ព័ត៍មានទាន់​ហេតុការណ៏
Search

ឃុំខ្លួន​ឃាតក​ស្រី​មុខ​ស្រស់ ​សម្លាប់​មិត្តភ័ក្ដិ ​ព្រោះ​រឿង​ជំពាក់​លុយ​ ចោទ​ពីបទ​ឃាតកម្ម​គិតទុក​មុន​

ភ្នំពេញ ៖ ឃាតក​ស្រី​មុខ​ស្រស់​ដែល​បាន​សម្លាប់​មិត្តភ័ក្ដិ​ពន្លះ សាច់​ជា​កង់ៗ​យក​ទៅ​បោះចោល​នៅ​ក្នុង​ទន្លេ ​ត្រូវ​បានតុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៩ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្ត​តាម​នីតិវិធី។​

ជនដៃដល់​ ឈ្មោះ ស៊ិន សុផល ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​លក់​អាហារ​អឺរ៉ុប យីហោ ដឹ​រេ​ដ​ហ្គោ​របារ នៅផ្ទះ​លេខ ៤០Eo ផ្លូវ​១៥៤ សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ ​​​ត្រូវបាន​ លោក​សេង គឹម​ឡាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​។​

តាម​មាត្រា​២០០​ នៃ​ក្រមព្រហ្មទណ្ឌ​ឃើញ​ថា ​ស្ត្រី​រូបនេះ​ ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ​បើសិនជា​តុលាការ​រក​ឃើញ​ថា​មាន​ពិរុទ្ធភាព​ដូច​ការចោទប្រកាន់​នេះ​មែន​។​

ជនរងគ្រោះ​ ឈ្មោះ​ គឹម យ៉ានា​ង ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​ម្ចាស់​ហាង​អ៊ុតសក់​ ក្នុង​ផ្សារ​ចាស់ ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ស្នាក់នៅ​ផ្ទះ​ជួល​ម្តុំ​ទួល​សង្កែ។​

បន្ទាប់ពី​ ត្រូវ​បាន​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ស្ត្រីជន​សង្ស័យ បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃទី​០២​ខែ​មិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០​និង​៣០​យប់ ជនរងគ្រោះ ​និង​ជនសង្ស័យ​ ត្រូវជា​មិត្តភ័ក្ដិ​បាន​ផឹក​ស៊ី​នៅផ្ទះ​ជនសង្ស័យ​។ ក្រោយ​ចប់​ការ​ផឹកស៊ី​ជនរងគ្រោះ​បាន​សុំ​យក​កូន​របស់​ជនសង្ស័យ​ភេទ​ស្រី អាយុ​០៨​ឆ្នាំ ទៅ​ដេក​ជាមួយ​នៅផ្ទះ​របស់ខ្លួន​នៅ​ឯ​ទួល​សង្កែ​។ លុះដល់​ព្រឹក​ថ្ងៃទី​៣​ ខែ​មិថុនា​ ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ជនរងគ្រោះ ​បាន​ដឹក​កូន​ជនសង្ស័យ​យកមក​ឲ្យ​ដល់​ផ្ទះ​វិញ ហើយ​ជនរងគ្រោះ​ក៏​ទារ​លុយ​ជនសង្ស័យ ដែល​បាន​ជំពាក់​ចំនួន​៧០០​ដុល្លារ តែ​ជនសង្ស័យ​ប្រកែក​សុំ​សង​តែ​៣៥០​ដុល្លារ​ប៉ុណ្ណោះ។​

ជនរងគ្រោះ ​មិន​ព្រម និង​គំរាម​ថា បើ​ជនសង្ស័យ​មិន​សង​លុយ​គ្រប់​ទេ គេ​ នឹង​ប្រាប់​ម្ចាស់បំណុល​ផ្សេងៗ​ឲ្យ​ស្គាល់​ផ្ទះ​ ដើម្បី​ទារ​លុយ​ព្រមៗ​គ្នា​(​ជនសង្ស័យ​ជំពាក់​លុយ​គេ​ច្រើន​)​។ និយាយ​ចប់​ជនរង​គ្រោះ ​ក៏​ដើរចូល​បន្ទប់ទឹក ដោយ​ឃើញ​ឱកាស​ល្អ ជនសង្ស័យ​បាន ដើរ​តាម​ក្រោយ យកដៃ​ស្តាំ​ច្របាច់ក​ជនរងគ្រោះ ហើយ​យក​ម្រាមដៃ​ឆ្វេង​រុក​ច្រមុះ​ឲ្យ​ថប់ដង្ហើម រហូត​ជនរងគ្រោះ​សន្លប់​បាត់​ស្មារតី ទើប​ជនសង្ស័យ​យក​ក្រមា រឹត​មាត់​ចងដៃ ចង​ជើង ទុក​ក្នុង​បន្ទប់ដេក​រហូត​ដាច់ខ្យល់​ស្លាប់ ហើយ​យក​សព​ដាក់​ចូល​ទូរ​ក្លាស្សេ​ឲ្យ​កក​។

