ព័ត៍មានទាន់​ហេតុការណ៏
Search

ដី​មានទំនាស់​ភាគី​ម្ខាង​ទៀត​យក​ទាហាន​ខាង​បញ្ជាការដ្ឋាន​រថក្រោះ​មក​កាង​ការពារ​បំបាក់​ស្មារតី​គូទំនាស់ ​តែ​អាជ្ញាធរ​និង​សមត្ថកិច្ច​ចុះ​ហាមឃាត់ ពួកគេ​មិន​ស្តាប់​

​ភ្នំពេញ​ ៖​ ក្រុម​ទាហាន​ប្រមាណ​ជាជាង​១០​នាក់ ក្នុង​ឯកសណ្ឋាន​ជា​យោធា​(​ខោ​ប៉ា​រ៉ា លាយ​ស៊ីវិល និង​ជា​ឯកសណ្ឋាន​ជា​អង្គរក្ស​) ជាមួយ​កាំភ្លើងខ្លី និង ID ដ៏​ប្រសេចប្រសាច មក​ប្រមូល​ផ្ដុំគ្នា​នៅលើ​ទីតាំង​ដី​មានទំនាស់​ក្នុង​គោលបំណង​ការពារ​ឲ្យ​ភាគី​លោកស្រី​ម៉េង លាង​ឆេង ដើម្បី​បន្ត​សាងសង់​សំណង់​គ្មាន​ច្បាប់​និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ តាម​រូបភាព​អង្គុយ​ផឹកស្រា​បៀរ​ជុំគ្នា​។​

​ហេតុការណ៍​ខាងលើនេះ​ បាន​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃទី​១៥ ខែមិថុនា ​ឆ្នាំ​២០១៩ នៅតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិតក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ៖ ភាគី​លោកស្រី​ម៉េង លាង​ឆេង ដែលជា​ម្ចាស់​(​អចលនវត្ថុ​ថ្មី ) បាន​ហៅ​ទាហាន​ប្រមាណ​ជាង​១០​នាក់ និង​រថយន្ត​៤​គ្រឿង មកកាន់​ទីតាំង​ដី​របស់គាត់ ឈរ​បញ្ជា​រថយន្ត​ដឹក​ថ្ម ដឹក​ខ្សាច់ និង​ជាងសំណង់ ដើម្បី​ឲ្យ​សង់​លើដី​ដែលមាន​ទំនាស់​នេះ ប៉ុន្តែ​ភាគី​ម្ខាង​ទៀត​បាន​ប្រតិកម្ម ប្ដឹងទៅ​អាជ្ញាធរ​ភូមិ​-​សង្កាត់ -​ខណ្ឌ ដើម្បី​ជួយ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​។ ក្នុងនោះដែរ ភាគី​ចង់​សាងសង់​នោះ​ជាមួយនឹង​ក្រុម​ទាហាន មិន​ខ្លាច​មាន​បញ្ហា​អ្វី​កើតឡើង​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច ទើប​ពួកគេ​មិន​បញ្ឈប់​សកម្ម ភាព និង​នាំគ្នា​ចូលទៅក្នុង​ផ្ទះ​ផឹក​ស៊ី សម្ញែង​កាំភ្លើងខ្លី និង​សម្ញែង​ID បញ្ជា​អោយ​ជាង​បន្ត​រៀប​ឥដ្ឋ​ក្នុង​ដី​មានទំនាស់​ដដែល​។​

