ព័ត៍មានទាន់​ហេតុការណ៏
Search

អាង​ស្តុក​ទឹកស្ទឹង​ស្រែង​ទី​២ ត្រូវ​បើក​បង្ហូរ​ឲ្យ​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​បន្ទាយមានជ័យ​ អាច​ប្រើប្រាស់​

​ឧ​ត្ត​រ​មានជ័យ​ ៖ អាង​ស្តុក​ទឹកស្ទឹង​ស្រែង​ទី​២ ស្ថិត​ក្នុងភូមិ​ស្រះកែវ ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ត្រូវបាន​បើកទ្វារ​ទឹក​បង្ហូរ​ទៅ​អាង​ស្តុក​ទឹកស្ទឹង​ស្រែង​ទី​១ ដើម្បី​បង្ហូរ​បន្ត​ទម្លាក់​ទៅ​អាង​ត្រពាំង​ថ្ម ក្នុងស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​។​

លោក ញឺ​ន កួន ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា កាលពី​ម្សិលមិញ លោក​បាន​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​ប្រព័ន្ធ​ធារាសាស្ត្រ​សំខាន់ៗ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​បាន​បន្ត​បើកទ្វារ​ទឹក​ពី​អាង​ស្តុក​ទឹកស្ទឹង​ស្រែង​ទី​២ ទម្លាក់​មក​អាង​ស្តុក​ទឹកស្ទឹង​ស្រែង​ទី​១ ដើម្បី​ទម្លាក់​បន្ត​មក​អាងទឹក​ត្រពាំង​ថ្ម ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយ​មានជ័យ​ ​ហើយ​អាង​ស្តុក​ទឹកស្ទឹង​ស្រែង​ទី​២​នេះ ​តែង​បើក​បង្ហូរ​ទ្វារ​ទឹកជា​ប្រចាំ​នៅ​ពេល​អាង​ស្តុក​ទឹក​ផ្នែក​ខាងក្រោម​មានការ​ខ្វះខាត​ទឹក។​

លោក​ញឺ​ន កួន បាន​ឲ្យ​ដឹងថា អាង​ស្តុក​ទឹកស្ទឹង​ស្រែង​ទី​២​នេះ អាច​ស្តុក​ទឹកបាន​២៥៨​លាន​ម៉ែត្រគូប ខណៈ​អាង​ស្តុក​ទឹកស្ទឹង​ស្រែង​ទី​១ អាច​ស្តុ​ក​ទឹកបាន១៥៣​លាន​ម៉ែត្រគូប​។​

លោក​ថា ការបើក​អាង​ស្តុក​ទឹកស្ទឹង​ស្រែង​ទី​២​នេះ ក្នុង​គោលដៅ​ឲ្យ​វា​ធ្លាក់​បន្តទៅ​អាង​ស្តុក​ទឹកស្ទឹង​ស្រែង​ទី​១ និង​អាង​ត្រពាំងថ្ម ព្រោះ​ប្រជាពលរដ្ឋ​មួយចំនួន​កំពុង​ប្រើប្រាស់​។

លោក​ថា អាង​ស្តុក​ទឹកស្ទឹង​ស្រែង​ទី​១ និង​ទី​២​នេះ មិន​ត្រឹមតែ​បម្រើ​ផលប្រយោជន៍ សម្រាប់​ប្រជា​ពលរដ្ឋ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប៉ុណ្ណោះ​ទេ តែ​អាច​បម្រើ​ផលប្រយោជន៍ ដល់​ប្រជាពលរដ្ឋ​ស្រុក​ស្រីស្នំ និង​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប ព្រមទាំង​ប្រជាពលរដ្ឋ​ស្រុក​ភ្នំស្រុក និង​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មានជ័យ​ថែម​ទៀត​ផង​។​

ជាមួយគ្នា​នោះ​ លោក ញឺ​ន កួន ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា និង​ការណែនាំ​ជា​ប្រចាំ​របស់លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម សព្វថ្ងៃនេះ ​មន្ទីរ​ធនធាន​ទឹក ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​យកចិត្តទុកដាក់​ធ្វើ​សកម្មភាព​កែលំអ និង​ថែទាំ​ប្រឡាយ​ទឹក​នៅ​តាម​ស្រុក​-​ក្រុង ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​មានលទ្ធភាព​យក​ទឹក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ ក៏ដូចជា​ការប្រើប្រាស់​ស្រោចស្រព​ដំណាំ និង​ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវវស្សា និង​ស្រូវប្រាំង​ផង​ដែរ​៕​

ដោយ ​៖​ ចាន់ ធី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114