ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្លូវ​ចូលទៅ​ភូមិ​អូរអណ្តូង​ នឹង​ត្រូវ​ជួសជុល​ថ្មី​ ក្នុង​ឆ្នាំ​២០១៩​នេះ​

​ភ្នំពេញ ៖ យោងតាម​ប្រភពច្បាស់ការ​ពី​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា ​ផ្លូវ​ចូលទៅ​ផ្សា​របឹង​ព្រលឹត ​ស្ថិត​ក្នុងភូមិ​អូរអណ្តូង​ទី​១ ​សង្កាត់​ព្រែកប្រា ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ នឹងត្រូវ​ជួស​ជុល​ថ្មី​នៅ​អំឡុង​ឆ្នាំ​២០១៩ ​ដោយ​ថវិកា​របស់​សាលា​រាជធានី​ភ្នំពេញ​។​

​បើតាម​ការបញ្ជាក់​ពី​ លោក​ចេង មុនី​រ៉ា អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​កម្ពុ​ជាថ្មី​បានដឹង​នៅពេល​កន្លងមក​ថា​ផ្លូវ​ចូលទៅ​ផ្សា​របឹង​ព្រលឹត​ក្នុងភូមិ​អូរអណ្តូង ​ទី​ដែល​កំពុង​រង​ការ​ខូចខាត​នេះ​ គឺ​រង់​ចាំតែ​សាលា​រាជធានី​ទម្លាក់​ថវិកា​មក​ នឹង​ធ្វើការ​ជួសជុល​ហើយ​។​

​លោក​អភិបាលខណ្ឌ​បន្តថា ​ផ្លូវ​នេះ ​នឹងត្រូវ​ជួសជុល​ចាក់​ក្រាល​បេតុង​ឆ្អឹង​ដែក​ចាប់​ពីមុខ​ផ្សា​របឹង​ព្រលឹត​ រហូតមកដល់​ផ្លូវ​លេខ​៣៦៩ ​ដែលមាន​ប្រ​វែ​ង​១៤៥០​ម៉ែត្រ​។ ​ផ្លូវ​នេះ​ ត្រូវ​ពង្រីក​ទទឹង​៨​ម៉ែត្រ​និង​មាន​កម្រាស់​២​តឹក ​ដោយ​ជីក​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ពីក្រោម​ផ្លូវ​ទំហំ​១​ម៉ែត្រ​កន្លះ​។​

​លោក​ចេង មុនី​រ៉ា បាន​បញ្ជាក់ថា​ ផ្លូវ​នេះ​ពី​ដើម​មក​ បានធ្វើ​ការស្ថាបនា​ដោយ​ចាក់​ក្រាល​បេតុង​ឆ្អឹង​ដែក​ប៉ុន្តែ​ពុំ​មាន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ឡើយ​ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពេល​រដូវវស្សា​ម្តងៗ​រង​ការ​លិចលង់​ផ្លូវ​ដក់​ទឹក​រាប់​ខែ​ ហើយ​ម្យ៉ាងទៀត​ មាន​រថយន្ត​ធុន​ធំ​សណ្ដោង​កុងតឺន័រ​ផ្ទុក​ទំនិញ​ធ្ងន់ៗ​ បង្ក​ឲ្យ​ផ្លូវ​បេតុង​ឆ្អឹង​ឫស្សី​ងាយ​បាក់​ស្រុត​ មិន​ដូរ​ច្រាល​ឆ្អឹង​ដែក​នោះ​។ ​ហើយ​នៅពេលដែល​សាលា​រាជធានី​ភ្នំពេញ​ទម្លាក់​ថវិកា​មក​ជួសជុល​ស្ថាបនា​ថ្មី​ចាក់​ក្រាល​បេតុង​ឆ្អឹង​ដែក​នោះ ​គឺអាច​រឹងមាំ​មិន​ព្រួយបារម្ភ​ខ្លាច​បាក់​ស្រុត​ ព្រោះ​មាន​កម្រាស់​ដល់​ទៅ​២​តឹក​ឯណោះ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរអណ្តូង​សំណូមពរ​ដល់​សាលា​រាជធានី​ភ្នំពេញ​ មេត្តាជួយ​ទម្លាក់​ថវិកា​ឲ្យ​បាន​ឆាប់​ដើម្បី​បាន​ជួសជុល​ផ្លូវ​នេះ​ឡើងវិញ ​ដែល​បច្ចុប្បន្ន​ខូចខាត​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ​បើ​ទោះបីជា​ លោក​ចេង មុនី​រ៉ា អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ខិតខំ​ដឹក​ថ្ម​យកមក​ជួសជុល​សឹង​រាប់​ភ្លេច ​ក៏​នៅតែ​មិន​បានល្អ​ដូចដើម​វិញ​ដែរ​៕​

ដោយ ៖ ន​រា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114