ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស​ជាប់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ បង្កើន​កិច្ចប្រឹងប្រែង​ដើម្បី​ស្វែងរក​ជនអន្តោប្រវេសន៍​បាត់​ខ្លួន

បណ្តា​ប្រទេស​នៅជាប់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​បាន​និយាយថា ពួកគេ​បាន​ចាត់វិធានការ​ដ៏​សំខាន់​មួយ​ដើម្បី​កំណត់​ជោគវាសនា​របស់​ជន​ចំណាកស្រុក​រាប់ពាន់នាក់​ដែល​ភាគច្រើន​ភៀសខ្លួន​ចេញពី​សង្គ្រាម​របស់​ប្រទេស​ស៊ី​រី​ដែល​បាន​បាត់​ខ្លួន​ខណៈ​ព្យាយាម​ឈានទៅ​ឲ្យ​ដល់​តំបន់​អឺរ៉ុប​។​

​នៅឯ​កិច្ចប្រជុំ​មួយ​របស់​គណៈកម្មការ​អន្ដរជាតិ​សម្រាប់​មនុស្ស​បាត់​ខ្លួន (ICMP) ក្នុង​ទីក្រុង​ឡាអេ​នៅ​សប្តាហ៍​នេះ ប្រទេស​សាយ​ព្រើស ក្រិ​ក​និង​ម៉ា​ល់តា​បាន​សន្យា​សម្របសម្រួល​និង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ដើម្បី​តាមដាន​ជនអន្តោប្រវេសន៍​ជិត​១៨,៥០០​នាក់​ដែល​បាន​បាត់​ខ្លួន​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​ខណៈ​កំពុងធ្វើដំណើរ​ផ្សងគ្រោះថ្នាក់​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។​

​ប្រទេស​អ៊ីតាលី​ដែល​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​លើ​ជន​ចំណាកស្រុក​ក្រោម​ការដឹក​នាំ​របស់​រដ្ឋាភិបាល​ប្រជា​និយម​និង​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក Matteo Salvini គឺ​មិនបាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​ថ្មី​នោះទេ​ដោយសារតែ​អ្វីដែល​ត្រូវបាន ICMP ពណ៌នា​ថា​ជា​បញ្ហា​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​។​

​ប្រទេស​ទាំង​បួន​នេះ​គឺជា​ចំណុច​ដ៏​សំខាន់​នៃ​ការចូលទៅ​តំបន់​អឺរ៉ុប​សម្រាប់​ជនអន្តោប្រវេសន៍​ជាច្រើន​ដែល​ភៀសខ្លួន​ចេញពី​សង្គ្រាម​នៅក្នុង​ប្រទេស​ស៊ី​រី​និង​តំបន់​ផ្សេងៗ​ទៀត​។​

​ព្រះមហា​ក្សត្រិយានី Noor នៃ​ប្រទេស​ហ្សកដានី​ដែល​ស្ថិត​ក្នុងចំណោម​ស្នងការ​បម្រើ​ការងារ​យូរ​ជាងគេ​បំផុត​របស់ ICMP បាន​ប្រាប់ AFP ក្នុង​បទសម្ភាសន៍​មួយ​ថា “​យើង​កំពុង​ចាប់ផ្តើម​ដំណើរការ​មួយ​ដែលមាន​សារៈសំខាន់​ខ្លាំងណាស់​។ ការជួយ​ដល់​ក្រុមគ្រួសារ​និង​សហគមន៍​ដែល​បាត់បង់​សមាជិក​របស់​ពួកគេ​នៅក្នុង​ជម្លោះ​អាចបង្កើត​ផ្លូវ​ទៅរក​ការពិត យុត្តិធម៌​និង​ការផ្សះផ្សា​ឡើងវិញ​”​។​

​ដោយ​កើតចេញពី​ជម្លោះ​ក្នុង​អតីត​យូ​ហ្គោ​ស្លា​វី​និង​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៦​ក្នុង​ទីក្រុង Sarajevo ដោយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក Bill Clinton, ICMP បាន​ប្រើប្រាស់​បច្ចេកវិជ្ជា DNA ដ៏​ទំនើប​ដើម្បី​តាមដាន​មនុស្ស​ដែល​បាត់​ខ្លួន​។​

​វា​បានទទួល​ជោគជ័យ​រួចទៅហើយ​ក្នុងការ​កំណត់​អត្តសញ្ញាណ​ប្រហែល​៧០​ភាគរយ​នៃ​មនុស្ស​ចំនួន​៤​ម៉ឺន​នាក់​ដែល​បាន​បាត់​ខ្លួន​ក្នុង​ជម្លោះ​តំបន់​បាល់​កង់​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០​រួមទាំង​ប្រហែល​៩០​ភាគរយ​នៃ​មនុស្ស​ជិត​៨,០០០​នាក់​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ការសម្លាប់​រង្គាល Srebrenica ឆ្នាំ​១៩៩៥​ផងដែរ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114