ្ងៃទី​២​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ទៅកាន់​ប្រទេស​ហុង​គ្រី។

លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា លោក​ប្រធានរដ្ឋសភា​ហុង​គ្រី​បាន​សំដែង ការ​ស្វាគមន៍​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន។ លោក​ប្រធានរដ្ឋសភា​ហុង​គ្រី​បាន​បញ្ជាក់​ថា ​លោក​ធ្លាប់​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា។ លោក​បាន​គេ​ឃើញថា​ កម្ពុជា​មានការ​អភិវឌ្ឍ​ន៍​យ៉ាង​ខ្លាំង​បើ​ប្រៀបធៀប​ទៅ​និង​សម័យ​សង្គ្រាម​។ លោក​ប្រធាន​សភា​បាន​លើក​ឡើង ថា​លោក​ចង់​ឃើញ​ការ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​រវាង​សភា​នៃ​ប្រទេស​ទាំងពីរ​និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​វប្បធម៌​និង​វិស័យ​អប់រំ​រវាង​ប្រទេស​ទាំងពីរ។

លោក​ក៏បាន​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​ការងារ​រវាង​សម្តេច​ហ៊ុនសែន និង​លោកនាយក​រដ្ឋមន្ត្រី ហុង​គ្រី​ ដែល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ។ លោក​ក៏​សង្ឃឹម​ផងដែរ​ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ថ្មីទៀត​នៅ​ប្រទេស​ហុង​គ្រី​ដោយមាន​ពេលវេលា​ច្រើនជាង​ពេលនេះ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ជម្រាប​ជូន​លោក​ប្រធានសភា​ហុង​គ្រី​ផង​ដែរ​ថា ស​ម្តេច​មក​បំពេញ​ទស្សនកិច្ច​លើក​នេះ ក្នុងឋានៈ​ជា​នាយក​រដ្ឋមន្ត្រី ​ហើយ​សម្តេច​បាន​ពាំនាំ​ការ​ជូន​ពរ​ក៏ដូចជា​ការស្នើ​ឲ្យ​ប្រធាន​ព្រឹទ្ធសភា​និង​ប្រធានរដ្ឋសភា​កម្ពុ​ជា​មក​ទ​ស្សន​កិច្ច​នៅ​ប្រទេស​ហុង​គ្រី​តប​តាម ការអញ្ជើញ​របស់​ប្រធានរដ្ឋសភា​ហុង​គ្រី។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ជម្រាប​ជូន​ប្រធាន​សភា​ហុង​គ្រី​ថា​ នៅ​ឆ្នាំ២០២១​ប្រទេស​ទាំងពីរ នឹង​ប្រារព្ធ​ខួប​៦៥ នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​កម្ពុជា​និង​បើក​ស្ថានទូត​ទូត​របស់​កម្ពុជា​នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស​ ហើយ​ហុង​គ្រី​ក៏​នឹង​បើក ស្ថានទូត​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ដូចគ្នា​ផងដែរ។

សម្ដេច​បាន​គូស​បញ្ជាក់​ថា ទស្សនកិច្ច​របស់​សម្តេច​ពេលនេះ​គឺ​ដើម្បី​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការ​ដែល​ប្រទេស​ទាំងពីរ​ធ្លាប់​មាន​ពី​មុន​មក​។ សម្តេច​បន្ត​ថា ​សម្ដេច​ចង់​ឃើញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ការជំរុញ​ពាណិជ្ជកម្ម និង ទេសចរណ៍ រវាង​ប្រទេស​ទាំងពីរ​មាន​ភាពប្រសើរឡើង។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អរគុណ​ចំពោះ​ប្រទេស​ហុង​គ្រី​បាន​គូសបញ្ជាក់​ថា ​ប្រទេស​ហុង​គ្រី​គាំទ្រ​កម្ពុជា​ក៏ប៉ុន្តែ​ពេលនេះ​កម្ពុជា​ក៏​ត្រូវការ​ការ​គាំទ្រ ​និង ​កិច្ចសហប្រតិបត្តិការ​ពី​សភា​នៃ​ប្រទេស​ហុង​គ្រី​ផងដែរ ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​ការ​បោះឆ្នោត​សភា​សហភាព​អឺរ៉ុប​ផង​ដែរ។ ឆ្លៀត​ឱកាស​នោះ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​គោរព​អញ្ជើញលោក​ប្រធាន​សភា​ហុង​គ្រី​ទៅ​បំពេញ​ទៅ បំពេញ​ទស្សនកិច្ច​ជាថ្មី​ម្តង​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា។ ជាមួយគ្នានេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើ​ឲ្យ​មានការ​ចុះ​អនុស្សរណៈ​រវាង​សភា កម្ពុជា​និង​សភា​ហុង​គ្រី ដើម្បី​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ជួយ​គ្នា​ទៅវិញទៅមក។

លោក​ប្រធាន​សភា​ក៏បាន​អរគុណ​ចំពោះ​ការអញ្ជើញ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នឹង​ចូលរួម​ប្រជុំ​សភា​អាស៊ី​អឺរ៉ុប​នៅ ឆ្នាំ២០២០ ហើយ​លោក​ក៏បាន​ថ្លែងអំណរគុណ​សម្ដេច​តេ​ជោ​ដែល​បាន​បង្កើត​នូវ​យន្តការ​សភា​កម្ពុជា​និង​សភា​អឺរ៉ុប​ជាពិសេស​ក្នុងការ​តាក់តែង នូវ​អនុស្សារណៈ​កិច្ចសហប្រតិបត្តិកា​រ​រវាង​ប្រទេស​ទាំងពីរ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​សភា​និង​សភា​។

សម្តេច​បាន​គូសបញ្ជាក់​ថា ​ប្រទេស​ហុង​គ្រី​មាន​បទពិសោធ​ន៍​ក្នុង​ការរៀបចំ​ប្រព័ន្ធ​ចាប់​ដៃ​គ្នា​នេះ​គឺមាន​កម្មវិធី​បណ្ដុះបណ្ដាល​ហើយ​ក្នុង​នេះ​។

​លោក​ប្រធាន​សភា​ហុង​គ្រី​ថា​ យើង​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សភា​កម្ពុជា​។ ​ចំពោះ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប​និង​កម្ពុជា​ លោក​បាន​គូស​បញ្ជាក់​ថា ​ប្រទេស​ហុង​គ្រី​នឹង​គាំទ្រ​ទាំងស្រុង​ ចំពោះ​ប្រទេស​កម្ពុជា​ ដើម្បី​ឲ្យ​សហភាព​អឺរ៉ុប​ផ្ដល់​នូវ​ភាព​យុត្តិធម៌​ដល់​ប្រទេស​កម្ពុជា​ហើយ​សង្ឃឹមថា ​សហភាព​អឺរ៉ុប​នឹង​មិត្ត​ដក​ប្រព័ន្ធ​អនុគ្រោះ​EBA ពី​កម្ពុជា​ឡើយ។ ហុង​គ្រី​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ហុង​គ្រី ហើយ​សង្ឃឹមថា​ កម្ពុជា​នឹង​បញ្ជូន​និស្សិត​មក​សិក្សា​នៅ​ប្រទេស​ហុង​គ្រី​ដើម្បី​ក្រេប​យកចំណេះ​វិជ្ជា​ទៅធ្វើ​ការ អភិវឌ្ឍ​ប្រទេស​កម្ពុជា​ផងដែរ​៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114