​ម្ចាស់​រថយន្ត​ម៉ាក​បា​ឡែ​ន​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-5194 ក្នុង​សំលៀកបំពាក់​ខោ​ប៉ា​រ៉ា អាវ​ស៊ី​វិល បាន​ចូលក្នុង​រថយន្ត​ទាញ​កាំភ្លើងខ្លី​ដាក់​សម្ញែង​នៅ​ចង្កេះ ដើម្បីអោយ​ឡាន​ដឹក​ខ្សាច់ ថ្ម ស៊ីម៉ងត៍​ដឹក​ចូល ដាក់​លើដី​មាន​ទំ​ទាស់ និង​ចេញមុខ​បញ្ជា​អោយ​ជាង​ធ្វើ​សំណង់​រៀប​ឥដ្ឋ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៨​កន្លងទៅ ភាគី​ម្ខាង​ទៀត មានឈ្មោះ​ង៉ែត ជឿន និង​ភរិយា​ឈ្មោះ ទេស សុភា ព្រមទាំង​ម្ដាយ​ឈ្មោះ​ញ៉ែម មី ដាក់ពាក្យ​ស្នើសុំ​អន្តរាគមន៍​ទៅ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ដើម្បី​ជួយ​អន្តរាគមន៍ ទប់ស្កាត់​ការសង់ រំលាយ​ផ្ទះ​គ្មាន​លិខិតអនុញ្ញាត ឬ​បទដ្ឋាន​បច្ចេកទេស និង​ការកំណត់​ព្រំដី​ឲ្យ​បាន​ត្រឹមត្រូវ​ច្បាស់លាស់ និង​សមស្រប​ឡើយ។ ក្នុងនោះ​ភាគី​ខាងលើ​ក៏បាន​ប្ដឹងទៅ​អាជ្ញាធរ​ខណ្ឌ​-​សង្កាត់ ដើម្បី​ដោះស្រាយ​បញ្ចប់​វិវាទ ប៉ុន្តែ​ភាគី​លោកស្រី ម៉េង​លាង​ឆេង នៅតែ​បន្តសកម្មភាព​លួច​សាងសង់​សំណង់​ក្នុង​ដី​ដែល​កំពុង​មាន​ទំនាស់​គ្នា​ជា​បន្តបន្ទាប់ ក្នុងនោះ​ក៏មាន​ការសម្របសម្រួល​ពី​អាជ្ញាធរ​ខណ្ឌ និង​ក្រុង​ផងដែរ​។​

​ភាគី​លោក​ង៉ែត ជឿន និង​ប្រពន្ធ​ឈ្មោះ ទេស សុភា និង​ម្តាយ​ឈ្មោះ​ញ៉ែម មី បានបញ្ជាក់​នៅក្នុង​លិខិត​សុំ​អន្តរាគមន៍​ទៅ​ចៅហ្វាយក្រុង​ដូច្នេះ​ថា ៖ ផ្ទះ​និង​ដី​ដែលជា​អចលនវត្ថុ​ដែល​បាន​ផ្ទេរសិទ្ធិ​កាន់កាប់​ខាងលើនេះ​ដំបូង​ឡើយ​ស្ថិតនៅ​ជា​អចលនវត្ថុ​តែមួយ​រួមគ្នា​និង​បាន​បែង​ចែកជា​ចំណែកៗ​តាម​រូបភាព​ផ្ទេរ​ជា​អំណោយ​ផ្ដាច់​ពី​ពុក​ម្ដាយ​។ ករណីនេះ វត្ថុ​ដែល​បាន​ផ្ទេរសិទ្ធិ​កាន់កាប់​ខាងលើ​ជាក់ស្តែង​បាន​សាងសង់​លើស​ទំហំ​កម្មសិទ្ធិ​របស់ខ្លួន​។

​នៅ​កំឡុង​ខែតុលា ឆ្នាំ​២០១៨ មាន​ជម្លោះ​ព្រំដី​កើតឡើង រវាង​ពួកគាត់ និង​ម្ចាស់​អចលនវត្ថុ​ដែល​បាន​កាន់កាប់​អាស្រ័យ​ផល​ម្ចាស់​ដើម​ខាងលើ រហូត​មាន​កិច្ចព្រមព្រៀង​គ្នា​មួយ​បាន​ដឹងឮ​ពី​ចៅសង្កាត់​ដោយ​កំណត់​លក្ខខណ្ឌ​ត្រឹម​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ (​មាន​លិខិត​ភ្ជាប់​ជូន​) ។ រហូតដល់​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ មាន​លិខិតអញ្ជើញ​ឲ្យ​ចូលរួម​ដោះស្រាយ​បញ្ហា​ដី​ជញ្ជាំង​ផ្ទះ​របស់​សាលាសង្កាត់​ចោមចៅ​ទី​២ ដែល​ដល់​វេលា​កំណត់​មិនមាន​ភាគី​ម្ខាង​ទៀត​ចូលរួម​ទេ​។

​នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩ ពួកគាត់​បាន​ចូលរួម​ដោះ ស្រាយ​នៅ​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ពិភាក្សា​ករណី​ផ្ទះ​ដែល​សង់​លើស​តាម​លិខិតអញ្ជើញ​របស់​សាលាខណ្ឌ​និង​មាន​វត្តមាន​លោក​ប្រធានភូមិ ហង្ស សំអឿន ជា​តំណាង​ឲ្យ​ភាគី​ម្ខាង​ទៀត​និង​បានបង្ហាញ​លិខិត​ផ្ទេរ សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែល​មិនបាន​ចុះបញ្ជី ចុះ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដែល​បាន​ផ្ទេរកម្មសិទ្ធិ​ឲ្យ​ទៅ​អ្នកកាន់កាប់​ថ្មី​និង​បាន​សំណូមពរឲ្យ​ដំ​ផ្ទះ​ដែល​សង់​លើស​ចេញ ​ខាង​ក្រុមគ្រួសារ ពួកគាត់​មិនបាន​ឯកភាព​លើ​ចំណុច​នេះ​ទេ​។ នៅ​ថ្ងៃទី​៤ ខែ​មីនា​ឆ្នាំ​២០១៩ ក៏​ចូលរួម​ដោះស្រាយ​នៅ​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្ដងទៀត ដើម្បី​ពិភាក្សា​ដោះស្រាយ​ករណី​លោកស្រី លាង ម៉េង​ឆេង (​ម្ចាស់​អចលនវត្ថុ​ថ្មី​) សុំ​អន្តរាគមន៍ រំលាយ​ផ្ទះ​ដែល​សង់​លើស​ចំនួន ០.៣៨​ម៉ែត្រ តាម​ខ្លឹមសារ​លិខិតអញ្ជើញ​រប​ស់​សាលាខណ្ឌ និង​មាន​វត្តមាន លោក​ប្រធាន​នៅ​ភូមិ ហ​ង្សា សំអឿន និង លោក​ចៅសង្កាត់ វ៉ា សា​រ៉ង ជា​តំណាង​ឲ្យ​ភាគី​ម្ចាស់ អចលនវត្ថុ​ថ្មី ប៉ុន្តែ​ពួកយើងខ្ញុំ​ពីរ​នាក់​ភរិយា​និង​ម្តាយ​នៅ​រក្សា​ជំហរ​មិន​ឯកភាព​ដដែល និង​សុំ​ការវាស់វែង​ត្រឹមត្រូវ សមស្រប​តាមច្បាប់​វិញ ។​

​លោក ង៉ែត ជឿន និង​ភរិយា​ឈ្មោះ ទេស សុភា ព្រមទាំង​ម្តាយ​ឈ្មោះ ញ៉ែម មី បានបញ្ជាក់​ប្រាប់​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នៅក្នុង​លិខិត​អន្តរាគមន៍ នេះ​ទៀតថា ពួកគាត់​ជា​ប្រជាពលរដ្ឋ​ពុំ​យល់​ច្បាប់ អំពី​នីតិវិធី​ការ​កាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិ និង​ការវាស់វែង​កំណត់​ព្រំ ព្រមទាំង​ការអន្តរាគមន៍​វាយដំ ឬ​រំលាយ​ផ្ទះ​ដែល​សង់​លើស​នេះឡើយ។ ក្នុងនោះ ពួកគាត់​បានត្រឹមតែ​សុំ​កិច្ច​អន្តរាគមន៍​នូវ​សំណូមពរ​មួយចំនួន​ដូចខាងក្រោម ៖

១-​បញ្ឈប់​សកម្មភាព និង​ការប៉ុនប៉ង​វាយដំ រំលាយ​ផ្ទះ​ដែល​សង់​លើស​ជាបន្ទាន់​ដោយ​មូលហេតុ​គឺ​កម្មករ ជាង បានមក​វាយដំ បំណង​កម្ទេច និង​កាប់​សសរ​ផ្ទះមួយ​ជួរ​ខាងក្រោយ​ចោល។ ដោយ​មិនមាន​លិខិតអនុញ្ញាត បទដ្ឋាន​គតិយុត្តិ ឬ​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ឡើយ។ ពួក គាត់​មានការ​ភ័យខ្លាច ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​សុវត្ថិភាព​រស់នៅ​សព្វថ្ងៃ និង​បាន​ជម្លៀស​កូន ចៅ​តូចៗ​ចេញ​ជារឿយៗ ព្រោះតែ​ខ្លាច​បាក់ រលំ​សង្កត់ ជាយថាហេតុ​ណាមួយ។

