ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ចម ប្រសិទ្ធ សាទរ​ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​លើ​វេទិកា​សេដ្ឋកិច្ច​ផ្សេងៗ​ដើម្បី​បង្កើន​សក្ដានុពល​វិនិយោគ

ភ្នំពេញ​ ៖ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សម្តែង​នូវ​ការ​សាទរ ការ​ស្វាគមន៍ និង​បាន​ចាត់ទុក​កម្មវិធី​នេះ​ មាន​សារៈសំខាន់​សម្រាប់​ជំរុញ​ទំនាក់ទំនង​និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​-​កូរ៉េ កាន់តែ​ប្រសើរ​ឡើង ជាពិសេស​លើ​វិស័យ​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​សំដៅ​បង្កើន​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ក៏បាន​ឯកភាព​ផងដែរ ចំពោះ​ការចង់បាន​របស់​ភាគី​កូរ៉េ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទស្សនកិច្ច និង​ការរៀបចំ​សិក្ខាសាលា ឬវេទិកា​សេដ្ឋកិច្ច​ផ្សេងៗ ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​ផ្នែក​ជំនួញ និង​ស្វែងយល់​ពី​សក្តានុពល​វិនិយោគ​សម្រាប់​វិនិយាគិន​កូរ៉េ​មក​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន​ឡើង​។​

ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជាមួយ​លោក Jungsoo Doo ប្រធាន​ទទួលបន្ទុក​ការិយាល័យ​ជំរុញ​ការវិនិយោគ​និង​បច្ចេកវិទ្យា នៃ​ប្រទេស​កូរ៉េ នា​រសៀល​ថ្ងៃ​សុក្រ ១២​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង ដៃគូ​សន្ទនា​បាន​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​កម្មវិធី​ពិគ្រោះ​យោបល់ (Advisory Programme) រវាង​កម្ពុជា​-​កូរ៉េ ។​

​យោងតាម​ប្រធានបទ​ខាងលើ លោក Jungsoo Doo បាន​ជម្រាប​ថា ​៖ ​ក្រោម​ក្របខ័ណ្ឌ​ការិយាល័យ​ជំរុញ​ការ​វិនិយោគ​និង​បច្ចេកវិទ្យា​កូរ៉េ នៃ​អង្គការ​អភិវឌ្ឍ​​​ឧស្សាហកម្ម​សហប្រជាជាតិ (UNIDO) បាន​បង្កើត​កម្មវិធី​មួយ​ហៅថា ​៖ ​កម្មវិធី​ពិគ្រោះ​យោបល់​(Advisory Programme)​ក្នុង​គោលដៅ​ឲ្យ​មាន​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការវិនិយោគ​និង​ការផ្ទេរ​បច្ចេកវិទ្យា​រវាង​កម្ពុជា និង​កូរ៉េ ហើយ​ក៏មាន​គោលបំណង​ឲ្យ​មាន​ភាព​បន្ស៊ី​គ្នា​ជាមួយ​កម្មវិធី​ភាពជា​ដៃគូ​ក្នុងប្រទេស​(PCP) របស់​អង្គការ UNIDO នៅ​កម្ពុជា​ផងដែរ។ កម្មវិធី​នេះ​មាន​រយៈពេល​០៣​ឆ្នាំ​ដោយ​ចាប់​អនុវត្ត​ពី​ឆ្នាំ​២០១៩ ដល់ ឆ្នាំ​២០២១។ ផែនការ​សកម្មភាព គឺ​ដំបូង ភាគី​ខាង​ការិយាល័យ​ជំរុញ​ការ​វិនិយោគ​និង​បច្ចេកវិទ្យា​កូរ៉េ នៃ​អង្គការ​អភិវឌ្ឍ​​​ឧស្សាហកម្ម​សហប្រជាជាតិ (UNIDO) នឹងត្រូវ​ជ្រើសរើស​អ្នកសម្របសម្រួល​ម្នាក់​ជា​ជនជាតិ​កម្ពុជា ដែលមាន​ជំនាញ​ផ្នែក​អភិវឌ្ឍ​​​ឧស្សាហកម្ម ដើម្បី​បំពេញភារកិច្ច​ជា​អ្នក​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ​ជំរុញ​ផ្នែក​វិនិយោគ និង​វិស័យ​បច្ចេកវិទ្យា រវាង​ប្រទេស​ទាំងពីរ​កម្ពុជា និង​កូរ៉េ ។ ជាមួយគ្នានេះ​លោក Jungsoo Doo បានបង្ហាញ​នូវ​ការចាប់​អារ​ម្ម​ណ៍​ពី​ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ចកម្ពុជា។ តាមរយៈ​កម្មវិធី​នេះ ភាគី​ទាំងពីរ​កម្ពុជា​-​កូរ៉េ នឹង​ពង្រឹង​បាន​ថែមទៀត​នូវ​ការផ្លាស់ប្តូរ​ព័ត៌មាន​សេដ្ឋកិច្ច​ផ្សេងៗ ជាពិសេស​ជួយ​ជំរុញ និង​លើក​កម្ពស់​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ពី​សក្តានុពល​នៃ​ប្រទេស​កម្ពុជា សម្រាប់​ទាក់ទាញ​វិនិយោគិន​កូរ៉េ ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​នៃ​គោលដៅ​វិនិយោគ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម និង​ផ្ទេរ​បច្ចេកវិទ្យា នៅ​កម្ពុជា។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សម្តែង​ការ​ស្វាគមន៍ និង​បាន​ចាត់ទុក​កម្មវិធី​នេះ ​មាន​សារៈសំខាន់​សម្រាប់​ជំរុញ​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​-​កូរ៉េ កាន់តែ​ប្រសើរ​ឡើង ជាពិសេស​លើ​វិស័យ​ឧស្សាហកម្ម និង​បច្ចេកវិទ្យា។ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ក៏បាន​ឯកភាព​ផង​ដែរ ចំពោះ​ការ​ចង់បាន​របស់​ភាគី​កូរ៉េ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទស្សនកិច្ច និង​ការរៀបចំ​សិក្ខាសាលា ឬវេទិកា​សេដ្ឋកិច្ច​ផ្សេងៗ ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​ផ្នែក​ជំនួញ និង​ស្វែងយល់​ពី​សក្តានុពល​វិនិយោគ​សម្រាប់​វិ​និ​យា​គិ​ន​កូរ៉េ​មក​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើនឡើង៕

ដោយ ៖ ​វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114