ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋាភិបាល​ក្រុង​ហុងកុង​ផ្អាក​សេចក្តីព្រាងច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស

មេដឹកនាំ​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​សៅរ៍​ បាន​និយាយថា សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅកាន់​ប្រទេស​ចិន​ គឺ​នឹងត្រូវ​បាន​ផ្អាក​ដែល​នេះ​ជា​ការ​ចុះចាញ់​ដ៏​ធំ​មួយ​ពី​រដ្ឋាភិបាល​របស់លោក​ស្រី​បន្ទាប់ពី​ការតវ៉ា​មិន​ធ្លាប់មាន​រយៈពេល​មួយ​សប្តាហ៍​។​

​មេដឹកនាំ​គាំទ្រ​ទីក្រុង​ប៉េកាំង​លោកស្រី Carrie Lam បាន​ស្ថិតនៅក្រោម​សម្ពាធ​យ៉ាង​ធំធេង​ឲ្យ​បោះបង់ចោល​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ​ដោយ​រួមទាំង​ពី​សម្ព័ន្ធមិត្ត​និង​អ្នកផ្តល់​ប្រឹក្សា​នយោបាយ​ផ្ទាល់​របស់លោក​ស្រី​ផងដែរ​។​

​លោកស្រី Lam បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​សៅរ៍​ថា “​រដ្ឋាភិបាល​បានសម្រេច​ព្យួរ​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ចាប់ផ្ដើម​ការប្រាស្រ័យ​ទាក់ទង​របស់​យើង​ង​វិញ ធ្វើ​ការងារ​បន្ថែមទៀត​និង​ស្តាប់​ទស្សនៈ​ផ្សេងគ្នា​ពី​សង្គម​”​។​

​លោកស្រី​បន្តថា “​យើង​មិន​មានបំណង​ដាក់​ថ្ងៃ​កំណត់​សម្រាប់​ការងារ​នេះ​ទេ​ហើយ​សន្យាថា​នឹង​រាយការណ៍​និង​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក​នៃ​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​ស្តីពី​សន្តិសុខ​មុនពេល​យើង​សម្រេចចិត្ត​លើ​ជំហាន​បន្ទាប់​ទៀត​”​។​

​កាលពី​ថ្ងៃ​ពុធ មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​មូ​យ​នេះ​ត្រូវបាន​រង្គោះរង្គើ​ដោយ​អំពើហិង្សា​នយោបាយ​ដ៏​អាក្រក់​បំផុត​ចាប់​តាំង​ការប្រគល់​របស់ខ្លួន​ទៅ​ឲ្យ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​១៩៩៧​នៅពេល​អ្នក​តវ៉ា​រាប់ម៉ឺន​នាក់​ត្រូវបាន​បំបែក​ដោយ​ប៉ូលិស​បង្ក្រាប​បាតុកម្ម​ដែល​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់កាំភ្លើង​កៅស៊ូ​។​

​ខណៈដែល​ការរិះគន់​បាន​កើនឡើង​នោះ ក៏មាន​សញ្ញា​លេចឡើង​ផងដែរ​អំពី​ភាពមិន​ស្រួល​ក្នុងចំណោម​អ្នកដឹកនាំ​បក្សកុម្មុយនិស្ត​នៅ​ទីក្រុង​ប៉េកាំង​ហើយ​លោកស្រី Lam បានធ្វើ​សន្និសីទកាសែត​កាលពី​ថ្ងៃ​សៅរ៍​នៅឯ​បរិវេណ​រដ្ឋាភិបាល​ដែលជា​កន្លែង​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​ក្រុមអ្នកតវ៉ា​កាលពីដើម​សប្តាហ៍​នេះ​។​

​កាសែត South China Morning Post បាន​រាយការណ៍​ថា លោកស្រី Lam បានរៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ​កាលពី​យប់​ថ្ងៃ​សុក្រ​ជាមួយ​ទីប្រឹក្សា​របស់លោក​ស្រី​ខណៈ​ក្រុមមន្ត្រី​ចិន​ក៏បាន​ជួបជុំគ្នា​ក្នុង​ទីក្រុង Shenzhen នៅក្បែរនោះ​ផងដែរ​ដើម្បី​រៀបចំ​ផែន​ការរក​ផ្លូវ​ចេញពី​ភាពជាប់គាំង​នេះ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114