ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ​អូស្មាន ហាស្សាន់ ​ទទួល​ជួប​ទូត​ម៉ាឡេស៊ី​ថ្មី​ដើម្បី​បន្ត​កិច្ច​សហប្រតិបត្ដិការ​កម្ពុជា​-​ម៉ាឡេស៊ី​ឲ្យ​កាន់តែ​ល្អ

ភ្នំពេញ ៖ ​លោក​បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស បានទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក ELDEEN HUSSAINI BIN MOHD HASHIM ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​តែងតាំង​ថ្មី នៃ​ប្រទេស​ម៉ាឡេស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង ដើម្បី​បន្ដ​កិច្ច​សហប្រតិបត្ដិការ​រឹតចំណង សាមគ្គីភាព លើ​ក្របខណ្ឌ​វិនិយោគ អភិវឌ្ឍ​​​សហគមន៍​រវាង​ប្រទេស កម្ពុជា​-​ម៉ាឡេស៊ី​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ថែមទៀត​។ ជំនួប​នេះ​ ធ្វើឡើង​នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​សុក្រ​១២​កើត ខែជេស្ឋ ឆ្នាំកុរ​ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៩។

លោក​អូស្មាន ហាស្សាន់ បាន​ថ្លែង​បញ្ជាក់​ថា ប្រជាពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​ កំពុង​រស់​នៅ​ប្រកបដោយ សុខដុម​បនីយកម្ម គ្រប់​ជាតិ​សាសន៍ និង​សាសនា​នៅ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និយាយ​ដោយឡែក សម្រាប់​វិស័យ​ឥស្លាម ក៏ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គិតគូរ​ប្រកប ដោយ​ការយកចិត្តទុកដាក់​គ្រប់​ជ្រុងជ្រោយ​។ លោក អូស្មាន ហាស្សាន់ ក៏បាន​ថ្លែង​នូវ​ការ​អគុណ​ដល់​រាជរដ្ឋាភិបាល ម៉ាឡេស៊ី ដែលជា​និច្ចកាល​តែងតែ​បាន​ចូលរួម​ក្នុង​វិស័យ​មនុស្សធម៌​នៅ​កម្ពុជា ក៏ដូចជា​ការផ្តល់​​​អាហារូបករណ៍​រៀងរាល់​ឆ្នាំ​ជាច្រើន​កន្លែង​ដល់​និស្សិត​ខ្មែរឥស្លាម ដើម្បី​បាន​បន្ត​ការសិក្សា​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​លោក​ក៏​ស្នើ​ឲ្យ​បន្ត​កិច្ច សហការ​ផ្ដល់​ជំនួយ​មនុស្សធម៌​នេះ​អោយ​កាន់តែ​ច្រើន​ថែមទៀត​ដល់​កម្ពុជា ផង​ដែរ​។​

​លោក​ELDEEN HUSSAINI BIN MOHD HAHA SHIM បាន​បញ្ជាក់ថា​ ៖ ក្នុងនាម​ប្រទេស​ជើងចាស់​ដែល​មាន​បទពិសោធន៍ និង​ធនធាន​គ្រប់គ្រាន់ លើ​ក្រប​ខណ្ឌ​ហា​ឡា​ល់ ការ​វិនិយោគ​ទុន ពាណិជ្ជកម្ម ​ឧស្សាហកម្ម ​កសិកម្ម​ វប្បធម៌ ​និង​ទេសចរណ៍​ ម៉ាឡេស៊ី​សូម​បន្ត​ ធ្វើជា​ដៃគូ​សហការ និង​ជ្រោមជ្រែង​ដល់​ភាគី​កម្ពុជា លើ​លក្ខខណ្ឌ​បច្ចេកទេស ក៏ដូចជា​ការចូលរួម​ផ្សព្វផ្សាយ​ពី​ឱកាស​វិនិយោគ​ឧស្សាហកម្ម​នៅ​កម្ពុជា ដែលជា​ប្រទេស​ដែលមាន​លក្ខណៈ​អំណោយផល​ខ្ពស់​ទាំង​ធនធានធម្មជាតិ វត្ថុធាតុដើម និង​កម្លាំង​ពលកម្ម​គ្រប់គ្រាន់ ហើយ​ជាពិសេស​កម្ពុជា កំពុង​តែ​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទៅមុខ ដែល​មាន​កំណើន​សេដ្ឋកិច្ច​ជាង​៧​ភាគរយ​ប្រចាំ​ឆ្នាំ។

​សូម​បញ្ជាក់​ផង​ដែរ​ថា លោក ELDEEN HUSSA INI BIN MOHD HAHASHIM ត្រូវ​បាន​ព្រះករុណា​ព្រះអង្គ​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សព្វ​ព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន អនុញ្ញាត​ឲ្យ​ចូល​ក្រាបថ្វាយបង្គំ​គាល់ ថ្វាយ​សារតាំង នៅ​ព្រះទីន័ង​ទេវាវិនិច្ឆ័យ​ព្រះបរមរាជវាំង កាលពី​ដើមខែ ឧសភា ឆ្នាំ​២០១៩ កន្លងមកនេះ​៕

ដោយ ៖ វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114