ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា ​ប្រារព្ធ​ទិវា​ជាតិ​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឆ្នាំ​២០១៩ លើក​ទី​២

ភ្នំពេញ ​៖ ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បាន​ប្រារព្ធ​ទិវា​ជាតិ​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឆ្នាំ​២០១៩ លើក​ទី​២ ក្រោម​ប្រធានបទ “TVET អាច​ធ្វើ​បាន​” កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ​ ឆ្នាំ​២០១៩​នៅ​អគារ​ពិព័រណ៍​ពាណិជ្ជកម្ម​កោះ​ពេជ្រ​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ពេ​ជ សោភ័ន​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

​ថ្លែង​ក្នុង​ពិធី​បើក​ទិវា​ជាតិ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ លើក​ទី​២ ឆ្នាំ​២០១៩ លោក​បណ្ឌិត​ពេ​ជ​សោភ័ន​ដែលជា​រដ្ឋមន្ត្រី​ស្តីទី​បាន​មានប្រសាសន៍ថា​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ធ្វើការ​ផ្សព្វផ្សាយ ទៅដល់​សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និង​ផ្នែក​ឯកជន​ឲ្យ​បាន​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្នុង​ការជំរុញ​ការអភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ឲ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​ក្នុង និង​ក្រៅ​ស្រុក​។​

​ក្រៅពីនេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​បង្កើន​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ពី​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​។​ផ្សព្វផ្សាយ​ការណែនាំ​មុខជំនាញ​បច្ចេកទេស និង​ព័ត៌មាន​អាហារូបករណ៍ ជំរុញ​ការផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​សិស្សានុសិស្ស យុវជន កម្មករនិយោជិត និង​មហាជន​ទូទៅ ឲ្យ​មើលឃើញ​ពី​តម្លៃ និង​ងាក​មក​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែល​ទីផ្សារការងារ​កំពុងមាន​តម្រូវការ​ខ្ពស់ ព្រមទាំង ការធានា​ជាមុន​សឹងតែ​ពេញលេញ​ក្នុង​ការទទួល​បានការ​ងារ​ធ្វើ​ប្រកបដោយ​ប្រាក់ចំណូល​ល្អ​សមរម្យ ទិវា​ជាតិ​នា​ឆ្នាំនេះ បានធ្វើការ​។​

តាំង​បង្ហាញ​ពី​សមិទ្ធផល​ពី​ស្នា​នុ​វា​នុ​វត្ត​ន៍​និង​ការបង្កើត​ថ្មី​ដែលមាន​ភាពលេច​ធ្លោ​ដោយ​ការប្រើប្រាស់​ការច្នៃប្រឌិត​និង​បច្ចេកវិទ្យា​ថ្មីៗ ដូចជា​រ៉ូ​បូត​ដែលមាន​បញ្ញា​និម្មិត​(AI) កាន់តែ​ខ្ពស់​និង​អាច​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស ដៃ​ដែលជា​ស្នាដៃ​ផ្ទាល់​របស់​សិស្ស និស្សិត​ផ្នែក​អប់រំ​បណ្តុះបណ្តាល​ប​ច្ចេ ក​ទេស និង​វិជ្ជាជីវៈ​។​ជំរុញ​ការផ្លាស់ប្តូរ​ផ្នត់គំនិត​មក​ហា​ជន និង​សិស្សានុសិស្ស​ឲ្យ​ងាក​មក​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែល​ទីផ្សារការងារ​កំពុងមាន​តម្រូវការ​ខ្ពស់​និង​បង្កើត​ទំនាក់ទំនង​រវាង​គ្រឹះស្ថាន​បណ្តុះបណ្តាល ផ្នែក​ឯកជន និង​អង្គការ​ជាតិ អន្តរជាតិ​ជាដើម​។​

​លោក​បាន​បន្តថា​សម្រាប់​ឆ្នាំនេះ​ទទួលបាន​ការគាំទ្រ​និង​ចូលរួម​កាន់តែ​ច្រើនឡើង​ពី​ភាគី​ពាក់ព័ន្ធ​នានា ដោយមាន​បញ្ជរ​សរុប​ចំនួន ៧២ ហើយ​ត្រូវប៉ាន់​ស្មាន​ជាមុន​ថា​នឹងមាន​អ្នកចូលរួម​ប្រមាណ​ជាង ៣​ម៉ឺន​នាក់​។

