ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក ​ទាម​ទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​និង​គួរ​ឲ្យ​ជឿទុកចិត្ត​ចូលទៅក្នុង​ការបង្ក្រាប​នៅ​ស៊ូដង់

បេសកជន​អាមេរិក​ប្រចាំ​ទ្វីបអាហ្វ្រិក​កាលពី​ថ្ងៃ​សុក្រ​បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​មួយ​ចូលទៅក្នុង​ការបង្ក្រាប​កាលពី​សប្តាហ៍​មុន​ទៅលើ​ក្រុមអ្នកតវ៉ា​ក្នុងប្រទេស​ស៊ូដង់​ដែល​បានសម្លាប់​មនុស្ស​រាប់សិប​នាក់​។​

​លោក Tibor Nagy ជំនួយការ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ប្រចាំ​តំបន់​អាហ្វ្រិក​បាន​និយាយ​ពី​ទីក្រុង Addis Ababa បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​ទៅ​ទីក្រុង Khartoum ថា “​សហរដ្ឋអាមេរិក​ជឿជាក់​យ៉ាង​មុតមាំ​ថា​ត្រូវតែមាន​ការស៊ើបអង្កេត​មួយ​ដែល​ឯករាជ្យ​និង​គួរ​ឲ្យ​ជឿទុកចិត្ត​ដើម្បី​នាំ​អ្នកប្រព្រឹត្ត​ជាក់ស្តែង​មក​កាត់ទោស​”​។​

​បាតុករ​រាប់ពាន់នាក់​ដែល​បាន​បោះជំរំ​នៅ​ខាងក្រៅ​ការិយាល័យ​កណ្តាល​របស់​កងទ័ព​នៅ​កណ្តាល​ទីក្រុង Khartoum អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​គឺ​ត្រូវបាន​បំបែក​នៅ​ថ្ងៃទី​៣​ខែមិថុនា​។​

​យោងតាម​ក្រុម​វេជ្ជបណ្ឌិត​ដែលមាន​ទំនាក់ទំនង​ជាមួយ​ចលនា​តវ៉ា​នេះ​បាន​ឲ្យ​ដឹងថា មនុស្ស​ចំនួន​១២០​នាក់​បាន​ស្លាប់​និង​រាប់រយ​នាក់​រងរបួស​ប៉ុន្តែ​ក្រសួងសុខាភិបាល​ស៊ូដង់​បានកំណត់​ចំនួន​អ្នកស្លាប់​ថា​មាន​ត្រឹមតែ​៦១​នាក់​ប៉ុណ្ណោះ​។​

​មេដឹកនាំ​គណបក្សប្រឆាំង​ស៊ូដង់​លោក Sadiq al-Mahdi កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ជា​អន្តរជាតិ​មួយ​ផងដែរ​។​

​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់លោក Mahdi ត្រូវបាន​ផ្តួលរំលំ​នៅ​ឆ្នាំ​១៩៨៩​ក្នុង​រដ្ឋប្រហារ​គាំទ្រ​ដោយ​ពួក​ឥស្លាម​និយម​មួយ​ដែល​ដឹកនាំ​ដោយ​លោក Omar al-Bashir​។​

​បន្ទាប់ពី​ការ​កាន់អំណាច​រយៈពេល​បី​ទស្សវត្សរ៍ លោក Bashir ត្រូវបាន​បណ្តេញចេញ​វិញ​កាលពី​ខែមេសា​ឆ្នាំនេះ​បន្ទាប់ពី​ការតវ៉ា​ដ៏​ធំ​ដែល​គាំទ្រ​ដោយ​លោក Mahdi​។​

​លោក Bashir ត្រូវបាន​ជំនួស​ដោយ​ក្រុមប្រឹក្សា​យោធា​មួយ​ប៉ុន្តែ​បាតុករ​បាន​បន្ត​ការ​អង្គុយ​តវ៉ា​នៅ​ខាងក្រៅ​ការិយាល័យ​កណ្តាល​យោធា​ក្រុង Khartoum ដើម្បី​ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទៅរក​ការគ្រប់គ្រង​ស៊ីវិល​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114