​រហូតដល់​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ ពេល​កូនៗ​មិន​នៅផ្ទះ ជនសង្ស័យ​បាន​ដាក់​ថ្នាំ​ងងុយដេក​ក្នុង​ទឹកតែ​ឲ្យ​ប្តី​ដែលជា​ជនជាតិ​អាមេរិកកាំង​ផឹក រហូត​ប្តី​ទន់ដៃទន់ជើង​ឡើង​ទៅ​ដេកលក់​ស្ងាត់ ឃើញ​ឱកាស​ល្អ ទើប​ជនសង្ស័យ យក​កាំបិត​មក​កាត់​សាកសព ជនរងគ្រោះ​ជា​បំណែកៗ​(​កាត់​ដៃ កាត់​ជើង កាត់​ក្បាល វះ​ពោះ ពុះ​ឆ្អឹងជំនីរ ព្រលះ​យក​សាច់​) ច្រក​ដាក់​ស្បោង​ខ្មៅ យក​ទៅ​បោះចោល​មួយ​ថ្ងៃ​បន្តិចៗ នៅតាម​គំនរ​សំរាម​និ​ង នៅក្នុង​ទន្លេ​។ រីឯ​គ្រឿងអលង្ការ​ និង​ទូរស័ព្ទ បោះចោល​ក្នុង​ទន្លេ​និង​ក្នុង​ធុងសំរាម​ក្បែរ​វត្ត​ឧណ្ណាលោម​។ ដោយឡែក លុយ​របស់​ជនរងគ្រោះ​(​លុយ​ខ្មែរ​២០​ម៉ឺន​រៀល លុយ​ដុល្លារ​50$) ជនសង្ស័យ​រក្សាទុក។​

ព្រមជាមួយ​គ្នា​ផងដែរ និយាយ​ពី​គ្រួសារ​ជនរងគ្រោះ ក្រោយពេល​បាត់​ជនរងគ្រោះ​មួយថ្ងៃ កូនស្រី​ម្នាក់ បាន កាន់​រូបថត​ម្តាយ ដើរ​សួរ​គេឯង​តាមផ្លូវ​ទាំងយប់​ជាច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​អំពាវនាវ​សុំ​ឲ្យ​បណ្តាញសារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​រក​ម្តាយ​ខ្លួន​ផង បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​គេឯង​ចាប់អារម្មណ៍ អាណិតអាសូរ​គ្រប់គ្នា​។ ដំណឹង​សួររក​ម្តាយ​នេះ ក៏​ធ្វើ​ឲ្យ​មាន​ការចាប់ អារម្មណ៍​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ភ្នំពេញ​ដុតដៃដុតជើង ចេញ​ស្រាវជ្រាវ​ជួយ​រក ជនរងគ្រោះ​ដែល​បាត់​ខ្លួន​ផងដែរ រហូត​យប់​យប់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ អាវុធហត្ថ​ខណ្ឌដូនពេញ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថោង ពិសិដ្ឋ ផ្ទាល់ ដែលជា​មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទល្មើស ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​កំណត់​អង្គហេតុ​នៃ​ករណី​បាត់​ខ្លួន​ខាងលើ សង្ស័យ​ជា​រឿង​ឃាតកម្ម និង​បានកំណត់​អត្តសញ្ញាណ​ជន​សង្ស័យ ឈានទៅ​បំបែក សំណុំរឿង​ជាក់ច្បាស់ ឃាត់ខ្លួន​ជនសង្ស័យ​មក​សួរនាំ​រហូត​ជន​សង្ស័យ​ព្រម​សារភាព​ទទួល​កំហុស ដូច​បាន​រៀបរាប់​ខាងលើ​ថា ​ខ្លួន ​គឺជា​ឃាតក​ពិតប្រាកដ​មែន៕

ដោយ ៖ មករា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114