ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​កោត​សរសើរ ​លោក​ព្រះរាជអាជ្ញា ​ប្រើ​ល្បិច​ បញ្ឆោត​ឃាតក​ឲ្យ​ចេញមុខ​ដើម្បី​វាយ​ខ្នោះ

កំពង់ធំ ​៖​ ​ក្រោយ​ពី​មាន​ករណី​​ប៉ុនប៉ង​មនុស្សឃាត​គិតទុក​ជាមុន​ដ៏​សាហាវ​មួយ​ នៅ​​​​​ក្នុង​ទឹកដី​ខេត្ត​កំពង់ធំ, ​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ធំ និង​សមត្ថកិច្ច​ប៉ូលិស​ ក៏​បាន​ប្រើ​ល្បិច​ផ្សព្វផ្សាយ​ព័ត៌មាន មិន​ពិត​មួយ​ រហូត​ឈាន​ទៅដល់​ឃាត់ខ្លួន ជនសង្ស័យ​ជា​ឃាតក ​​​​​នៅ​ម៉ោង​០៦​និង​៣០​នាទី ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៩ ​ដែល​ធ្វើ​ឲ្យ​មាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ធំ​ចំពោះ​ល្បិច​បញ្ឆោត​មួយ​នេះ។

យោង​តាម​សេចក្ដី​រាយការណ៍ ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៩​កន្លងមក នៅ​វេលា​ម៉ោង​ប្រហែល​១៥​និង៣០​នាទី មាន​អំពើ​ឃាតកម្ម​មិនបាន​សម្រេច​មួយ​ ទៅ​លើ​ជនរងគ្រោះ​​ឈ្មោះ ឃឹម ឈី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​កងមាស ឃុំ​ព្នៅ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​ កើតឡើង​នៅ​ចំណុច​ ផ្លូវ​លំ​ភូមិ​ឃុំ​ខាងលើ។ កូន​របស់​ជនរងគ្រោះ ​ក្រោយ​​​​​​ពី​បាត់​ឪពុក​ ក៏​ដើរ​តាម​រក​​ ទើប​ប្រទះឃើញ​ឪ​ពុក ដេក​សន្លប់ ​ហើយ​មាន​របួស​ឈាម​ស្រោច​ពេញមុខ និង​ដងខ្លួន ពោរពេញ​ទៅ ​ដោយ​ស្នាមរបួស​ នៅ​ត្រង់​ចំណុច​ក្បាល​ និង​មុខ​ចំនួន​៤​កន្លែង។

ជនរងគ្រោះ ​មាន​សភាព​របួស​ធ្ងន់ធ្ងរ​ជាទីបំផុត តែ​សំណាងល្អ​មិន​ស្លាប់ ក្រោម​ផ្លែ​ពូថៅ និង​ដំបង​របស់​ជនល្មើស។ ជនរងគ្រោះ ​ត្រូវ​បាន​សាច់ញាតិ​ក្រុម​គ្រួសារ ដឹក​យក​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ ​ ក្រោយពី​កើតហេតុ​ព្រះរាជអាជ្ញា​បាន​បញ្ជា​​ចុះ​ស៊ើប​អង្កេត​ជាបន្ទាន់​ ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​ពិនិត្យ​ស្លាក​ស្នាមរបួស​លើ​ជនរងគ្រោះ ​និង​ការ​ពិនិត្យ​កន្លែង​កើតហេតុ ​និង​តាម​ទៅ​ពិ​និត្យ​ជនរងគ្រោះ​ដល់​មន្ទីរពេទ្យ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​ថា ក្រោយពី​បាន​បើក​ការ​ស៊ើបអង្កេត​ ទើប​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ ជនរងគ្រោះ​ បាន​ដើរ​ទៅ​ព្រៃ​ខាងក្រោយ​ផ្ទះ​តែ​ម្នាក់​ឯង ក្រោយមក​ក៏​មាន បុរស​ម្នាក់ ដែល​ជា​ជនសង្ស័យ​ បាន​ពួនស្ទាក់ វ៉ៃ​គាត់ ​ហើយ​កាប់​នឹង​ពូថៅ​បណ្ដាល​ឲ្យ​ដេក​ស្ដូកស្ដឹង។ ពេល​នោះ ​ជន​ល្មើស​គិត​ថា ជនរងគ្រោះ​ស្លាប់​បាត់​ហើយ ក៏​រត់​គេ​ខ្លួន​ទៅ ចំណែក​បងប្អូន​ជនរងគ្រោះ ​បាន​ប្រទះឃើញ ជនរងគ្រោះ​ ក៏​ដឹក​ទៅ​មន្ទីរពេទ្យ ក្នុង​អាការៈ​ធ្ងន់ធ្ងរ។ ភ្លាមៗ​នោះ ​ក៏​មិន​ទាន់​ដឹង​ថា អ្នក​ណា​ជា​ជន​ដៃដល់​នោះ​ទេ ក្រោយពី​​​ជនរងគ្រោះ​ដឹងខ្លួន ក៏បាន​ប្រាប់​សមត្ថកិច្ច​ពីមុខ​សញ្ញា​ ​​​​ជនសង្ស័យ ​​​ដែល​មាន​ឈ្មោះ ស៊ុ សៀង​ហោ ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​ រស់​នៅ​ភូមិ​កងមាស ឃុំ​ព្នៅ ស្រុក​សន្ទុក ជាមួយគ្នា ។​

លោក អ៊ិត សុធា បាន​បន្ត​ថា ដើម្បី​ចាប់​ជនល្មើស​បាន លោក​បាន​ប្រើ​ល្បិច​បញ្ឆោត​ស្វា​ឲ្យ​ស៊ី​ចេក ដោយ​ប្រាប់​ទៅ​ជំនាញ ​និង​ក្រុម​គ្រួសារ​របស់​គាត់​ថា ជនរងគ្រោះ​ឈ្មោះ ឃឹម ឈី បាន​ស្លាប់​បាត់​បង់ជីវិត​ហើយ ​ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​ ​​មិន​រត់​គេច​ខ្លួន​ ដោយសារ​មិន​មាន​ភស្តុតាង​ណា បញ្ជាក់​ថា​ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​ទៅ​លើ​ជនរងគ្រោះ។ ក្រោយមក​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក​តាម​បញ្ជា​របស់​លោក​ឧត្ដមសេនីយ៍​ស្នងការ ​និង​មាន​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​ក៏​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​តែ​ម្តង៕

ដោយ ៖ ប៊ុន រដ្ឋា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114