ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ កសាង​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​២៨០០​ម៉ែត្រ​ ទៅ​ចំណុច​វត្ត​យុគន្ធរ ក្នុង​ភូមិ​ឆ្នុកទ្រូ ធ្វើ​ឲ្យ​ពលរដ្ឋ​រីករាយ​សប្បាយចិត្ត​យ៉ាង​ខ្លាំង​

កំពង់ឆ្នាំង​ ៖ ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្លូវលំ​មួយ ​ខ្សែ​ប្រវែង​២៨០០​ម៉ែត្រ ចេញ​ពី​ទីប្រជុំជន​សាលាឃុំ​ឆ្នុកទ្រូ​ទៅកាន់​ចំណុច​វត្ត​យុគន្ធរ ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ត្រូវបាន​អាជ្ញាធរ​ឃុំ​ចំណាយ​ថវិកា​មូលនិធិ​ឃុំ​ជិត​២០០​លាន​រៀល ដើម្បី​កសាង​ផ្លូវ​រទេះ​ចាស់​មួយ​ខ្សែ​នេះ ឲ្យ​ក្លាយទៅជា​ផ្លូវលំ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​យានយន្ត​បាន​ដោយ​ងាយស្រួល ។ ការកសាង​ផ្លូវ​មួយ​ខ្សែ​ខាងលើនេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង ភូមិ ឃុំ ឆ្នុកទ្រូ​រីករាយ​សប្បាយ​ចិត្ត គ្រប់ៗ​គ្នា ព្រោះថា​មាន​ផ្លូវ​មាន​ក្តីសង្ឃឹម មាន​ជីវភាព​កាន់តែ​ប្រសើរឡើង​។​

​លោក សាំង គឹម​ស៊ន មេឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០១៩ នេះ​បាន​និយាយ​ឲ្យ​ដឹងថា​ ពី​ដើមឡើយ ​ផ្លូវ​មួយ​ខ្សែ​នេះ​ ចេញពី​សាលាឃុំ កាន់​វត្ត​យុគន្ធរ គឺជា​ផ្លូវ​រទេះ​កាត់​ព្រៃរនាម​តាំងពី​បុរាណ​មក។ ដោយ​មើលឃើញ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ នៅ​ក្នុង​ឆ្នាំ​២០១៩ នេះ អាជ្ញាធរ​ឃុំ​បាន​ឯកភាពគ្នា សម្រេច​ចំណាយ​ថវិកា​មូលនិធិ​ឃុំ​ឆ្នាំ​២០១៨ ចំនួន​១៩៨​លាន​រៀល ដើម្បី​កសាង​ផ្លូវ​រទេះ​មួ យ​ខ្សែ​នេះ​ប្រវែង​២៨០០​ម៉ែត្រ ឲ្យ​ក្លាយ​ជា​ផ្លូវលំ​ដី ស ដែល​មាន​បាត​ទទឹង​ក្រោម៨​ម៉ែត្រ ខ្នង​លើ​ទទឹង​៦ម៉ែត្រ និង​កម្ពស់​ពីមួយ​ម៉ែត្រ ទៅ​២​ម៉ែត្រ ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​អាចធ្វើ​ដំណើរ​តាម​រថយន្ត គោយន្ត និង​កង់ ម៉ូតូ បាន​ងាយស្រួល។​

​លោក​មេឃុំ​ឆ្នុកទ្រូ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ គិត​មកដល់ពេលនេះ​ផ្លូវ​មួយ​ខ្សែ​នេះ​កសាង​បាន​៩០​ភាគរយ​ហើយ និង​ក្រោយពី​កសាង​ផ្លូវ​នេះ​រួចរាល់​ជា​ស្ថាពរ​នោះ អាជ្ញាធរ​ឃុំ ​នឹង​យក​ប្រជាពលរដ្ឋ ដែល​រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក ជាង​២០០​គ្រួសារ មក​រៀបចំ​លំនៅ​ដ្ឋា​ន​នៅ​សងខាង​ផ្លូវ​នេះ ដោយ​នៅក្នុង​មួយ​គ្រួសារ​នឹង​ទទួលបាន​ដី​ទំហំ​១២​ម៉ែត្រ គុណ​នឹង​២០​ម៉ែត្រ ដែល​ដែល​រស់​នៅ​បាន​ដោយ​ងាយស្រួល​ផងដែរ។​

ប្រជាពលរដ្ឋ​រស់នៅក្នុង​តាម​ភូមិ ក្នុង​ឃុំ​ឆ្នុកទ្រូ បាន​សំដែង​នូវ​ការរីករាយ​សប្បាយចិត្ត​យ៉ាងខ្លាំង​ចំពោះ​សមិទ្ធផល​ផ្លូវលំ​ថ្មី​មួយ​ខ្សែ​នេះ ដែល​អាជ្ញាធរ ឃុំ ស្រុក ខេត្ត បាន​យក​ចិត្ត​ទុកដាក់​គិតគូរ​អំពី​ការលំបាក ជួយ​កសាង​ផ្លូវ​មួយ​ខ្សែ​នេះ ដែល​អាច​ឲ្យ​ពួកគាត់ ធ្វើដំណើរ​តាម​កង់ ម៉ូតូ រថយន្ត ឬ​គោយន្ត​បាន​ដោយ​ងាយស្រួល ដើម្បី​មានលទ្ធភាព លើកស្ទួយ​ជីវភាព​រស់នៅក្នុង​គ្រួសារ​ឲ្យ​កាន់តែ​ប្រសើរឡើង៕

ដោយ ៖ ឈៀង ថា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114