២-​ហាមឃាត់ ឬ​បង្អាក់​ការទិញ​-​លក់ ផ្ទេរ​កម្ម​សិ​ទិ្ធ ដាក់បន្ទុក ធ្វើ​អំណោយ​គ្រប់​រូបភាព​ចំពោះ​អចលនវត្ថុ​ដែល​បាន​ផ្ទេរសិទ្ធិ​នេះ ដើម្បី​រង់ចាំ​រហូត​មានការ​ដោះស្រាយ និង​ឯកភាព​គ្រប់ភាគី រួចរាល់​សិន ។​

៣-​ពិនិត្យ និង​កែសម្រួល​ឡើងវិញ ចំពោះ​ការផ្ទេរកម្មសិទ្ធិ​កន្លង​មក ព្រមទាំង​វាស់វែង​កំណត់​ព្រំ និយាម​ការ​បាន​ត្រឹមត្រូវ​ច្បាស់លាស់ សមស្រប​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ។​

​ពាក់ព័ន្ធ​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍ ឡាញ់ កៅ មេ​បញ្ជាការដ្ឋាន​កងទ័ព​រថក្រោះ​បាន​ប្រាប់​អង្គភាព សារ​ព័ត៌មាន តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា «​ខ្ញុំ​មិនទាន់ ទទួលបាន​ជុំវិញ​ព័ត៌មាន​នេះ​នៅឡើយ​ទេ បើជា​គោល​ការណ៍​ កងកម្លាំង​មិនត្រូវ​បាន​ទៅ​ប្រព្រឹត្ត ឬ ប្រើប្រាស់​កាំភ្លើង​បម្រើ​ឲ្យ​ផលប្រយោជន៍​បុគ្គល​ណាមួយ​បានទេ។ លោក​បន្តថា ខ្ញុំ​ត្រូវ​តាមដាន​រឿងនេះ ជាមួយនឹង​ចាត់ចែង​ឲ្យ​មេបញ្ជាការរង និង​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រាវ ដើម្បី​ជា​កិត្តិ យស​ការពារ​ដល់​អង្គ​ភាព​កងទ័ព​» ។

​ក្នុង​ហេតុការណ៍ ដែលមាន​បុរស​ម្នា​ក់វ័យ​ជាង​៤០​ឆ្នាំ ជិះ​រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ស្ករ ពាក់ ស្លាក​លេខ​ភ្នំពេញ​2Q-5194 ដែល​បាន​ចូលទៅក្នុង​រថយន្ត​រួច​ទាញ​កាំភ្លើង​មក​សៀតចង្កេះ ក្នុង ឯកសណ្ឋាន​ខោ​ប៉ា​រ៉ា អាវ​ស៊ីវិល សម្ញែង​កាំភ្លើង និង​មនុស្ស​មួយក្រុម​ទៀត​ក្នុង​ឯកសណ្ឋាន​កង​អង្គរក្ស សៀត​ID​ម្នាក់​២​ម្នាក់​៣ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឡាញ់ កៅ បញ្ជាក់ថា ខ្ញុំ​មិនទាន់​ដឹងថា​ពួកគេ​ពិតជា​ទាហាន​អង្គភាព​ខ្ញុំ​នៅឡើយ​ទេ ប៉ុន្តែ​បើ​ពួកគេ​ស្ថិតក្នុង​ជួរ​កងទ័ព ហើយ​ទៅធ្វើ កិច្ចការ​បែប​នោះ ជា​បទល្មើស​ដែល​ម​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន ក៏មាន​សិទ្ធិ​សួរនាំ និង​ឃាត់ខ្លួន ។

​ដោយឡែក​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា «​រឿងនេះ ខ្ញុំ​ក៏បាន​ដឹង​ខ្លះ​ដែរ ហើយ​ក៏បាន​បញ្ជា​ទៅ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឲ្យ​ចុះទៅ ពិនិត្យ​រឿង​នេះ មិន​ឲ្យ​មាន​បញ្ហា​កើតឡើង សំខាន់​គឺ​ការពារ​ឲ្យ​ផលប្រយោជន៍​គូភាគី​ទាំង​២​ទៅ តាមផ្លូវ​ច្បាប់៕

ដោយ ៖ សុជាតា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114