​ ​លោក​បាន​បន្ថែមថា​ទិវា​ជាតិ​នេះ គឺជា​សកម្មភាព​មួយ​ដ៏​សំខាន់ ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ផ្សេងៗ​ទៀត​ដែល​ក្រសួង​ការងារ​បាន​នឹង​កំពុង​ខិតខំ​ផ្តួចផ្តើម​សម្របសម្រួល​និង​ធ្វើឡើង​ជាមួយ​ភាគី​ពាក់ព័ន្ធ សំដៅ​លើកកម្ពស់​ការយ​ល់​ដឹង​ពី​តួនាទី​ដ៏​សំខាន់​ចាំបាច់​នៃ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​បច្ចុប្បន្ន និង​ទៅ​អនាគត ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ឈានចូល​ទីផ្សារការងារ​ដោយ​ងាយស្រួល ឆាប់រហ័ស និង​ទទួលបាន​ប្រាក់ចំណូល​កាន់តែ​ខ្ពស់​នៅក្នុង​ស្ថានភាព​ទីផ្សារការងា​រ​បច្ចុប្បន្ន និង​ទៅ​អនាគត​។​

លោក​បាន​បញ្ជាក់ថា ជាពិសេស ចំពោះ​ក្មួយៗ​សិស្ស និស្សិត និង​យុវជន​ដែល​នៅក្នុង​ដំណាក់កាល​នេះ ក្មួយៗ​តែងតែ​ព្រួយបារម្ភ​អំពី​ថា​តើ​គួរ​ត្រូវ​សិក្សា​ជំនាញ​អ្វី​? នៅ​កន្លែង​ណា​? តើ​ការងារ​ប្រភេទ​អ្វីដែល​ក្មួយ នឹង​ត្រូវធ្វើ​នាពេលខាងមុខ​? ទិវា​ជាតិ​នេះ ដែល​ប្រមូលផ្តុំ​នូវ​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ ដូចជា​គ្រឹះស្ថាន​ផ្តល់​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ និយោជក ក្រុមហ៊ុន​ឯកជន និង​វាគ្មិន​ជំនាញ​សំខាន់ៗ ដែល​នឹង​ផ្តល់ឱកាស​ងាយស្រួល​ដល់​ក្មួយៗ ក្នុង​ទទួលបាន​នូវ​ព័ត៌មាន បទពិសោធន៍ និង​មគ្គទេសក៍​អំពី​ការអប់រំ​បណ្តុះបណ្តាល និង​អាជីព​ដែល​អាចជួយ​ក្មួយៗ​ឱ្យ​រកឃើញ​នូវ​ច្រក​ផ្លូវ​ផ្សេងៗ​គ្នា ហើយ​ធ្វើការ​សម្រេចចិត្ត​កាន់តែ​បាន​ប្រសើរ​ចំពោះ​ជោគវាសនា​អនាគត​របស់ខ្លួន​។​

​ ​លោក​បណ្ឌិត​ពេ​ជ​សោភ័ន​បាន​បន្ថែមថា​តាមពិត​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដើរតួ​នាទី​សំខាន់​ណាស់​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​របស់​ប្រទេស ព្រម​ការបង្កើត​និង​ទទួលបាន​ការងារ​ធ្វើ​កាន់តែ​ល្អ និង​ការជំរុញ​លើកកម្ពស់​ជីវភាព​កាន់តែ​ប្រសើរឡើង​សម្រាប់​ប្រជាពលរដ្ឋ​ម្នាក់ៗ​។

​ ​តែ​យ៉ាងណាក៏ដោយ​លោក​បណ្ឌិត​រដ្ឋលេខាធិការ​​​ប្រចាំការ​ទទួល​ស្គាល់ថា​នាពេល​បច្ចុប្បន្ន មហាជន​ភាគច្រើន ក៏ដូចជា​សិស្សានុសិស្ស និង​អាណាព្យាបាល នៅ​ពុំ​ទាន់​មានការ​យល់ដឹង​ច្បាស់​ពី​សារៈប្រយោជន៍ និង​ផ្តល់​តម្លៃ​ខ្ពស់​ដល់​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នោះ ទេ​។​

លោក​បាន​ពន្យល់​ថា​ ការអប់រំ​ទូទៅ​គ្រាន់តែ​ផ្តល់នូវ​មូលដ្ឋាន ឬ​ជា​ការ​ចាប់ផ្តើម​តែប៉ុណ្ណោះ​។ តួនាទី​បន្ទាប់​គឺ​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ត្រូវ​ធ្វើ​ការ​បំពាក់ និង​អភិវឌ្ឍ​ជំនាញ​និង​សមត្ថ​ភាពជា​បន្តបន្ទាប់​ពេញ​មួយ​ជីវិត​ការងារ សំដៅ​បំពេញ​ទៅនឹង​តម្រូវការ​ការងារ​និង​អាជីព​ក្នុង​ទីផ្សារ​ការងារ​ប​ច្ចុន្ន និង​ទៅ​អនាគត ដើម្បី​ឆ្លើយ​តប​បាន​ទៅ​នឹង​ការ​ការប្រែប្រួល​តម្រូវ​កា​រ​ជំនាញ និង​ការ​ផ្លាស់ប្តូរ​ការងារ ស្របតាម​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​ក្តី​ប្រាថ្នា​កាន់តែ​ខ្ពស់​ឡើង​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ៕

ដោយ ៖ សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114